រាជធានីភ្នំពេញ ៖ យុវជនទំនើង២ក្រុមគប់ដុំថ្មដាក់គ្នា និងដេញវាយកាប់ចាក់យ៉ាងអនាធិបតេយ្យនៅមុខហាងតែចិនជូ រហូតវាយខ្ទេចអស់ម៉ូតូ២គ្រឿង ដែលផ្ញើនៅមុខហាងតែចិនជូ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ សីហា នៅមុខហាងតែចិនជូ តាមបណ្តោយមហាវិថីមុនីវង្ស ក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មានយុវជន៤នាក់ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក LX ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1E-0615 និងមួយគ្រឿងទៀតម៉ាកវ៉េវ អ៊ី ពាក់ស្លាកលេខ ភ្នំពេញ 1U-2544 យកទៅផ្ញើសន្តិសុខយាមនៅហាងតែចិនជូ ។ បន្ទាប់ពីផ្ញើហើយយុវជនទាំង៤នាក់ឈរនៅមុខហាងដោយកាន់ដុំថ្មនៅនឹងដៃ ហើយបក់ដៃហៅយុវជនមួយក្រុមទៀតជិះម៉ូតូ៥គ្រឿង មានគ្នា១០នាក់ ក្នុងនោះមានម៉ូតូហ្វីណូ២គ្រឿង និង៣គ្រឿងទៀតអត់ស្គាល់ ដោយក្រុមនេះបានជិះម៉ូតូហួសទៅហើយ ប៉ុន្តែដោយសារឃើញយុវជន៤នាក់នេះបក់ដៃហៅរបៀបឌឺក៏បត់មកក្រោយវិញ ។
ប្រភពព័ត៌មានបន្តថា ពេលឃើញម៉ូតូ៥គ្រឿងបត់មកវិញ យុវជនទាំង៤នាក់ដែលឈរកាន់ដុំថ្ម បានចោលសំដៅទៅលើយុវជនទាំង១០នាក់នោះ ហើយពួកនោះក៏ឈប់ម៉ូតូយកដុំថ្មចោលមកវិញ ។ លុះចោលទៅវិញទៅមក ក្រុមយុវជន៤នាក់ក៏អស់ដុំថ្ម ឃើញដូចនេះយុវជនទាំង១០នាក់បានដាក់ដកដាវសាមូរ៉ៃចេញដេញកាប់ពេញទីនោះ ប៉ុន្តែដោយយុវជនទាំង៤នាក់មានទីលំនៅជាន់ខាងលើកន្លែងកើតហេតុក៏នាំគ្នារត់តាមផ្លូវឌឿងហែមឡើងទៅលើផ្ទះអស់។ ក្មេងទំនើងទាំង១០នាក់រកមិនឃើញ ក៏ដើរត្រឡប់មកវិញ ឃើញម៉ូតូ២គ្រឿងនោះស្គាល់ច្បាស់ថា ជាម៉ូតូរបស់ក្រុមបដិបក្ខក៏នាំគ្នាយកដំបងវាយកម្ទេចម៉ូតូទាំង២គ្រឿង ទោះបីជាមានការហាមឃាត់ពីសន្តិសុខដែលយាមនៅកន្លែងកើតហេតុមិនឱ្យវាយ និងប្រាប់ថា មិនមែនជាម៉ូតូរបស់យុវជនទាំង៤នាក់យ៉ាងណាក៏ដោយ ក៏ក្មេងទំនើងទាំង១០នាក់នោះនៅតែវាយរហូតខ្ទេចទើបនាំគ្នារត់ឡើងម៉ូតូចេញទៅបាត់អស់ ៕
ចែករំលែកព័តមាននេះ