មន្ត្រីជាន់ខ្ពស់មួយរូបរបស់មជ្ឈមណ្ឌលប្រឆាំងនឹងសារធាតុញៀន បានអំពាវនាវសុំឲ្យមានភាពបត់បែនបន្ថែមទៀតនៅក្នុងវិធីដែលអាជ្ញាធរពាក់ព័ន្ធដោះស្រាយជាមួយបណ្តាអត្តពលិកដែលគេរកឃើញថាបានប្រើប្រាស់សារធាតុញៀន ដោយភាពបត់បែននៃវិធីដោះស្រាយគួរតែចាប់ផ្តើមពីព្រឹត្តិការណ៍អូឡាំពិកក្រុងឡុងដ៍ឆ្នាំ២០១២តទៅ។
លោកម៉ៃឃើល ស្តាវ ប្រធានផ្នែកវិទ្យាសាស្ត្រនិងឱសថសាស្ត្រនៅមជ្ឈមណ្ឌលប្រឆាំងសារធាតុញៀនចក្រភពអង់គ្លេសពុំជឿថា សារធាតុដូចជា«កូកាអ៊ីច និងអិកស្តាស៊ី»ត្រូវបានរាប់ចូលដូចគ្នានឹងបណ្តាថ្នាំបង្កើនកម្លាំងដទៃទៀតទេ។ លោកស្តាវបានថ្លែងប្រាប់កាសែតThe Timesថា៖«ប្រភេទថ្នាំដែលមានឥទ្ធិពលលើផ្លូវចិត្តទាំងនេះពិតជាស្ថិតនៅក្នុងការហាមឃាត់ ក៏ប៉ុន្តែយើងគួរតែមានភាពបត់បែននៅក្នុងការដាក់ទណ្ឌកម្ម»។
ប៉ុន្តែលោកស្រីដេមហ្គ្រេ ថំសុន ដែលជាសមាជិកាម្នាក់នៅក្នុងសមាគមអត្តពលិកអង់គ្លេសយល់ថា ការបន្ធូរបន្ថយទណ្ឌកម្មស្មើនឹងការបញ្ជូនសញ្ញាអវិជ្ជមានទៅកាន់សាធារណជននិងកីឡាករ-កីឡាការិនីក្មេងៗស្រករក្រោយ។ លោកស្រីបានថ្លែងថា៖«ខ្ញុំពិតជាយល់ពីមូលហេតុដែលមជ្ឈមណ្ឌលប្រឆាំងសារធាតុញៀនចក្រភពអង់គ្លេសចង់ញែកពីភាពខុសគ្នារវាងថ្នាំផ្លូវចិត្តនិងថ្នាំបង្កើនកម្លាំង ប៉ុន្តែក្នុងនាមជាអត្តពលិកម្នាក់ដែលស្ថិតនៅក្នុងភ្នែកមហាជន គេគួរតែមានការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន»។ លោកស្រីបានបន្ថែមថា៖«ថ្នាំណាក៏ដោយគឺសុទ្ធតែមិនល្អ។ គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកយើងចង់ឃើញអត្តពលិកអង់គ្លេសត្រូវជាប់បម្រាមនោះទេ»។
យ៉ាងណាក៏ដោយ មានសំណើមួយចំនួនដែលសុំឲ្យមានការអនុញ្ញាតដើម្បីបានប្រើប្រាស់បំពង់ឆ្ពុងរោគហឺតក៏ត្រូវបានគេដាក់ជូនហើយដែរ ហើយប្រតិភូប្រឆាំងសារធាតុញៀនពិភពលោកនឹងជួបប្រជុំគ្នានៅក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដានៅខែក្រោយនេះ។ ប្រសិនជាគណៈប្រតិភូទាំងអស់បោះឆ្នោតដើម្បីផ្លាស់ប្តូរមែននោះការអនុវត្តនឹងធ្វើចំពេលប្រកួតអូឡាំពិកក្រុងឡុងដ៍តែម្តង។ គេនៅចាំបានថា កាលពីខែមិថុនាកន្លងមក ប្រធានមន្ទីរពិសោធន៍ប្រឆាំងសារធាតុញៀនព្រឹត្តិការណ៍អូឡាំពិកក្រុងឡុងដ៍ឆ្នាំ២០១២ បានធ្វើការព្រមានរួចជាស្រេចហើយដល់បណ្តាអត្តពលិកទាំងឡាយដែលមានបំណងប្រើប្រាស់សារធាតុហាមឃាត់ក្នុងពេលប្រកួតព្រឹត្តិការនេះនៅឆ្នាំ២០១២។
បន្ទាប់ពីបញ្ចប់ការប្រជុំបូកសរុបរបស់WADAកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមិថុនាលោកដេវីដ ខូវ៉ានបានបញ្ជាក់ថា៖ «ប្រសិនជាអស់លោកជាអ្នកប្រើប្រាស់សារធាតុញៀន សូមកុំមកកាន់ទីក្រុងឡុងដ៍អី ដ្បិតយើងខ្ញុំនឹងចាប់អស់លោកអ្នក»។ លោកខូវ៉ាន គឺជាអ្នកដឹកនាំមជ្ឈមណ្ឌលត្រួតពិនិត្យសារធាតុញៀនKing’s College London ជាមន្ទីរពិសោធន៍តែមួយគត់នៅអង់គ្លេសដែលទទួលបានក្រេឌីតពីWADA។ លោកបានបន្តថា៖«គណៈកម្មាធិការអូឡាំពិកពិភពលោក(IOC)មានគម្រោងធ្វើតេស្តរាល់បណ្តាអត្តពលិកដែលមកចូលរួមការប្រកួតនៅក្រុងឡុងដ៍ឆ្នាំ២០១២ឲ្យបានខ្លាំងជាងពីពេល មុនៗ។ អ្វីដែលខ្ញុំអាចប្រាប់អស់លោកអ្នកបាន(បណ្តាអត្តពលិក)គឺថា ក្នុងពេលប្រកួតអូឡាំពិកក្រុងប៉េកាំង គេបានរកឃើញអត្តពលិកប្រើសារធាតុហាមឃាត់ចំនួន៥.០០០ករណី។ ដូច្នេះខ្ញុំជឿថា ការប្រកួតនៅឆ្នាំ២០១២ខាងមុខនេះចំនួនខាងដើមប្រាកដជាកើនឡើង គ្រាន់តែខ្ញុំមិនដឹងថាមានប៉ុន្មាន»។
មានអត្តពលិកប្រមាណជាង១០.០០០នាក់ដែលគេសង្ឃឹមថានឹងទៅចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុងឡុងដ៍ឆ្នាំ ២០១២។ លោកខូវ៉ាននឹងមានការជួយពីបណ្តាមន្ត្រីជាន់ខ្ពស់៩រូបរបស់WADA ខណៈការប្រកួតកំពុងដំណើរការ។ លោកខូវ៉ានបានបន្ថែមថា៖ «បញ្ហាដែលត្រូវប្រឈមជាសំខាន់ក្នុងអំឡុងការប្រកួត គឺត្រូវដោះស្រាយការកំណត់ពេលវេលាឱ្យបានត្រឹមត្រូវ។ ផ្តល់ពេលឱ្យខ្ញុំ២សប្តាហ៍ នោះរឿងអ្វីៗនឹងដំណើរការទៅយ៉ាងងាយស្រួល។ ប៉ុន្តែបើមានបញ្ហាច្រើនកើតឡើងក្នុងពេលជាមួយគ្នា នោះជាពេលដែលខ្ញុំត្រូវការជំនួយជាចាំបាច់» ៕
ចែករំលែកព័តមាននេះ