អភិបាលស្រុកត្រាំកក់ថ្មី ចូលកាន់មុខតំណែង
- តាកែវ
ខេត្តតាកែវ៖ លោក ហ៊ត មនោ អភិបាលរងក្រុងដូនកែវ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើការផ្លាស់ប្ដូរភារកិច្ចឲ្យកាន់តំណែងជាអភិបាលស្រុកត្រាំកក់ថ្មីជំនួសលោក កេត ម៉ៅ ដែលត្រូវប្លាស់ប្ដូរឱ្យទៅបំរើការងារនៅសាលាខេត្ត។
ពិធីប្រកាសតែងតាំងអភិបាលស្រុកត្រាំកក់បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះក្រោមអធិបតីភាព របស់លោក យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានផ្ដាំផ្ញើដល់លោកអភិបាលស្រុកត្រាំកក់ដែលទើបតែងតាំងថ្មីត្រូវប្រឹងប្រែងបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងនិងត្រូវធ្វើយ៉ាងណាឱ្យស្រុកត្រាំកក់កាន់តែមានការអភិវឌ្ឍរីកចម្រើនឥតឈប់ជាពិសេសត្រូវ រួមគ្នាថែរក្សាការពារ សន្តិភាពស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឱ្យបានល្អប្រសើរ។
លោកអភិបាលខេត្តតាកែវ ក៏បានណែនាំឲ្យលោកអភិបាលស្រុកត្រាំកក់ដែលទើបតែងតាំងថ្មីត្រូវធ្វើយ៉ាងណាធ្វើការទប់ស្កាត់ការជួញដូរឬចែកចាយគ្រឿងញៀន និងត្រូវបង្ក្រាបឲ្យបានចំពោះក្រុមក្មេងទំនើងមិនត្រូវបណ្ដែតបណ្ដោយឲ្យពួកគេអុកឡុកនៅតាមមូលដ្ឋានដែលបង្ករការប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនោះទេជាពិសេសទៅទៀតនោះគឺការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams តាមរយៈការចុះធ្វើរដ្ឋបាលដល់មូលដ្ឋាននិងណែនាំម្ចាស់រោងចក្រ សហគ្រាស ផ្ទះសំណាក់និងបងប្អូនប្រជាពលរដ្ឋឲ្យរួមសហការជាមួយអាជ្ញាធដើម្បីលប់បំបាត់កុំឲ្យមានបទល្មើសឆបោកតាមប្រព័ន្អបច្ចេកវិទ្យាកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន៕




ចែករំលែកព័តមាននេះ