ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូតខ្មែរចេញការណែនាំបន្ទាន់ដល់ពលរដ្ឋខ្មែរនៅហ្វីលីពីន ក្រោយរញ្ជួយដី៧.៨ រីចទ័រ និងមានការព្រមានស៊ូណាមិ

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​កំពុង​រស់នៅ​ធ្វើការ និង​សិក្សា​នៅ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៦ មាន​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​កម្រិត​៧,៨ រិច​ទ័​រ នៅ​ឆ្នេរសមុទ្រ Sarangani ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វី​លី​ពី​ន ។

ទន្ទឹម​នេះ អាជ្ញាធរ​ហ្វី​លី​ពី​ន ក៏​បាន​ព្រមាន​ពី​ការ​កើត​មាន​រលក​យក្ស​ស៊ូ​ណា​មិ​ផង​ដែរ នៅ​ខេត្ត Sarangani, Davao Occidental, Tawi-Tawi, Sulu, Basilan, Zamboanga Del Sur, Zamboanga Sibugay, Sultan Kudarat និង South Cotabato​។

ស្ថានទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន បាន​ណែនាំ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​យកចិត្តទុកដាក់​ខ្ពស់​តាមដាន​ព័ត៌មាន តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេង​ៗ ឬ​ប្រ​សិន​បងប្អូន​បាន​ទទួល​ព័ត៌មាន​អំពី​ពលរដ្ឋ​ខ្មែរ​យើង​ដែល​រង​ផល​ប៉ះពាល់ សូម​មេត្តា​ជូនដំណឹង​មក​ស្ថានទូត​ជា​បន្ទាន់ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត Royal Embassy of Cambodia to the Republic of the Philippines ឬ ទំនាក់ទំនង​មក​លោកស្រី ហេង ពិសី លេខាធិការ​ទី​២ នៃ​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន តាម​ទូរស័ព្ទ​លេខ +63 956 914 8190​។

សម្រាប់​ការ​ជម្លៀស និង​ការ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ សូម​មេត្តា​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ឬ NDRRMC តាម​រយៈ​លេខ​ទំនាកទំនង +632 8911 5061 ដល់ 65 និង​សូម​បន្ត​តាមដាន​ព័ត៌មាន​បន្ថែម​តាម​បណ្ដាញ​សង្គម​៕