អន្តរជាតិ ៖ តម្លៃមាសអន្តរជាតិបានធ្លាក់ចុះ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ខណៈការផ្ទុះឡើងវិញនៃជម្លោះមជ្ឈិមបូព៌ាបានរុញច្រានតម្លៃប្រេងឆៅអន្តរជាតិឱ្យហក់ឡើងខ្ពស់ និងធ្វើឱ្យកិច្ចចរចារវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ត្រូវជាប់គាំង ស្របពេលបណ្តាវិនិយោគិនកំពុងរង់ចាំទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់សហរដ្ឋអាមេរិកដែលនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមប្រភពពី Reuters បានចេញផ្សាយ។
តម្លៃមាសអន្តរជាតិបានធ្លាក់ចុះ ០,៣% មកនៅត្រឹម ៤ ៤៧១ ដុល្លារអាមេរិកក្នុង១អោន ឬ ៥ ៣៨៦ ដុល្លារក្នុង១តម្លឹង គិតត្រឹមម៉ោង ១២:១០ នាទីថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា) បន្ទាប់ពីកើនឡើងជាង ១% នៅក្នុងការជួញដូរមុន។
ក្រឡេកទៅមើលតម្លៃប្រេងឆៅ Brent ដែលជាប្រេងស្តងដាពិភពលោក បានកើនឡើង ១,៤% ដល់ ៩៧,៣៩ ដុល្លារក្នុង១បារ៉ែល។ ចំណែកឯប្រេងឆៅសហរដ្ឋអាមេរិក WTI បានកើនឡើងដល់ ៩៥,២០ ដុល្លារក្នុង១បារ៉ែល ឬ ១,៥%។
បញ្ជាការដ្ឋានកណ្តាលកងទ័ពសហរដ្ឋអាមេរិកបានថ្លែងថា អ៊ីរ៉ង់បានបាញ់បណ្តាមីស៊ីលបាលីស្ទិក សំដៅទៅរកប្រទេសជិតខាងក្នុងតំបន់ គឺកូវ៉ែត និងបារ៉ែន ប៉ុន្តែបរាជ័យក្នុងការវាយប្រហារចំគោលដៅ ដោយទៀតបន្ថែមថា កងទ័ពអាមេរិកបានវាយបកទៅលើកោះ Qeshm របស់អ៊ីរ៉ង់វិញ ដើម្បីជាការឆ្លើយតបទៅនឹងការប៉ុនប៉ងវាយប្រហារទាំងនោះ។
ការប្រែប្រួលថ្មីៗនេះ បង្ហាញឱ្យឃើញកាន់តែច្បាស់អំពីភាពផុយស្រួយនៃកិច្ចព្រមព្រៀងសន្តិភាពតំបន់មជ្ឈិមបូព៌ា បើទោះបីជាទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានប្រកាសកាលពីសប្តាហ៍មុនថាបានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដើម្បីបញ្ឈប់សង្គ្រាមយ៉ាងណាក៏ដោយ ប៉ុន្តែនៅមិនទាន់បានចុះហត្ថលេខាជាផ្លូវការលើអ្វីមួយនៅឡើយទេ។
បើទោះបីជាមាសត្រូវបានប្រៀបជាឧបករណ៍ការពារទប់ទល់នឹងអតិផរណាយ៉ាងណាក៏ដោយ ក៏វាហាក់ដូចជាបាត់បង់ភាពទាក់ទាញ នៅពេលអត្រាការប្រាក់ខ្ពស់។ ជាក់ស្តែង លោកស្រី Beth Hammack ប្រធានធនាគារកណ្តាលអាមេរិកសាខា Cleveland បានថ្លែងថា ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលជាត្រូវដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗខាងមុខ ប្រសិនបើសម្ពាធអតិផរណាដែលខ្ពស់ស្រាប់ទៅហើយនោះ នៅតែបន្តកើនឡើងទៀត។
បច្ចុប្បន្ន បណ្តាវិនិយោគិនកំពុងរង់ចាំទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ ក៏ដូចជាការងារនៅក្រៅវិស័យកសិកម្មរបស់សហរដ្ឋអាមេរិក ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) និងរបាយការណ៍ការងារនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីវាយតម្លៃពីទិសដៅគោលនយោបាយរូបិយវត្ថុរបស់ Fed៕



ចែករំលែកព័តមាននេះ