អ្នកបើកបរប្រាប់មូលហេតុ ករណីកុងតឺន័របុ.កឡើងសួនពុះចែកទ្រូងផ្លូវ បុករះបង្គោលភ្លើង និងស្លាកប៉ាណូ ផ្អើលមុខផ្សារត្រពាំងថ្លឹង
- ភ្នំពេញ
រាជធានីភ្នពេញ៖ រថយន្តដឹកទូកុងតឺន័រ១គ្រឿង បើកបរក្នុងល្បឿនលឿនគួរសមដែរ ហើយបានរេចង្កូតបុកឡើងលើសួនពុះចែកទ្រូងផ្លូវ រួចបុករះបង្គោលភ្លើងបំភ្លឺផ្លូវ និងស្លាកប៉ាណូបណ្ដាលឲ្យបាក់ដួលរាបដល់ដីអស់ជាច្រើនដើម ។ ពេលនោះរថយន្តខាងលើក៏បានរងការខូចខាតកាងមុខនិងមុខចំហៀងខាងឆ្វេង ចំណែកសួនពុះចែកទ្រូងផ្លូវបានរងការខូចខាតអស់ជាច្រើនម៉ែត្រផងដែរ ប៉ុន្តែសំណាងហើយដែលពុំមានគ្រោះថ្នាក់ដល់អ្នកដំណើរតាមដងផ្លូវ ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១០ ខែមុថុនា ឆ្នាំ២០២៦ នៅលើមហាវិថីចោមចៅ(ផ្លូវវ៉េងស្រេង) ត្រង់ចំណុចមុខផ្សារត្រពាំងថ្លឹង ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សាក្សីនៅកន្លែងកើតហេតុបាននិយាយថា រថយន្តខាងលើម៉ាកFUSO ពណ៍បៃតងឆ្នូតលឿងលាយក្រហម ក្បាលពាក់ស្លាកលេខព្រះសីហនុ3A-2992 និងកន្ទុយរ៉ឺម៉កពាក់ស្លាកលេខ4B-0591 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ។ ដោយឡែកចំណុចកើតហេតុខាងលើគឺជាទីប្រជុំជន ដែលមានអ្នកដំណើរ ធ្វើចរាចរទៅមកច្រើនផងដែរ ហើយនៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តខាងលើ បើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនគួរសមដែរ ។
សាក្សីដដែលបាននិយាយបន្តទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតបុកឡើងសួនពុះចែកទ្រូងផ្លូវ រួចបុកបង្គោលភ្លើងបំភ្លឺផ្លូវ១ និងបង្គោលស្លាកប៉ាណូ២ដើមបាក់រាបដល់ដី រីឯបង្គោលស្លាកប៉ាណូ១ដើមទៀតទ្រេត ។ ចំណែករថយន្តខាងលើក៏បានរងការខូចខាតក្រពឹតកាងមុខ និងមុខចំហៀងខាងឆ្វេង ចំណែកសួនពុះចែកទ្រូងផ្លូវក៏បានរងការខូចខាតអស់ជាច្រើនម៉ែត្រដែរ ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់អ្នកដំណើរតាមដងផ្លូវឡើយ ។
ទាក់ទងទៅនិងហេតុការណ៍នោះដែរ បុរសដែលជាអ្នកបើកបររថយន្តខាងលើបាននិយាយប្រាប់គេឯងថា នៅខណៈពេលដែលគាត់បើករថយន្តនោះទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនចាំម៉ាក១គ្រឿង បើកចេញពីផ្សារត្រពាំងថ្លឹង ក្នុងទិសដៅពីត្បូងទៅជើង ឆ្លងផ្លូវកាត់ពីមុខ ។ ខណៈនោះបានធ្វើឲ្យគាត់វាក់រួចខំកាច់ចង្កូតគេចចេញ ទើបរេចង្កូតទៅបុកឡើងទៅលើសួនពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើង ព្រមទាំងបង្គោលស្លាកប៉ាណូបែបនេះតែម្ដងទៅ ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី១ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅសម្រួលចរាចរមិនឲ្យកកស្ទះ រួចរាយការណ៍ជូននគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យនាំយករថយន្តខាងលើទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕













ចែករំលែកព័តមាននេះ