ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍ «ចាក់បា.ញ់ឆែវសាមគ្គី» លើកទី២ នៅស្រុកកោះសូទិន ទាក់ទាញពលរដ្ឋចូលរួមរាប់ពាន់នាក់យ៉ាងកុះករ

1 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: «ផ្ដើម​ចេញពី​ការ​ចាក់បាញ់ឆែវ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​រង្វង់ ២០​ទៅ​៣០​នាក់​ហើយ​បាន​ពង្រីក​ខ្លួន​មក​រាប់​ពាន់​នាក់​បង្កើត​ជា​សហគមន៍​មួយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សប្បាយ​រីករាយ​» ។ ​នេះ​ជា​ប្រសាសន៍​លើក​ឡើង​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មី ឃុំ​កោះសូទិន​ស្រុក​កោះសូទិន នា​ព្រឹក​ថ្ងៃ​ទី​៧​មិថុនា​ឆ្នាំ ២០២៦​។ ជាមួយ​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ខ្លូត ផ​ន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត​អាជ្ញាធរ​មូលដ្ឋាន​ព្រមទាំង​ឯកឧត្តម
ចាន់ ណា​រ៉ុ​ង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​និង​លោក​ជំទាវ​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​: ក្នុង​នាមរូប​លោក​ពិតជា​មាន​ភាព​សប្បាយ​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ចាក់​”​បាញ់ឆែវ​សាមគ្គី​” ជា​លើក​ទី​២​ដែល​កាលពី​គ្រា​លើក​ទី​មួយ​គឺ​បាន​ចូលរួម​ក្នុង​សកម្មភាព​ប្រមូលផ្ដុំ​សាមគ្គី​ធ្វើ​ត្រីឆ្អើរ​៣០០០​ចង្កាក់ ដើម្បី​ផ្ញើ​ជូន​ដល់​បងប្អូន​វិ​រ​យុទ្ធ​ជន​ជួរ​មុខ​នូវ​ព្រំដែន​កម្ពុជា​-​ថៃ​។

ឯកឧត្តម​អភិបាលខេត្ត​ម​មាន​ប្រសាសន៍​បន្ត​ថា ជា​ការ​ពិត​ណាស់​កម្មវិធី​ចាក់បាញ់ឆែវ​នេះ​មិន​ត្រឹមតែ​មាន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មី​ចូលរួម​នោះ​ទេ​គឺ​មានការ​ចូលរួម​យ៉ាង​ផល​ផុស​ក្នុង​នោះ​មាន​អ្នក​នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​អញ្ជើញ​មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ដោយ​ពួក​គាត់​មក​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​ទទួលទាន​បាញ់​ឆាវ ដោយ​បាន​រៀបចំ​ធ្វើ​ឡើង​ក្រោម​ម្លប់​ដើម​គរ​ជាប់មាត់​ទន្លេ​តែ​ម្ដង​។ លោ​កថា​បងប្អូន​ដែល​បាន​មក​ចូលរួម​ក្នុង​នោះ​មាន​អ្នកខ្លះ​បាន​ទទួលទាន​បាញ់​ឆាវ​រួចរាល់​ហ្នឹង​ខ្លះ​ទៀត​បាន​បញ្ចេញ​កម្លាំង​ជួយ​កិន​ម្សៅ​នេះ​បង្ហាញ​ពី​សាមគ្គីភាព​របស់​ប្រជាពលរដ្ឋ​។​អភិបាលខេត្ត​បាន​រំលឹក​ថា​សកម្មភាព​ចាក់បាញ់ឆែវ​ដំបូង​មាន​គ្នា​ពី​២០​ទៅ​៣០​នាក់​ប៉ុណ្ណោះ តែ​មក​ដល់​ពេល​នេះ​គឺ​បាន​ចូល​ដល់​ខ្ទង់ពាន់​នាក់​តែ​ម្ដង​។

សូម​រំលឹក​ដល់​អតីតកាល​ជំនាន់​ប៉ុ​ល ពត ពេល​ប្រជាជន​ប្រមូល​ផល​បាន​ត្រូវ​យក​ទៅ​ទុក​នៅ​សហ​ករ​ហើយ​មិន​មាន​ណា​ម្នាក់​មាន​សិទ្ធិ​ទទួលទាន​របស់​ទាំងនោះ​ទេ បើសិន​មានការ​តវ៉ា​គឺ​អង្គការ​គេ​យក​យើង​ទៅ​សម្លាប់​ចោល​។ ដោយ​ទទួល​បានការ​ណែនាំ​ពី​សម្ដេច​មហា​បវរ​ធិ​បតី រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​លៀស​ហាល​ដោយ​ឆ្នាំ​២០២៥​គឺ​មាន​ទម្ងន់​តែ​៣​តោន តែ​មក​ដល់​ឆ្នាំ​២០២៦ បាន​ឡើង​ដល់​ទម្ងន់​៥​តោន​ឯណោះ ។

ទាំងនេះ​កើត​ចេញពី​សាមគ្គីភាព​របស់​ប្រជាជន​ដោយ​ម្នាក់​ៗ បាន​លះបង់​កម្លាំងកាយ​ចិត្ត​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​លៀស​ហាល​ចម្ងាយ​១២០០​ម៉ែត្រ​នៅ​ក្រុង​កំពង់ចាម​កន្លង​ទៅ ដែល​បាន​ទាក់ទាញ​មនុស្ស​មក​លេង​ប្រមាណ​ជាង ៤​លាន​នាក់​។ សូម​ឱ្យ​សហគមន៍​របស់​តា​សុខ នៅ​ភូមិ​ថ្មី ឃុំ​កោះសូទិន ចេះ​តែ​មានការ​រីក​ចម្រើន​ទៅ​មុខ​ហើយ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត ហើយ​សកម្មភាព​ចាក់បាញ់ឆែវ​សាមគ្គី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ​ៗ​បន្ត​ទៀត​ដើម្បី​បង្កើត​ភាព​សប្បាយ​រីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រោម​ម្លប់​សន្តិភាព ។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​សារាយ ណា​ហ្វុ​ង​ភេទ​ស្រី​អាយុ​៣០​ឆ្នាំ ជា​អ្នក​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​បាន​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ចាក់បាញ់ឆែវ​សាមគ្គី​នៅ​ភូមិ​ថ្មី គឺ​ឃើញ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ច្រើន​កុះករ​ជាមួយ​នោះ​ថែម​ទាំង​បាន​ទទួលទាន​បាញ់ឆែវ ជា​លក្ខណៈ​គ្រួសារ​គឺ​មាន​រសជាតិ​ឆ្ងាញ់​ដោយ​ទឹកត្រី​បាន​ផ្សំ​ឡើង​ពី​ក្រូចឆ្មារ​សុទ្ធសាធ ហើយ​សំណូមពរ​ឲ្យ​មាន​សកម្មភាព​បែប​នេះ​បន្ត​ទៀត​ណាមួយ​គាត់​មានស្រុក​កំណើត​នៅ​ទី​នេះ​ផង​ដែរ​ ៕