ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យលេង ៤សន្លឹកហើយ បានជាឈ្នះមិនឈប់​

18 ម៉ោង មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖​ ដំណើរការ​ដេញថ្លៃ​គម្រោង​សាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​ក្នុង​ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង កំពុង​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មជ្ឈដ្ឋាន​មហាជន និង​អ្នក​ទទួល ការ​លទ្ធកម្ម ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​កែប្រែ​ទិន្នន័យ​តម្លៃ​ទឹកប្រាក់ «​ពី​អ្នក​ឈ្នះ​ទៅ​ជា​អ្នក​ចាញ់ ពី​អ្នក​ចាញ់​ទៅ​ជា​អ្នក​ឈ្នះ​» យ៉ាង​ក្រឡាប់ចាក់ ដែលគេសង្ស័យ​ថា លេង ៤សន្លឹកហើយមើលទៅ ដែល​មើលទៅ​ហាក់បីដូចជា​ការ​រៀបចំ​ទុក​មុន​ដើម្បី​បម្រើ​ប្រយោជន៍​បក្សពួក ​។

យោង​តាម​ប្រភព​ព័ត៌មាន បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ ទី​ ០៥ ខែមិថុនា ឆ្នាំ​ ២០២៦ វេលា​ម៉ោង ៩:០០ នាទី​ព្រឹក នៅ​រដ្ឋបាល​ឃុំ​ដំរី​ផុង មានការ​រៀបចំ​កិច្ចប្រជុំ​បើក​ស្រោមសំបុត្រ​ដេញថ្លៃ​ជា​សាធារណៈ​មួយ លើ​គម្រោងសាងសង់​ផ្លូវ​បេតុង​អា​មេ​ប្រវែង ០.៩៥ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ១៥០ មី​លី​ម៉ែត្រ រួម​ទាំង​ការ​ថែទាំ ចំនួន ០៦ ខែ ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ទឹកប្រាក់​ចំនួន ៥៧៦,៩៨៣,៦២៩ រៀល​ ។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ដឹង​ឮ​ពី​ប្រធាន​គណៈ កម្ម​ការ​ក្រុមប្រឹក្សា​ឃុំ ស្មៀនឃុំ អ្នក​ជំនួយការ​ឃុំ (​ម្ចាស់​គម្រោង​) ប្រធាន​គណៈកម្មាធិការ​លទ្ធកម្ម រួម​ទាំង​មន្ត្រី​គាំទ្រ​ឃុំ​មក​ពី​ថ្នាក់​ស្រុក និង​មន្ត្រី​ជំនាញ​បច្ចេកទេស​មក​ពី​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្ត​ផង​ដែរ ​។

ភាព​មិន​ប្រក្រតី​បាន​ស្តែង​ឡើង បន្ទាប់​ពី​ក្រុមហ៊ុន ចំនួន ៣ បាន​ដាក់​សំណើ​ប្រកួតប្រជែង ​៖ លទ្ធផល​ដំបូង​មុន​ចូល​បន្ទប់សម្ងាត់ ក្រោយ​ការ​បើក​ស្រោមសំបុត្រ និង​ពិនិត្យ​វាយតម្លៃ ព្រមទាំង​កត់ត្រា​ក្នុង​តារាង​ទម្រង់​ទី ​៤៤ រួចរាល់ គឺ​ក្រុមហ៊ុន ម៉ៅ សា​រ៉េ​ត ជា​អ្នក ដេញថ្លៃ​បាន​តម្លៃ​ទាប​ជាងគេ​បំផុត គឺ​ចំនួន ២៧៣, ០៦០,០០០ រៀល ​។

នៅ​ចំពោះ​មុខ​គណៈកម្មការ ក្រុមហ៊ុន​ទាំងអស់​ក៏​បាន​បញ្ជាក់​ទទួលស្គាល់​ថា តម្លៃ​ដែល​បាន​កត់ត្រា​នេះ​ពិតជា​ត្រឹមត្រូវ​ហើយ ​។​លទ្ធផល​ក្រោយ​ចេញពី​បន្ទប់សម្ងាត់ អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ហួសចិត្ត​នោះ​គឺ បន្ទាប់​ពី​ប្រធាន​គណៈកម្មាធិការ​លទ្ធកម្ម យក​ឯកសារ​ទៅ​ធ្វើការ «​កែតម្រូវ​នៅ​ក្នុង​បន្ទប់សម្ងាត់​» ​រួច​មកស្រាប់តែ​លទ្ធផល​ត្រូវ​បាន​ប្រកាស​ផ្លាស់​ប្តូរ​ទាំងស្រុង ដោយក្រុមហ៊ុន «​ចាំង ម៉ា​នី​ម៉ិច​» របស់​លោក សេង គឹ​ម​ចាំង (​មេឃុំ​ឆ្លូង​) ដែល​ដាក់​តម្លៃ​ខ្ពស់​ជាង រហូត​ដល់ ៣៩៨, ០៥០,០០០ រៀល ត្រូវ​បាន​ប្រកាស​ឱ្យ​ឈ្នះ​ជា​ផ្លូវការ​ក្នុង​ឋានៈ​ជា​អ្នក​ដាក់​តម្លៃ​ទាប​ទី​ ១ ទៅ​វិញ ​។​

ដោយឡែក ក្រុមហ៊ុន «​ម៉ៅ សា​រ៉េ​ត​» ដែល​ជា​អ្នក​ឈ្នះ​ពិតប្រាកដ​កាលពី​ដំបូង បែរជា​ត្រូវ​គេ​កែ​ទិន្នន័យ​តំឡើង​តម្លៃ​ពី ២៧៣,០៦០,០០០ រៀល ទៅ​ជា ៥១៣,០០០,០០០ រៀល ដែល​បង្ខំ​ឱ្យ​ក្រុមហ៊ុន​នេះ​ធ្លាក់​ទៅ​ជា​អ្នក​ចាញ់ (​ជាប់​ចំណាត់ថ្នាក់​តម្លៃ​ទាប​ទី​៣) យ៉ាង​អយុត្តិធម៌​ ។ សកម្មភាព​កែប្រែ​ទិន្នន័យ​ត្រឡប់ត្រឡិន​នៅ​ក្នុង​តារាង​ទម្រង់​ទី ​៤៤ តាម​អំពើ​ចិត្ត​បែប​នេះ បាន​ធ្វើ​ឱ្យ​ផ្ទុះ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន និង​ក្រុម​អ្នក ទទួល​ការ​លទ្ធកម្ម​ឃុំ​-​សង្កាត់​ឯទៀត ​។

គេ​បាន​លើ​ក​ឡើង​ថា នេះ​ជា​រូបភាព​ដដែល​ៗ​ដែល​បាន​កើតឡើង​ទាំង​ឆ្នាំ​ ២០២៥ និង​ឆ្នាំ​ ២០២៦ ពោល​គឺ​រៀង​រាល់​ឆ្នាំឱ្យ​តែ​មានការ​ប្រកាស​ដេញថ្លៃ​គម្រោង​ក្នុង​ឃុំ​ដំរី​ផុង គឺ​ក្រុមហ៊ុន «​ចាំង ម៉ា​នី​ម៉ិច​» របស់​លោក​មេឃុំ​ឆ្លូង តែង​តែ​ទទួល​បាន​ជោគជ័យ​ជា​និច្ច ដែល​គេ​សង្ស័យ​ប្រើប្រាស់​ឥទ្ធិពល​មក​កែប្រែ​ស្ថានភាព​ដេញថ្លៃ​ក្នុង​បន្ទប់សម្ងាត់ បំផ្លាញ​គោលការណ៍​ប្រកួតប្រជែង​ដោយ​ស្មោះត្រង់ មិន​ត្រឹមតែ​បង្កើត​ជា​ភាព​ច្របូកច្របល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ដើម្បី​បម្រើ​ផលប្រយោជន៍​បុគ្គល និង​បក្សពួក​និយម ដែល​ផ្ទុយ​ស្រឡះ​ពី​គោលនយោបាយ​អភិវឌ្ឍន៍​តម្លា ភាព​របស់​រាជរដ្ឋាភិបាល​ ។ មហាជនក៏​ដូច​ជា​អ្នក​ដេញថ្លៃ​ដទៃ​ទៀត សំណូមពរ​យ៉ាង​ទទូច​ដល់​ថ្នាក់ដឹកនាំ​ខេត្តក្រចេះ ជា​ពិសេស​អង្គ ភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) មេត្តា​ជួយ​បើក​កា​រ៊​ស៊ើបអង្កេត និង​ពិនិត្យ​ឡើង​វិញ​លើ​ទម្រង់​កត់ត្រា​លទ្ធ ផល​ទី​ ៤៤ នៃ​ឃុំ​ដំរី​ផុង ដើម្បី​ផ្តល់​យុត្តិធម៌ និង​តម្លា ភាព​ក្នុង​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ​ឡើង​វិញ​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​