រាជធានីភ្នំពេញ ៖ យុវជនម្នាក់បែកក្បាលហូរឈាមរហាមរត់ពីរង្វង់មូលនាងគង្ហីង ទៅដល់ផ្សារដេប៉ូ ត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំប្រាប់ថា មានចោរវាយប្លន់យកម៉ូតូនៅរង្វង់មូលនាងគង្ហីង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ សីហា ។
ប្រភពព័ត៌មានពីប៉ូលិសផ្សារដេប៉ូទី១ បានឱ្យដឹងថា ខណៈពេលកំពុងយាមល្បាតស្រាប់តែឃើញយុវជនម្នាក់រត់មកទាំងមានបែកក្បាលឈាមហូរពេញខ្លួន ក៏ឃាត់សួរនាំ យុវជននោះនិយាយថា រូបគេត្រូវក្រុមចោរវាយប្លន់យកម៉ូតូ សង់ សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៩ ឡើងស៊េរី២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-8130 យកទៅបាត់នៅចំណុចរង្វង់មូលនាងគង្ហីង។ យុវជនរងគ្រោះមានឈ្មោះពូ ហៅពៅ អាយុ២៨ឆ្នាំ មានទីលំនៅផ្សារដេប៉ូ ខណ្ឌទួលគោក ជិះគ្នា៣នាក់ ប៉ុន្តែ២នាក់ទៀតជិះពីក្រោយមិនមានរងរបួសទេ ។ ជនរងគ្រោះបញ្ជាក់ថា មានចោរមួយក្រុមជិះម៉ូតូមកប្លន់យកម៉ូតូរបស់គេ ហើយវាយរូបគេបែកក្បាលផ្នែកខាងក្រោយ។
បន្ទាប់ពីដឹងព័ត៌មានភ្លាម ប៉ូលិសសង្កាត់ផ្សារដេប៉ូទី១ មានទំនាក់ទំនងហៅប៉ូលិសសង្កាត់វាលវង់ឱ្យមកយកជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដោយសារកើតហេតុនៅទឹកដីវាលវង់ ប៉ុន្តែជនរងគ្រោះមិនព្រមទៅដាក់ពាក្យបណ្តឹងទេ ពេលសមត្ថកិច្ចសួរនាំក៏មិនចង់និយាយដែរ ហើយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក៏ជនរងគ្រោះមិនព្រមទៅដែរ ទើបសមត្ថកិច្ចក៏ឱ្យត្រឡប់ទៅផ្ទះវិញតែម្តង។
តាមការវាយតម្លៃរបស់សមត្ថកិច្ចលើករណីនេះសង្ស័យជារឿងទំនាស់គុំគួនច្រើនជាង មិនមែនជាករណីប្លន់យកម៉ូតូទេ៕
ចែករំលែកព័តមាននេះ