ទីក្រុងឌុយបៃ៖ ឧទ្ធម្ភាគចក្រម៉ាកអាប៉ាឈី (Apache) មួយគ្រឿងរបស់អាមេរិកទើបតែធ្លាក់នៅក្បែរច្រកសមុទ្រហ័រម៉ូស។ ប៉ុន្តែលោកដូណាល់ត្រាំអះអាងថាបុគ្គលិក២នាក់ដែលជិះនៅលើនោះមិនបានរងរបួសទេ។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថាតើឧបទ្ទវហេតុនេះបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដទេនៅក្នុងកាលៈទេសៈដែលអ៊ីរ៉ង់ និងអ៊ីស្រាអែលទើបតែបាញ់គ្នាទៅវិញទៅមកកាលពីមួយថ្ងៃមុននេះ។ នោះជាការទះមួយកំផ្លៀងយ៉ាងដំណំទៅលើបទឈប់បាញ់ដ៏ផុយស្រួយ។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ផ្សាយថាការវាយប្រហារបស់អ៊ីស្រាអែលបានសម្លាប់មនុស្សពីរនាក់ជាសមាជិកកងឯកភាពការពារដែនអាកាស។

ចាប់តាំងពីសង្គ្រាមដែលផ្ដួចផ្ដើមឡើងដោយអាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈនោះ ស្ថានភាពសេដ្ឋកិច្ចរបស់ពិភពលោកចាប់ផ្ដើមរង្គោះរង្គើ តម្លៃថាមពលហក់ឡើងខ្ពស់ និងទំនិញជាមូលដ្ឋានរួមមានស្បៀងអាហារជាដើមឡើងថ្លៃ។ មន្ត្រីរដ្ឋាភិបាលអាមេរិក និងអ៊ីរ៉ង់មិនទាន់អាចប្រែក្លាយបទឈប់បាញ់កាលពីខែមេសានោះទៅជាកិច្ចព្រមព្រៀងដ៏មាំទាំមួយដើម្បីបិទបញ្ចប់សង្គ្រាមនេះជាស្ថាពរនៅឡើយទេ។ ជាពិសេស ពិបាកនឹងមានកិច្ចព្រមព្រៀងណាស់នៅពេលអ៊ីស្រាអែលពង្រីកយុទ្ធនាការយោធារបស់ខ្លួនចូលទៅក្នុងប្រទេសលីបង់ដើម្បីតាមប្រមាញ់ក្រុមហេសបូឡា។

លោកត្រាំទទួលស្គាល់អំពីឧបទ្ទវហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនៅពេលលោកថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិចន អែហ្វ កេណ្ណឺឌី នៃទីក្រុងញូយ៉ក។ លោកថាអាកាសយានិកទាំង២នាក់នោះមានសុវត្ថិភាពល្អ។ គ្មាននរណាម្នាក់រងរបួសទេ។ យើងនឹងចេញរបាយការណ៍មួយនៅថ្ងៃស្អែក។ ហេតុការណ៍នោះកើតឡើងនៅវេលាម៉ោង៣:៣០ទៀបភ្លឺនៅតំបន់ឆ្នេរសមុទ្រអូម៉ង់នៅពេលពួកគេបើកល្បាត។ នេះបើយោងតាមបញ្ជាការដ្ឋានកណ្ដាលនៃកងទ័ពអាមេរិក។

បុគ្គលិកទាំង២នាក់នោះត្រូវគេជួយសង្គ្រោះនៅក្នុងរយៈពេល២ម៉ោងក្រោយហេតុការណ៍នោះ ហើយសុខភាពរបស់ពួកគេមានលំនឹងល្អជាធម្មតា។ ឧទ្ធម្ភាគចក្រម៉ាក់អាប៉ាឈី AH-64 ជាអាវុធយុទ្ធភ័ណ្ឌសំខាន់សម្រាប់យោធាអាមេរិកព្រោះវាជួយពង្រឹងការអនុវត្តវិធានការបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ទទួលយកកិច្ចព្រមព្រៀងសន្តិភាព។ ឧទ្ធម្ភាគចក្រប្រភេទនេះក៏ត្រូវបានប្រើប្រាស់ផងដែរដោយប្រទេសអារ៉ាប់រួមដើម្បីបាញ់ទម្លាក់ដ្រូនរបស់អ៊ីរ៉ង់កាលពីពេលមានសង្គ្រាមអ៊ីរ៉ង់៕ ប្រភព៖ AP
ចែករំលែកព័តមាននេះ