ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌កំបាំង និងមុខងារពិតនៃប្រាសាទសួរព្រ័តទាំង១២ ក្នុងរមណីយដ្ឋានអង្គរ

21 ម៉ោង មុន

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា​នេះ​ថា ៖ បើសិនជា​លោក​អ្នក​ដើរ​កម្សាន្ត​នៅ​ប៉ែក​ខាងកើត​នៃ​ទី​លានជល់ដំរី ក្នុង​ក្រុង​អង្គរធំ នោះ​ច្បាស់​ជា​បានឃើញ​ទិដ្ឋភាព​ដ៏​ទាក់ទាញ​នៃ​ប្រាសាទ​ចំនួន​១២ សាងសង់​ឡើង​ពី​ថ្មបាយក្រៀម​ពណ៌​ក្រហមឆ្អៅ និង​លាយ​ថ្មភក់​ខ្លះ​តាម​រចនាសម្ព័ន្ធ​លម្អ ។ សំណង់​ទាំង​១២​នេះ គេឯង​ស្គាល់​ជា​ទូទៅ​ថា «​ប្រាសាទ​សួរ​ព្រ័ត​» ដែល​ជា​សំណង់​មាន​រចនាបថ​ប្លែក​ពី​គេ និង​មាន​ច​ម្ង​ល់​សង្ស័យ​ជា​ច្រើន ក្នុង​រង្វង់​អ្នក​សិក្សា​ប្រវត្តិសាស្ត្រ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ។

អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្ត​ថា ទោះបីជា​គ្មាន​សិលាចារឹក​ណាមួយ​ចារ​ទុក​អំពី​ឈ្មោះ​ដើម ឬ​កាលបរិច្ឆេទ​សាងសង់​ច្បាស់លាស់​ក៏​ដោយ ប៉ុន្តែ​អាថ៌​កំបាំង​នៃ​ប្រាសាទ​ទាំង​១២​នេះ បាន​លេច​ពន្លឺ​ព្រាល​ៗ​ជា​បន្តបន្ទាប់ តាម​រយៈ​ការ​សិក្សា​វិភាគ​តាម​កំណត់​ត្រា​បុរាណ ជាតិពន្ធុវិទ្យា និង​ការ​ស្រាវជ្រាវ​បុរាណវិទ្យា​សម័យ​ទំនើប​។

តាម​រយៈ​ការ​ផ្ទៀងផ្ទាត់​គ្នា​រវាង​កំណត់ហេតុ​ប្រវត្តិសាស្ត្រ ជំនឿ​របស់​អ្នកស្រុក និង​ការ​សន្និដ្ឋាន​របស់​អ្នក​បុរាណវិទ្យា ប្រាសាទ​សួរ​ព្រ័ត​ប្រហែលជា​មានមុខ​ងារ​សំខាន់​ៗ​ពីរ ខុស​ប្លែក​ពី​ប្រាសាទ​ផ្សេង​ៗ ។

មុខងារ​ទី​មួយ គឺ​ទំនង​ជាទី​តម្កល់​ទេវរូប ឬ​វត្ថុ​ស័ក្តិសិទ្ធិ​ដែល​តំណាង​ឱ្យអំណាច​នៃ​រដ្ឋ​ចំណុះ ឬ​ខេត្ត​-​ក្រុង​ចំនួន​១២ ក្នុង​រង្វង់​រាជ​មណ្ឌល​នៃ​ចក្រភព​ខ្មែរ ។ មុខងារ​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ទៅ​នឹង​ប្រពៃណី​របស់​ខ្មែរ ដែល​សម័យ​ក្រោយមក យើង​ហៅ​ថា «​បុណ្យ​តាំងតុ​» ។ នៅ​ក្នុង​ពិធី​នោះ ព្រះរាជា​អង្គរ​បាន​តម្រូវ​ឱ្យ​បណ្ដា​សមន្តរាជ ឬ​ស្ដេចត្រាញ់​ដែល​គ្រប់គ្រង​តាម​តំបន់​ចំណុះ ធ្វើ​ដំណើរ​មក​កាន់​រាជធានី​អង្គរ ដើម្បី​នាំ​យក​នូវ​សួយសារអាករ និង​ភស្តុ​ភារ​នានា​មក​ថ្វាយ​ព្រះមហាក្សត្រ​គង់នៅ​អង្គរ ដែល​ជា​ទំនៀម​ទាក់ទង​នឹង «​សួយសារអាករ ឬ​ដ​ង្វា​យ​ភក្តីភាព​»​។

ក្រៅពី​នេះ ប្រាសាទ​សួរ​ព្រ័ត​ក៏​មានមុខ​ងារ​ជា «​ទី​កាត់សេចក្ដី​តាម​ជំនឿ​» ដែល​ជា​នីតិវិធី​រក​យុត្តិធម៌​មួយ ក្នុង​ប្រព័ន្ធ​តុលាការ​ខ្មែរ​បុរាណ​ផង​ដែរ​។ នៅ​ក្នុង​សៀវភៅ «​កំណត់ហេតុ​អំពី​ប្រពៃណី​នៃ​អ្នកស្រុក​ចេ​ន​ឡា​» របស់​លោក ជីវ តា​ក្វា​ន់ បេសកជន​ការទូត​ចិន ដែល​បាន​មក​ដល់​អង្គរ​ក្នុង​ឆ្នាំ​១២៩៦ លោក​បាន​កត់ត្រា​នូវ​វិធិ​សាស្ត្រ​រក​យុត្តិធម៌​ដ៏​ចម្លែក​មួយ​នៅ​ទី​នេះ​ថា​៖ កាលណា​មាន​វិវាទ​រវាង​បុគ្គល​ពីរ​នាក់ ដែល​ចៅក្រម​មិន​អាច​រក​ខុស​ត្រូវ​ឃើញ គេ​នឹង​ឱ្យ​គូភាគី​ទាំង​ពីរ​ទៅ​អង្គុយ​នៅ​ក្នុង​តួ​ប្រាសាទ (​ក្នុង​ក្តី​) ម្នាក់​មួយ ដោយ​មាន​សាច់ញាតិ​យាមកាម​យ៉ាង​តឹងរ៉ឹង​ពី​ខាងក្រៅ​។

បន្ទាប់​ពី​ស្នាក់​នៅ​បាន ៣ ទៅ ៤ ថ្ងៃ ប្រសិនបើ​ភាគី​ណាមួយ​កើត​មាន​ជំងឺ​តម្កាត់​ភ្លាម​ៗ ដូច​ជា​គ្រុនក្ដៅ ក្អក ឬ​ចេញ​កមរមាស់ នោះ​គេ​ជឿ​ថា​ទេវតា​ដាក់​ទណ្ឌកម្ម ហើយ​អ្នក​នោះ​ត្រូវ​ចាញ់ក្ដី​ភ្លាម​ៗ​។ ចំណែក​អ្នក​ដែល​មាន​សុខភាព​ល្អ​ធម្មតា ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អ្នក​ស្មោះត្រង់ និង​ឈ្នះក្ដី​ដោយសារ​បារមី​ទេវតា​តាម​ថែរក្សា​។

ដោយឡែក ក្រៅពី​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ អ្នកស្រុក​ខ្លះ​ហៅ​ទី​នេះ​ថា «​ប្រាសាទ​នាង​១២» ដោយ​ផ្សារ​ភ្ជាប់​ទៅ​នឹង​រឿងព្រេង​ខ្មែរ​ដ៏​ល្បីល្បាញ​គឺ រឿង​ភ្នំ​នាង​ក​ង្រី ឬ​នាង​១២ ដោយ​យល់​ថា​ជា​កន្លែង​ដែល​យក្ខិនី​សន្ធ​មារ បាន​យក​នាង​ទាំង​១២​នាក់​មក​ឃុំឃាំង និង​ដក​យក​កែវភ្នែក​ទុក​។

ជា​ច្រើន​សតវត្ស​ក្រោយមក ប្រាសាទ​សួរ​ព្រ័ត​បាន​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​ពី​ធម្មជាតិ អាយុកាល និង​សង្គ្រាម ដោយ​ឆ្លងកាត់​ដំណាក់កាល​នៃ​អភិរក្ស និង​ជួសជុល​ជា​បន្តបន្ទាប់​។ នៅ​ក្នុង​ឆ្នាំ​១៩៥៥ សាលា​បារាំង​ចុង​បូព៌ា (EFEO) បាន​ចាប់ផ្ដើម​ការងារ​ជួសជុល​ដំណាក់កាល​ដំបូង ដោយ​ផ្ដោត​លើ​ការ​ទល់​ទ្រ​ដើម្បី​ការពារ​កុំឱ្យ​ប្រាសាទរលំ និង​រក្សា​លំនឹង​រចនាសម្ព័ន្ធ​ជា​បណ្ដោះអាសន្ន ក្រោយ​ពី​ពិនិត្យ​ឃើញ​ថា​គ្រឹះ​ដី​មាន​ចលនា និង​មាន​ឫស​ឈើ​ចាក់​ទម្លុះ​។ លុះដល់​សម័យ​សង្គ្រាមស៊ីវិល និង​របប​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​ឆ្នាំ​៧០ និង​ដើម​ទី​៨០ តំបន់​អង្គរ​ទាំងមូល​មិន​មានការ​ថែរក្សា​អភិរក្ស​ជិត​២០​ឆ្នាំ ដែល​បង្ក​ជា​ការ​ខូចខាត​បន្ថែម​ពី​ធម្មជាតិ សំណើម និង​រុក្ខជាតិ​ដុះ​ជុំវិញ ធ្វើ​ឱ្យ​គ្រឹះ​ប្រាសាទ​កាន់តែ​ចុះ​ខ្សោយ​៕