ម៉ូតូ២គ្រឿងព្រលះគ្នាលើស្ពានព្រែកថ្មព្រែកកំពង់បាយ ស្លា.ប់ទាំង២នាក់
- កំពត
ខេត្តកំពត ៖ មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយរវាងម៉ូតូនិងម៉ូតូបើកបរដោយយុវជន២នាក់ក្នុងទិសដៅផ្ទុយគ្នាបានបុកគ្នាយ៉ាងពេញទំហ៊ឹងនៅលើស្ពានថ្មព្រែកកំពង់បាយបណ្តាលឲ្យម៉ូតូខូចខាតទាំងពីរគ្រឿង រីឯអ្នកបើកបរក៏ត្រូវស្លាប់ភ្លាមៗទាំងពីរនៅកន្លែងកើតហេតុតែម្តង។
កំលាំងសមត្ថកិច្ចចរាចរខេត្តបានឲ្យដឹងថា: នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១និង១៤នាទី រំលងអាធ្រាត្រមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចលើស្ពានព្រែកកំពង់បាយថ្មី ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត រវាងម៉ូតូនិងម៉ូតូដែលមានទិសដៅផ្ទុយគ្នា បណ្តាលឱ្យមនុស្សស្លាប់ចំនួន០២នាក់(ប្រុស)។
អ្នកបើកបរម៉ូតូមិនទាន់ស្គាល់អត្តសញ្ញាណ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បើកបរម៉ូតូម៉ាក SIRIUS ពណ៌ខ្មៅលាយទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1BK-2789 មានទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន បានរ៉េចង្កូតទៅខាងឆ្វេងដៃបុកនិងម៉ូតូមួយគ្រឿងទៀតដែលមានទិសដៅផ្ទុយគ្នាចំពីមុខពេញទំហឹងបណ្ដាលឱ្យដួលស្លាប់ទាំងពីរនាក់នៅកន្លែងកើតហេតុ។
អ្នកបើកបរម៉ូតូមិនស្គាល់សាវតា ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បើកបរម៉ូតូម៉ាក HONDA SCOOPY ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GX-3769 មានទិសដៅពីកើតទៅលិច។
សាកសពទាំងពីរបានតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពតរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
វត្ថុតាងរួមមាន ម៉ូតូចំនួន០២គ្រឿង បានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាក SIRIUS ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង៕

ចែករំលែកព័តមាននេះ