សម្ដេចតេជោ ៖ គ្មានការយោគយល់ណាមួយ ចំពោះទីតាំងដែលយកធ្វើជាកន្លែងឆបោកតាមប្រព័ន្ធអនឡាញ និងអ្នកដែលពាក់ព័ន្ធនោះទេ
- កំពង់ធំ
ខេត្តកំពង់ធំ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញថា គ្មានការយោគយល់ណាមួយនោះទេ ចំពោះទីតាំងណាដែលយកធ្វើជាកន្លែងឆបោកតាមប្រព័ន្ធអនឡាញ និងអ្នកដែលពាក់ព័ន្ធ ក៏មិនត្រូវបានលើកលែងដែរ ។
ការបញ្ជាក់របស់សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ធំ ចំនួន១ ១៨៩នាក់ នាព្រឹកថ្ងៃទី៣ មិថុនា ឆ្នាំ២០២៦ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ការជួបជុំនេះ ជាបេសកកម្មលើកទី១១ និងចំនួន១២ ខេត្ត ក្រុងហើយរបស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង ស្ថាប័ននានា តាមបណ្ដារាជធានី ខេត្ត ដោយពីផ្ដើមពីខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ ។
គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។
ម្យ៉ាងវិញទៀត ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរម្លឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពង់ធំ ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក។
សម្តេចតេជោក៏បានថ្លែងកោតសរសើរអភិបាលខេត្ត និងមេយោធាខេត្តកំពង់ធំ ដែលបានធ្វើការងារបានល្អ ពាក់ព័ន្ធនឹងអតីតយុទ្ធជន និងនិវត្តន៍ជន នៅខេត្តកំ ពង់ធំ ជាពិសេសការគិតគូរ និងយកចិត្តទុកដាក់លើសុខទុក្ខរបស់ពួកគាត់ ដោយសម្តេចបញ្ជាក់ថា និវត្តន៍ជន និងអតីត យុទ្ធជនសុទ្ធតែជាអ្នកមានស្នាដៃចំពោះជាតិមាតុភូមិ ដូច្នេះមិនត្រូវទុកពួកគាត់ចោលនោះឡើយ។
សម្ដេចតេជោ ក៏បន្តឱ្យអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ការពារ និងថែរក្សាធនធានធម្មជាតិដែលមានក្នុងមូលដ្ឋាន ជាពិសេសខេត្តកំពង់ធំ គឺធនធានធម្មជាតិបឹងទន្លេសាប ត្រូវទប់ស្កាត់ការកាប់ទន្ទ្រានព្រៃលិចទឹក និងរួមគ្នាថែរក្សាឱ្យបានគង់វង្ស។
សម្តេចតេជោបានក្រើនរម្លឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព ។
សម្តេចតេជោ ប្រមុខរដ្ឋស្ដីទីក៏បានលើកឡើងនូវប្រសាសន៍ដែលសម្តេចតែងរម្លឹកដល់មន្ត្រីតាំងពីពេលនៅកាន់ការងារជានាយករដ្ឋមន្ត្រី ថាយើងត្រូវរត់ទៅរកការងារ កុំឱ្យការងាររត់មករកយើង ហើយយើងត្រូវរត់ទៅរកប្រជាជន កុំឱ្យប្រជាជនរត់មករកយើង។
សម្តេចតេជោបានណែនាំដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។ សម្ដេចតេជោ ក៏បានក្រើនរម្លឹកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការកៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន។
បើតាមរបាយការណ៍របស់ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា មានក្រឡាផ្ទៃ ១៥ ០៦១ គីឡូម៉ែត្រក្រឡា មានក្រុង១ ស្រុក៨ ឃុំ៧៣ សង្កាត់៨ និងមានភូមិ ៧៦៥។ ឯកឧត្ដមបានបន្ដថា កំពង់ធំបាននិងកំពុងប្រែមុខមាត់ថ្មី និងកំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីប្រែក្លាយសក្តានុពលរបស់ខេត្តដែលមានផ្ទៃដីធំជាងគេ និងនៅចំចំណុចកណ្ដាលប្រទេស សម្បូរទៅ ដោយធនធានទឹក និងមានប្រជាជនជិតមួយលាននាក់ ឱ្យទៅជាមូលដ្ឋានសេដ្ឋកិច្ចកាន់តែរឹងមាំ ៕

ចែករំលែកព័តមាននេះ