ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការនៅ​សា​ធារណ​រដ្ឋ​សង្គមនិយម​វៀតណាម

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ យន្តហោះ​ពិសេស​របស់សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  បាន​ហោះ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ហើយ ដើម្បី​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ចូលរួម​វេទិកា​អនាគត​អាស៊ានលើក​ទី​៣ នៅ​ទីក្រុង​ហា ណូយពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៦​ ។

អញ្ជើញ​អមដំណើរ សម្តេច​ធិ​បតី រួម​មានលោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ ម៉ា​ណែ​ត និងឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​រដ្ឋមន្ត្រី មន្ត្រី​រាជរដ្ឋាភិបាល​សំខាន់​ៗ និង​តំណាង​ធុរកិច្ច​ពី​សភាពាណិជ្ជកម្ម​កម្ពុជា និង​សមាគម​ឧកញ៉ា​កម្ពុជា​ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រីនឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ ឯកឧត្តម ឡេ មិ​ញ​ហ៊ឹង នាយក​រដ្ឋមន្ត្រីសាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ថ្នាក់ដឹកនាំ​ទាំង​ពីរ នឹង​ផ្លាស់​ប្តូរ​ទស្សនៈ​អំពី​មធ្យោបាយ​នានា​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ទ្វេភាគី ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​នឹង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​ក្រោយ ។ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ គ្រោង​នឹង​លើកយក​មក​ពិភាក្សា​ផង​ដែរ នូវ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ផលប្រយោជន៍ និង​ជា​ក្តី​បារម្ភ​រួម​។

ក្នុង​ឱកាស​ទស្សនកិច្ច​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នឹង​ជួប​សម្តែង​ការ​គួរសម​ដាច់​ដោយឡែក ចំពោះឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត និង​ជា​ប្រធាន​រដ្ឋ​វៀតណាម និង ឯកឧត្តម ជិន ថា​ញ់​មិន ប្រធានរដ្ឋសភា​ជាតិ​វៀតណាម​ ។

សម្តេច​ធិ​បតី នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​ពិធី​បើក ​«​វេទិកា​អនាគត​អាស៊ាន» ក្រោម​ប្រធានបទ «​រួម​គ្នាស្ថាបនា​អនាគត​របស់​យើង​៖ សន្តិភាព វិបុលភាព និង​ប្រជាជន​ជា​ស្នូល» ដែល​សង្កត់ធ្ងន់​លើ​ការ​លើកកម្ពស់​វិស័យ ពាណិជ្ជកម្ម ការ​វិនិយោគ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​ក្នុង​អាស៊ាន​ ៕