ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គលេខា​ធិការ UN អំពាវ​នាវ​​ឱ្យ​បិទ​បញ្ចប់​អំពើ​ហិង្សា​គ្រប់​ប្រភេទ​នៅ​តំបន់​មជ្ឈិម​បូព៌ា

2 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោ​កហ្គូតេរ៉េស ប្រកាស​ថា​លោក​មាន​ចិត្ត​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នឹង​ការ​កើត​មាន​ឡើង​ជា​ថ្មី​នូវ​អំពើ​ហិង្សា​នៅ​តំបន់​មជ្ឈិម​បូព៌ា​។ លោក​សូម​អំពាវ​នាវ​ឱ្យ​អ៊ី​ស្រា​អែល​បើក​ច្រក​ចេញ​ចូល​នៅ​តំបន់​ហ្កាហ្សា​ឡើង​វិញ​។ លោក​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​រាល់​ការ​វាយ​ប្រហារ​ទាំង​អស់​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​។ បទ​ឈប់​បាញ់​នៅ​ប្រទេស​លីបង់​, អ៊ីរ៉ង់ និង​តំបន់​ហ្កា​ហ្សា​​ត្រូវ​តែ​​បន្ត​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​។

អ៊ីស្រា​អែល​បាន​វាយ​ប្រហារ​គោល​ដៅ​ជា​ច្រើន​នៅ​ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ចន្ទ។ នោះ​ជា​ករណី​ដំបូង​ចាប់​តាំង​ពី​មាន​បទ​ឈប់​បាញ់​កាល​ពី​ខែ​មេសា​។ មូល​ហេតុ​ដែល​អ៊ីស្រា​អែល​វាយ​ប្រហារ​ដោយ​សារ​អ៊ីរ៉ង់​បាញ់មីស៊ីល​ជា​ច្រើន​គ្រាប់​ដាក់​អ៊ីស្រា​អែល​ក្រោម​ហេតុ​ផល​ថា​អ៊ីស្រាអែល​នៅ​តែ​បន្ត​វាយ​ប្រហារ​ចូលរដ្ឋ​ធានី​បេរូត​នៃ​ប្រទេស​លីបង់​។ ​ទាំង​អ៊ីស្រា​អែល និង​អ៊ីរ៉ង់​អំពាវ​នាវ​ឱ្យ​បិទ​បញ្ចប់​ការ​វាយ​​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មកបន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ប្រាប់​ពួកគេ​ឱ្យ​បញ្ឈប់​ការ​បាញ់​ប្រហារ​។ ប៉ុន្តែ​ប្រទេស​ទាំង​២​នៅ​តែ​ប្រកាស​ថា​នឹង​បន្ត​ការ​វាយ​ប្រហារ​ជាថ្មី​ប្រសិន​បើ​ភាគី​ម្ខាង​ទៀត​រំលោភ​បទ​ឈប់​បាញ់​។

នោះ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ផ្ទាល់​ដ៏​ខ្លាំង​ក្លា​បំផុត​រវាង​ប្រទេស​ទាំង​២​ចាប់​តាំង​ពី​ខែ​មេសា​ ហើយ​វា​បង្ក​ការ​រំខាន​យ៉ាង​ខ្លាំង​​​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីន​តោន​ដើម្បី​ចរ​ចា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​អ៊ីរ៉ង់​។ លោក​ហ្គូតេរ៉េស​ក៏​បាន​អំពាវ​នាវ​ឱ្យ​អ៊ីស្រា​អែល​បើក​ច្រក​ចេញ​ចូល​ដែល​ខ្លួន​បាន​បិទ​នៅ​តំបន់​ហ្កា​ហ្សា​។ លោក​ថា​ធ្វើ​ដូច្នេះ​ដើម្បី​អនុញ្ញាត​ឱ្យ​ជំនួយ​​មនុស្ស​ធម៌​អាច​ដឹក​ចូល​តំបន់​ហ្កាហ្សា​។ លោក​ថា​លោក​ក៏​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង​ផង​ដែរ​ដែល​អ៊ីស្រា​អែល​សម្រេច​ចិត្ត​បិទ​ច្រក​ចេញចូល​តំបន់​ហ្កា​ហ្សា​។ អគ្គ​លេខា​ធិការ​ UN រូប​នេះ​បញ្ជាក់​ជា​ថ្មី​ថា​ត្រូវ​តែ​បើក​ច្រក​ចេញ​ចូល​ជា​បន្ទាន់​ដើម្បី​ធានា​ការ​ដឹក​ជំនួយ​មនុស្ស​ធម៌​នៅ​ទូទាំង​តំបន់​ហ្កា​ហ្សា​។

បទ​ឈប់​បាញ់​រវាង​អ៊ីស្រា​អែល​ និង​ក្រុម​ហាម៉ាស់​ដែល​សម្រប​សម្រួល​ដោយ​អាមេរិកនៅ​ជា​ធរមាន​នៅ​ឡើយ​ទេ​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០២៥​។ ក្នុង​នោះ​ មាន​ចំណុច​មួយ​និយាយ​អំពី​ការ​ធានា​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​។ អ៊ីស្រា​អែល​ និង​ក្រុម​ហាម៉ាស់​តែង​តែ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ជា​អ្នក​រំលោភ​បទ​ឈប់​បាញ់​។ ចាប់​តាំង​ពី​មាន​បទ​ឈប់​បាញ់​មក អ៊ីស្រា​អែល​វាយ​ប្រហារ​ស្លាប់​ជន​ជាតិ​ប៉ាឡេស្ទីន​៩៥០​នាក់​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អាជ្ញា​ធរ​សុខា​ភិបាល​ប៉ាឡេស្ទីន​៕ ប្រភព៖ Reuters​