រាជធានីភ្នំពេញ ៖ យុវនិស្សិតម្នាក់ត្រូវសមត្ថកិច្ចការិយាល័យស្រាវជ្រាវប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី២ សីហា ដោយជាប់ពាក់ព័ន្ធនាំកូនស្រីគេអាយុ១៥ឆ្នាំ ទៅរំលោភសេពសន្ថវៈ។ យុវនិស្សិតដែលកងរាជអាវុធហត្ថឃាត់ខ្លួននេះឈ្មោះសាំងបញ្ញា អាយុ២១ឆ្នាំ មានទីលំនៅផ្ទះលេខ២៧៦A ផ្លូវលំ សង្កាត់ទូលសង្កែ ខណ្ឌឫស្សីកែវ។
ទាក់ទិននឹងការឃាត់ខ្លួនយុវនិស្សិតខាងលើនេះលោកវរសេនីយ៍ត្រីជា ជោគ ប្រធានការិយាល័យស្រាវជ្រាវប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃមន្ទីរស្រាវជ្រាវយុត្តិធម៌កងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យដឹងថា ការឃាត់ខ្លួនឈ្មោះសាំង បញ្ញា សមត្ថកិច្ចរបស់លោកបានធ្វើឡើងតាមពាក្យបណ្តឹងអាណាព្យាបាលជនរងគ្រោះ។ លោកជា ជោគ បានឱ្យដឹងទៀតថា ពាក្យបណ្តឹងអ្នកស្រីគិត ណា អាយុ៥៤ឆ្នាំ មុខរបរជាកសិកររស់នៅភូមិអំពិលរុង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាលបានប្តឹងចោទប្រកាន់ឈ្មោះសាំង បញ្ញា រំលោភសេពសន្ទវៈលើកូនស្រីគាត់អាយុ១៥ឆ្នាំ។ អំពើររំលោភត្រូវបានយុវជននោះប្រព្រឹត្តឡើងកាលពីថ្ងៃទី២៦ កក្កដា ២០១១កន្លងទៅ។ ក្រោយពីមានពាក្យបណ្តឹងនោះលោកឧត្តមសេនីយ៍ទោះយ៉ាគឹម អ៊ី មេបញ្ជាការរងកងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដាក់បទបញ្ជាឱ្យការិយាល័យជំនាញរបស់លោកស៊ើបអង្កេត និងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យតាមបណ្តឹងនោះ ដើម្បីបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ អ្នកស្រីដើមបណ្តឹងរៀបរាប់តាមសំដីកូនស្រីថា នៅវេលាម៉ោងប្រហែល១១យប់ ថ្ងៃទី២៥ កក្កដា នាងបានចេញពីហាងលក់ដូរមួយនៅម្តុំផ្សារទឹកថ្លា ហើយបានរកហៅម៉ូតូឌុបជិះទៅផ្ទះ។ ខណៈពេលនាងកំពុងឈរកហៅម៉ូតូឌុបស្រាប់តែឈ្មោះសាំង បញ្ញា ជិះម៉ូតូម៉ាកអាយខន ពណ៌ផ្កាឈូកលាយស ជាមួយមិត្តម្នាក់ទៀត បានហៅនាងឱ្យជិះជាមួយគេ និងជូនទៅផ្ទះ។ ដើមបណ្តឹងរៀបរាប់តាមសម្តីកូនស្រីទៀតថា ពេលនោះយប់ជ្រៅណាស់ ហើយនាងរកម៉ូតូឌុបជិះគ្មានក៏បានសម្រេចចិត្តឡើងម៉ូតូយុវជនសាំង បញ្ញា ជាមនុស្សដែលមិនស្គាល់គ្នាសោះ។ ពេលជិះម៉ូតូជាមួយឈ្មោះសាំ បញ្ញា គេបានបបួលនាងទៅស៊ីផឹកនៅហាងមួយឈ្មោះវិចិត្រ១ និងចេញពីនោះចូលហាងតុងតុងមួយកន្លែងទៀត។ ចុងក្រោយឈ្មោះសាំង បញ្ញា បានឌុបទៅផ្ទះរបស់គេរួចរំលោភសេពសន្ថវៈនាងបានសម្រេច២ដងក្នុង១យប់នោះ ខណៈពេលនាងស្រវឹងលែងដឹងអ្វីទាំងអស់។ លោកជា ជោគ បានឱ្យដឹងទៀតថា ចម្លើយជនសង្ស័យក៏ប្រហាក់ប្រហែលនិងការបំភ្លឺរបស់នារីរងគ្រោះដែរថា នៅវេលាម៉ោង៩យប់ រូបគេនិងមិត្តភក្តិ១ក្រុមបានទៅផឹកស៊ីនៅហាងវិចិត្រ៣ រួចហើយស្រវឹងសឿងៗបានចេញពេលម្តុំផ្សារទឹកថា្លជួបនារីម្នាក់ហក់ដៃហៅគេឱ្យជួយឌុបជូនទៅផ្ទះគេក៏អត់ប្រកែកដែរ ប៉ុន្តែនៅពេលកំពុងជិះម៉ូតូគេបាននិយាយព្រមព្រៀងគ្នាទៅផឹកស៊ីនៅហាងតុងតុងមុនចូលផ្ទះ។ ម៉ោងប្រហែល២រំលងអធ្រាត្រពួកគេបានផឹកស្រវឹង ខ្លួនសាំង បញ្ញា បានឌុបនាងទៅផ្ទះរបស់នាង ហើយយប់នោះបានរួមរ័ក្សលើនាងសម្រេច២ដង លុះពេលព្រឹកឡើងឪពុកម្តាយគេឃើញមានយកនារីមកដេកក្នុងផ្ទះ ពួកគាត់ក៏ស្តីបន្តោសឱ្យ ពេលនោះខ្លួន(បញ្ញា) បានជូននាងទៅផ្ទះតែម្តងទៅ។
យោងលើពាក្យបណ្តឹងដើមចោទ និងយោងលើចម្លើយសារភាពជនសង្ស័យស៊ីចង្វាក់គ្នា ដូចរឿងតែមួយសមត្ថកិច្ចកងរាជអាវុធហត្ថក៏សាងសំណុំរឿងបញ្ជូនជនជាប់សង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធីច្បាប់។ សមត្ថកិច្ចកងរាជអាវុធហត្ថបានឱ្យដឹងថា យុវនិស្សិតឈ្មោះសាំង បញ្ញា មានជំងឺសសៃប្រសាទ ឧស្សាប្រកាច់ ដូចជំងឺឆ្កូតជ្រូក នៅពេលណាគេគិតច្រើន។ ដូចជាការចាប់ខ្លួនពេលនោះយុវជនឈ្មោះសាំង បញ្ញា ប្រកាច់បែកពពុះមាត់សុំឱ្យសមត្ថកិច្ចស្រឡាំងកាំងគ្រប់គ្នាំ៕
ចែករំលែកព័តមាននេះ