រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជនភៀសសឹកជាង៦សែន៤ម៉ឺននាក់ មានជិត៦សែន ២ម៉ឺននាក់ ឬជាង៩៥% បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈនៅមានពលរដ្ឋចំនួន២៨.៩០៣នាក់ទៀត (ស្ត្រី ១៤.៨៦៤នាក់ និងកុមារ៩.៧៤០នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពពលរដ្ឋភៀសសឹកផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ ។

ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុករាល់សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃចំណាត់ការផ្លូវច្បាប់ និងការទូតរបស់រាជរដ្ឋាភិបាល ទន្ទឹមគ្នានឹងការបន្តយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋដែល នៅពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ។
ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃបានលើកឡើងពីស្ថានភាពពលរដ្ឋភៀសសឹកថា ក្នុងចំណោមពលរដ្ឋភៀសសឹក សរុបជាង ៦សែន៤ម៉ឺននាក់ មានជិត៦សែន២ម៉ឺននាក់ ឬ ជាង៩៥% បានវិលត្រឡប់ទៅលំនៅឋានវិញ ។ នៅមានពលរដ្ឋចំនួន២៨.៩០៣នាក់ទៀត (ស្ត្រី ១៤.៨៦៤នាក់ និងកុមារ៩.៧៤០នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។

ក្រសួងបានបន្តថា ការបន្តផ្អាកសេវាសាធារណៈជាមូលដ្ឋាន ៖ ខេត្តឧត្តរមានជ័យ មានសាលារៀន៨ និងមន្ទីរពេទ្យ/មណ្ឌល សុខភាព៥ នៅបន្តផ្អាក ។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តផ្អាក ។ ខេត្តព្រះវិហារ មានសាលារៀន៧ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព២ នៅបន្តផ្អាក ។
ចំណែកការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលវិគគិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យ សម្បត្តិសាធារណៈ និងឯកជន ពុំទាន់មានរបាយការណ៍ថ្មីបន្ថែមលើករណីដែលក្រសួងបានកត់ត្រាទុកនៅឡើយទេ ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលដែលនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានជូនដំណឹងទៅភាគីថៃ និងអគ្គលេខា ធិការអង្គការសហប្រជាជាតិ (UN) អំពីការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីភាគីថៃបានដកខ្លួនពីអនុស្សរណៈនៃការយោគយល់ (MOU) ឆ្នាំ២០០១ ។
ក្រសួងមហាផ្ទៃ ក៏សូមអំពាវនាវជនរួមជាតិទាំងក្នុង និងក្រៅប្រទេសបន្តយកចិត្តទុកដាក់តាមដាន និងផ្តល់ការគាំទ្រឱ្យបានខ្លាំងក្លា រួបរួមស្មារតីសាមគ្គីគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានកំពុងដឹកនាំបេសកកម្មដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធីតាមយន្តការការទូត និងច្បាប់អន្តរជាតិ សំដៅនាំមកវិញនូវអធិបតេយ្យភាពបូរណភាពទឹកដី សន្តិភាព និងស្ថិរភាពតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសជីវភាពជាប្រក្រតីនៃប្រជាជនទាំងសងខាង ៕
ចែករំលែកព័តមាននេះ