ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ខ្មែរ​ធ្វើ​បាន! សិស្ស NPIC មាន​សមត្ថភាព​ផលិត​ម៉ាស៊ីន​តាមដាន​គុណភាព​ខ្យល់ និង​បរិស្ថាន​ សម្រាប់​បំពាក់​នៅ​ក្នុង​ទីតាំង​ឧស្សាហកម្ម

12 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ យុវជន​កម្ពុជា​ដែល​កំពុង​សិក្សា​ជំនាញ​បច្ចេកទេស​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) បាន​បង្ហាញ​ស្នាដៃ​ថ្មី​មួយ​គួរ​ឱ្យ​ចាប់អារម្មណ៍​តាម​រយៈ​ការ​បង្កើត Air Quality Monitoring Device ឬ​ឧបករណ៍​វាស់ និង​តាមដាន​គុណភាព​ខ្យល់ ដែល​អាច​ជួយ​ត្រួតពិនិត្យ​បរិយាកាស និង​ជូនដំណឹង​អំពី​ហានិភ័យ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​បរិស្ថាន ​។

យុវជន ខាត់ ស៊ុន​សំណាង រៀន​ជំនាញ​អេ​ឡិច​ត្រូ​និក​បានឱ្យ​ដឹង​ថា តាម​រយៈ​ម៉ា​ស៊ី​នេះ ក្រោយ​ពី​ស្កេ​ន QR Code អ្នក​ប្រើប្រាស់​អាច​មើលឃើញ​ទិន្នន័យ​អំពី​គុណភាព​ខ្យល់​ដោយ​ផ្ទាល់​នៅ​លើ​ទូរ​សព្ទ​ដៃ​។ យុវជន​រូប​នេះ​បញ្ជាក់​ថា ឧបករណ៍​នេះ​ត្រូវ​បាន​រចនា ផលិត និង​អភិវឌ្ឍ​ទាំង​ផ្នែក Hardware និង Software ដោយ​ខ្លួនឯង រួម​ទាំង Web Interface សម្រាប់​បង្ហាញ​ទិន្នន័យ​ផង​ដែរ ​។

យុវជន​រូប​នេះ​បន្ថែម​ថា ឧបករណ៍​នេះ​មាន​សមត្ថភាព​វាស់​ស្ទង់​ទិន្នន័យ​សំខាន់​ៗ​ជា​ច្រើន ដូច​ជា កម្រិត​ភាគល្អិត​ធូលី PM10 ឧស្ម័ន​កាបូនឌីអុកស៊ីត​(CO₂) សីតុណ្ហភាព សំណើម និង​ប៉ារ៉ាម៉ែត្រ​ផ្សេង​ៗ​ទៀត​។ ទិន្នន័យ​ទាំងនេះ​អាច​ត្រូវ​បាន​បង្ហាញ​ភ្លាម​ៗ​នៅ​លើ​ទូរ​សព្ទ​ដៃ ឬ​កុំព្យូទ័រ តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​ដែល​ក្រុម​សិស្ស​បាន​អភិវឌ្ឍ​ដោយ​ខ្លួនឯង​ ។

សម្រាប់​លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​ថា ឧបករណ៍​នេះ​អាច​ជួយ​ត្រួតពិនិត្យ​ស្ថានភាព​បរិយាកាស និង​ជូនដំណឹង​នៅ​ពេល​គុណភាព​ខ្យល់ ឬ​សីតុណ្ហភាព​ឈាន​ដល់​កម្រិត​ដែល​អាច​បង្ក​ហានិភ័យ​។ បន្ថែម​ពី​នេះ ឧបករណ៍​នេះ​អាច​យក​ទៅ​ប្រើប្រាស់​បាន​ទូលំទូលាយ​នៅ​តាម​រោងចក្រ សហគ្រាស ស្ថាប័ន​សាធារណៈ ឬ​ទីតាំង​ផ្សេង​ៗ ដែល​មាន​តម្រូវការ​តាមដាន​គុណភាព​ខ្យល់​។

លោក​បញ្ជាក់​ថា ​៖ «​ស្នាដៃ​នេះ ជា​ភស្តុ​តាង​បង្ហាញ​ពី​សមត្ថភាព​របស់​យុវជន​កម្ពុជា ក្នុង​ការ​បង្កើត និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​ពឹងផ្អែក​ទាំងស្រុង​លើ​បច្ចេកវិទ្យា​បរទេស​។ ស្នាដៃ​របស់​ក្រុម​សិស្ស NPIC ដែល​ភាគច្រើន​មាន​វ័យ​ត្រឹម​ជាង ២០​ឆ្នាំ​នេះ បាន​បង្ហាញ​ថា ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កំពុង​រួមចំណែក​បង្កើត​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព​ឆ្លើយ​តប​នឹង​តម្រូវការ​បច្ចេកវិទ្យា​ទំនើប និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​នៅ​កម្ពុជា​»​ ។

បើ​តាម​លោក ស៊ុន មេ​សា ការ​បង្កើត Air Quality Monitoring Device មិន​ត្រឹមតែ​ជា​ស្នាដៃ​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​មោទនភាព​មួយ​ដែល​បង្ហាញ​ថា យុវជន​ខ្មែរ​អាច​ស្រាវជ្រាវ ច្នៃប្រឌិត និង​បង្កើត​ដំណោះស្រាយ​បច្ចេកវិទ្យា​សម្រាប់​បម្រើ​សង្គម និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​បាន​ដូច​បណ្តា​ប្រទេស​ជឿនលឿន​ផង​ដែរ​ ៕ (អត្ថបទ ៖ សហការ)