សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការស្រាវជ្រាវបានបង្ហាញថា បញ្ហាថ្លើមខ្សោយអាចប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពនៃការគេង ដោយសាររាងកាយមិនអាចកម្ចាត់ជាតិពុលបានល្អ ដែលជះឥទ្ធិពលដល់មុខងារខួរក្បាល និងចង្វាក់នៃការគេង។ ប្រសិនបើអ្នកជួបប្រទះសញ្ញាទាំង ៤ ខាងក្រោមនេះជាប់លាប់ អ្នកគួរយកចិត្តទុកដាក់ខ្ពស់៖
ទីមួយគឺ ការពិបាកចូលគេង ទោះបីជាចូលគេងរួចហើយ ក៏នៅតែមានអារម្មណ៍វិលវល់ មិនអាចសម្រាកបាន ឬពិបាកឈានចូលដំណេក ដែលជាសញ្ញានៃការរំខានដល់ចង្វាក់នៃការគេងធម្មជាតិ។
ទីពីរគឺ ការភ្ញាក់កណ្តាលយប់ញឹកញាប់ ដែលអ្នកមានបញ្ហាថ្លើមច្រើនតែដេកមិនលក់ស្រួល ឬភ្ញាក់ច្រើនដងក្នុងពេលយប់ ធ្វើឱ្យរាងកាយមិនទទួលបានការសម្រាកគ្រប់គ្រាន់ និងបណ្តាលឱ្យអស់កម្លាំងនៅថ្ងៃបន្ទាប់។
ទីបីគឺ ការច្របូកច្របល់នៃវដ្តនៃការគេង ដែលអ្នកជំងឺមានអារម្មណ៍ភ្ញាក់ផ្អើលនៅពេលយប់ តែងងុយដេក និងល្ហិតល្ហៃនៅពេលថ្ងៃ ដោយសារជាតិពុលកើនឡើងប៉ះពាល់ដល់មុខងារខួរក្បាល។
ទីបួនគឺ ងើបពីដេកនៅតែមានអារម្មណ៍ហត់នឿយ ពិបាកផ្តោតអារម្មណ៍ ហើយបើមានសញ្ញាដូចជា វង្វេងវង្វាន់ ឬបាត់បង់ការចងចាំ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។
ដើម្បីកែលម្អគុណភាពនៃការគេង អ្នកគួររក្សាទម្លាប់ចូលគេងឱ្យទៀងទាត់ រៀបចំបន្ទប់ឱ្យស្ងប់ស្ងាត់ ចៀសវាងការញ៉ាំអាហារធ្ងន់ៗ ឬគ្រឿងស្រវឹងមុនពេលចូលគេង និងមិនគួរប្រើប្រាស់ថ្នាំជំនួយការគេងដោយខ្លួនឯងឡើយ៕
ចែករំលែកព័តមាននេះ