ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ

11 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថា​ញ់​មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ចូលរួម​វេទិកា​អនាគត​អាស៊ាន លើក​ទី​៣ (3rd ASEAN Future Forum-AFF) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨-៩ ខែមិថុនា ឆ្នាំ​២០២៦ នា​រដ្ឋធានី​ហាណូយ​ ។

ក្នុង​ឱកាស​នៃ​ជំនួប​ ឯកឧត្តម​ប្រធានរដ្ឋសភា បាន​សម្ដែង​នូវ​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​ថា​ម​វ័​ន្ត និង​ការ​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ច្រើន​របស់​កម្ពុជា​លើ​គ្រប់​វិស័យ និង​ជឿជាក់​ថា ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​ កម្ពុជា​នឹង​បន្ត​សម្រេច​បាន​នូវ​លទ្ធផល​ជោគជ័យ និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ​។

ឯកឧត្តម​ក៏​បាន​សម្ដែង​នូវ​ការ​គាំទ្រ​ដល់​ការ​ឯកភាព​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ដោយ​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ភាគី​វៀតណាម​បន្ត​ជំរុញ​ការ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង ដែល​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក ព្រមទាំង​សម្ដែង​នូវ​សុទិដ្ឋិនិយម​ថា កិច្ច​សហប្រតិបត្តិការ​វៀតណាម​-​កម្ពុជា​នឹង​ត្រូវ​បាន​បន្ត​លើកកម្ពស់​បន្ថែម​ទៀត​ ។

ឯកឧត្តម​ប្រធានរដ្ឋសភា​ក៏​បាន​សម្ដែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ ​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​គូសបញ្ជាក់​អំពី​ការ​បន្ត​ជំរុញ ​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹង​មាំ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​អន្តរជាតិ​ ។

ជា​ការ​ឆ្លើយ​តប​ សម្ដេច​ធិ​បតី បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព នៃ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម និង​ជឿជាក់​ថា ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម និង​រដ្ឋាភិបាល​វៀតណាម​ ប្រទេស​វៀតណាម​នឹង​ឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ​សហស្សវត្ស​រ៍ទាំង​ពីរ នៅ​ឆ្នាំ២០៣០ និង ឆ្នាំ​២០៤៥​ ។

ជាមួយ​គ្នា​នេះ​ សម្ដេច​ធិ​បតី​ក៏​បាន​សម្ដែង​ នូវ​ការ​ពេញចិត្ត​ចំពោះ​កិច្ច​សហ​ប្រត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ ​នៃ​ប្រទេស​ទាំង​ពីរ តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​ដំណើរ​ទស្សនកិច្ច​គ្រប់​កម្រិត និង​ការ​ជួប​ពិភាក្សា​គ្នា​ជា​ញឹកញាប់​រវាង​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិ​ប្ប​ញ្ញាតិ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​វេទិកា​អន្តរជាតិ​នានា ដែល​ការណ៍​នេះ បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ពូន​ជ្រំ និង​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ​។

សម្ដេច​ធិ​បតី និង​ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម ក៏​បាន​ពិភាក្សា និង​ផ្លាស់​ប្ដូរ​យោបល់​គ្នា សំដៅ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ លើ​វិស័យ​សំខាន់​ៗ រួម​មាន ​៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​, នយោបាយ​, សន្តិសុខ និង​ការពារ​ជាតិ​, អប់រំ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, ទេសចរណ៍​, វប្បធម៌​, និង​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ជា​ពិសេស​ចំណុច​ត​ភ្ជាប់​រវាង​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត និង​គម្រោង​ផ្លូវ​ល្បឿន​លឿន​ហូ​ជី​មិ​ញ​-​ម៉ុ​ក​បៃ​, កា​រត​ភ្ជាប់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក ព្រមទាំង​ការ​ពង្រីក​ជើងហោះហើរ​បន្ថែម​ទៀត រវាង​ប្រទេស​ទាំង​ពីរ ​។

មុន​នឹង​បញ្ចប់​ សម្តេច​ធិ​បតី និង​ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម បាន​ឯកភាព​គ្នា​ថា ប្រទេស​ទាំង​ពីរ​នៅ​តែ​មាន​សក្កា​នុ​ពល និង​កាលានុវត្តភាព​ជា​ច្រើន​ទៀត ដែល​អាច​បំពេញ​ឱ្យ​គ្នា និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ជាតិ និង​ប្រជាជន​ទាំង​ពីរ​ ៕