ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បួងសួង​នៅ​លើកំពូលភ្នំដោះក្រមុំសុំសេចក្តីសុខដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋ

2 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ​៖​ រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ពិធីបួងសួង​សុំ​សេចក្តីសុខ​សន្តិភាព នៅ​បរិវេណ​មជ្ឈ​មណ្ឌល​វប្បធម៌​ភ្នំ​ដោះ​ក្រមុំ ដែល​ជាទី​តាំង​ជំនឿ​ដ៏​សក្តិ​សិទ្ធិ និង​ជាទី​គោរព​សក្ការៈ​របស់​ប្រជាពលរដ្ឋ នៅ​ក្រុង​សែន​មនោ​រម្យ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៦ ។

ពិធី​នោះ​ប្រារ​ព្ឋ​ឡើង​ក្រោម​វត្តមាន​របស់​ឯកឧត្តម​ម៉ែ​ន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ដ និង​ឯកឧត្តម​គង់ គឹ​ម​នី អភិបាលខេត្ដ​មណ្ឌលគិរី ។ មានការ​ចូលរួម​ពី​លោក​-​លោកស្រី​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ​ស៊ី​វិល​គ្រប់​លំដាប់ថ្នាក់ យុទ្ធ​ជន​-​យុទ្ធ​នារី នៃ​កងកម្លាំង​ទាំង​បី​ប្រភេទ ចាស់ព្រឹទ្ធាចារ្យ តំណាង​ជនជាតិ​ដើម​ភាគតិច ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។

ឯកឧត្តម​គង់ គឹ​ម​នី អភិបាលខេត្ត​មណ្ឌលគិរី បាន​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត និង​ស្ញប់ស្ញែង​ចំពោះ​ភាព​អង់អាច​ក្លាហាន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​វីរ​កងទ័ព​ជួរ​មុខ​ទាំងអស់ ។ ឯកឧត្តម​ថ្លែង​ថា «​បងប្អូន​កងកម្លាំងប្រដាប់អាវុធ​នៅ​តាម​ព្រំដែន គឺជា​ខឿន​ការពារ​ជាតិ​ដ៏​រឹង​មាំ ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត សេចក្តីសុខ​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ ឈរជើង​យាមល្បាត​ទាំង​យប់​ទាំង​ថ្ងៃ ទោះជា​ត្រូវ​ប្រឈម​នឹង​អាកាសធាតុ​ប្រែប្រួល ឬ​ការ​លំបាក​យ៉ាងណា​ក៏​ដោយ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព និង​ស្ថិរភាព​ជូន​មាតុភូមិ និង​ប្រជា​ពលរដ្ឋ​នៅ​ផ្ទៃក្នុង​ប្រទេស​ឱ្យ​រស់នៅ​ដោយ​ភាព​សុខសាន្ត​» ។

ចំពោះ​ពិធីបួងសួង​នោះ ឯកឧត្តម​គង់ គឹ​ម​នី ចាត់​ទុក គឺជា​និមិត្តរូប និង​ជា​ការ​ស្តែង​ចេញ​នូវ​ការ​តាំងចិត្ត​យ៉ាង​មុតមាំ​បំផុត​របស់​រដ្ឋបាល​ខេត្ត ក្នុង​ការ​បន្ត​រក្សា និង​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ ។ ការ​រួម​គ្នា​រវាង​សាសនា និង​ប្រពៃណី​នា​ពេល​នេះ មិន​ត្រឹមតែ​ជា​ការ​គោរព​តាម​ទំនៀមទម្លាប់​ដ៏​ថ្លៃថ្លា​របស់​ដូនតា​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ក្លាយជា​ស្ពាន​ចម្លង​ក្នុង​ការ​បង្កើន​ស្មារតី​សាមគ្គីភាព​ធ្លុង​មួយ​ដ៏​រឹង​មាំ រវាង​រដ្ឋបាល​ខេត្ត កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​គ្រប់​ជាតិ​សាសន៍ ដើម្បី​ឱ្យ​មហា​គ្រួសារ​ខ្មែរ​រស់នៅ​ប្រកបដោយ​សេចក្តីសុខរ​មនា ។

ថ្នាក់ដឹកនាំ​ខេត្ត បាន​ប្រសិទ្ធពរ​ជ័យ ជូន​ចំពោះ​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្តមណ្ឌលគិរី ឱ្យ​ជួប​តែ​សេចក្តីសុខ​ចម្រើន និង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ជឿនលឿន​ខ្លាំងក្លា​ថែម​ទៀត ៕