រាជធានីភ្នំពេញ ៖ បុរសម្នាក់មានមុខរបរជាយោធានៅអង្គភាពបញ្ជូនសារ និងជាអ្នកទិញនិងលក់រថយន្តផងត្រូវចោរលួចកាបូបលុយអស់៥០០០ដុល្លារ និងកាំភ្លើងខ្លីម៉ាកឡុក១ដើម ក្នុងខណៈដែលបុរសនោះលួចលាក់ពីប្រពន្ធទៅនាំស្រីបម្រើនៅហាងខារ៉ាអូខេម្នាក់ទៅរួមរ័កមេត្រីនៅក្នុងផ្ទះរបស់ខ្លួន មួយកន្លែងទៀត ហើយក្រុមច្រោរក៏បានធ្វើសកម្មភាព គាស់ទ្វារក្រោយចូលលួចទ្រព្យសម្បត្តិខាងលើអស់គ្មានសល់។
ក្រោយពេលមានរឿងរ៉ាវបែបនេះកើតឡើងបុរសរូបនោះបានសង្ស័យយ៉ាងខ្លាំងទៅលើស្រីស្នេហ៍ក្មេងខ្ចីរបស់ខ្លួនថា បានឃុបឃិតជាមួយអ្នកផ្សេងចូលយកលុយ និងកាំភ្លើងខ្លីរបស់ខ្លួនក៏បាននាំខ្លួននាងម្នាក់នោះទៅប្រគល់ឱ្យប៉ូលិស ប៉ុស្តិ៍ចោមចៅ ដើម្បីសាកសួរ។ ចំណែកប៉ូលិសប៉ុស្តិ៍ក៏បានធ្វើកាលតាមជំនាញ និងបានរាយការណ៍ទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងប៉ូលិសបច្ចេកទេស ស្នងការរាជធានី ចុះទៅពិនិត្យមើលភ្លាមៗ។ បន្ទាប់ពីពិនិត្យរួចរាល់ប៉ូលិសបច្ចេកទេសរកមិនឃើញមានការពាក់ព័ន្ធនឹងស្ត្រីម្នាក់នោះឡើយ គឺចោរបានគាស់ទ្វារក្រោយចូលលួចក្នុងពេលដែលបុរស់នោះកំពុងលង់លក់ជាមួយស្ត្រីស្នេហ៍ក្មេងខ្ចីនោះប្រាកដមែន។ ហេតុការណ៍ខាងលើបានភ្ញាក់ផ្អើល កាលពីវេលាព្រឹកថ្ងៃទី៣ សីហា ឆ្នាំ២០១១ នៅផ្ទះល្វែងទើបសង់ថ្មីភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពេលរកមិនឃើញមានការពាក់ព័ន្ធ សមត្ថកិច្ចក៏ដោះលែងនាងខារ៉ាអូខេ ឱ្យមានសេរីភាពវិញ។ បុរសដែលត្រូវចោរលួចកាបូបលុយអស់៥.០០០ដុល្លារ និងកាំភ្លើងខ្លីម៉ាកឡុកមួយដើមនោះឈ្មោះឈុន ឈីវជាតិ អាយុ៣២ឆ្នាំ ជាយោធានៅអង្គភាពបញ្ជូនសារ និងជាអ្នកទិញ និងលក់រថយន្ត ។ បុរសនោះមានផ្ទះចំនួន៣កន្លែង គឺនៅខេត្តកំពង់ឆ្នាំង មួយកន្លែង នៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ សង្កាត់ភ្នំពេញថ្មីមួយកន្លែង និងផ្ទះល្វែង សង់ថ្មី ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ ដែលជាកន្លែងកើតហេតុមួយកន្លែង ហើយសព្វថ្ងៃបុរសនេះស្នាក់នៅផ្ទះដែលនៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ៕
ចែករំលែកព័តមាននេះ