ទីក្រុងវៀងចន្ទន៍៖ អាជ្ញាធរឡាវបានបើកប្រតិបត្តិការឆ្មក់បង្ក្រាបចំនួនពីរលើកដាច់ដោយឡែកពីគ្នា ក្នុងសប្តាហ៍ដំបូងនៃខែមិថុនា ឆ្នាំ២០២៦ នេះ ដោយបានឃាត់ខ្លួនជនបរទេសសរុប ៧៣ នាក់ ដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងបណ្តាញបោកប្រាស់តាមប្រព័ន្ធទូរស័ព្ទ និងអនឡាញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times នាពេលថ្មីៗនេះ។
នៅក្នុងប្រតិបត្តិការដំបូង ចន្លោះថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា នគរបាលបានឆ្មក់ចូលទីតាំងចំនួន ៣ កន្លែងក្នុងខេត្តវៀងចន្ទន៍ ដោយឃាត់ខ្លួនជនសង្ស័យបាន ៤៩ នាក់ ដែលមានសញ្ជាតិចិន ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី ព្រមទាំងដកហូតសម្ភារៈបច្ចេកវិទ្យាដូចជាកុំព្យូទ័រ និងទូរស័ព្ទដៃជាច្រើនគ្រឿង។ ភ្លាមៗបន្ទាប់មកនៅថ្ងៃទី៣ ខែមិថុនា ប៉ូលិសបានបន្តលុកលុយផ្ទះវីឡាជួលមួយកន្លែងទៀតក្នុងរដ្ឋធានីវៀងចន្ទន៍ និងបានឃាត់ខ្លួនជនជាតិចិនចំនួន ២៤ នាក់បន្ថែមទៀត។
ការបង្ក្រាបដ៏ក្តៅគគុកបន្តបន្ទាប់គ្នានេះ គឺជាផ្នែកមួយនៃយុទ្ធនាការថ្នាក់ជាតិប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យានិងល្បែងអនឡាញខុសច្បាប់ ក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រីឡាវ ដើម្បីបោសសម្អាតក្រុមកាលបោកប្រាស់ឆ្លងដែន ខណៈកាលពីខែឧសភាកន្លងទៅ យុទ្ធនាការទ្រង់ទ្រាយធំនេះធ្លាប់បានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យចម្រុះជាតិសាសន៍បានរហូតដល់ទៅជាង ១,០០០ នាក់ រួចមកហើយនៅទូទាំងប្រទេស៕
ចែករំលែកព័តមាននេះ