ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​បញ្ជា​ឱ្យ​លោកស្នងការ​ខេត្ត ស្រាវជ្រាវ​រក​រថយន្ត​ដឹក​ទុរេន​មក​ពី​ក្រៅ​ចូល​បែក​អន្លូង ​ដើម្បី​បន្លំ​ភ្នែក​ពលរដ្ឋ

12 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ដើម្បី​លើកកម្ពស់​និង​រក្សា​កេ​រ្តិ៍​ឈ្មោះ​ទុរេន​បែក​អន្លូង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ មាន​រសជាតិ​ឆ្ងាញ់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិស​ទី​ចូល​ចិត្ត​ទិញ​យក​ទៅ​ពិសា​រហើយ​មិនតែប៉ុណ្ណោះ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ច្រើន​តោន​ទៀត ព្រោះ​ពួក​គាត់​បាន​ដាំ​ដុះ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​របស់​ក្រសួងកសិកម្ម​។

ឯកឧត្តម​អ៊ុ​ន​ ចាន់​ដា​ អភិបាលខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា​ឆ្នាំ​២០២៦ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​អតីត​យុទ្ធ​ជន​និវត្តជន​ចំនួន​២០០​នាក់ នៅ​បរិវេណ​សាលាស្រុក​ស្ទឹង​ត្រង់ បាន​លើក​ឡើង​ថា​ក្នុង​មួយ​រយៈ​នេះ​មាន​គេ​រាយការណ៍​មក​រូប​លោក​ដោយ​មាន​រថយន្ត​ពាក់​ស្លាក​លេខ​ដដែល​ៗ ដែល​បាន​ដឹក​ទុរេន​ពី​តំបន់​ខាងក្រៅ​យក​មក​ស្តុ​បទ​ទុក​នៅ​តាម​ចំការ​មួយ​ចំនួន​នៅ​បែក​អន្លូង​សកម្មភាព​ដឹក​នេះ​គឺ​ធ្វើ​ឡើង​តែ​ពេល​យប់​ៗ​ប៉ុណ្ណោះ​។

ឯកឧត្តម​អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា តាម​រយៈ​ស្លាក​លេខ​រថយន្ត​ដែល​បាន​ស្គាល់​និង​សង្ស័យ​ដឹក​ទុរេន​មក​ពី​ខាងក្រៅ ក៏​បាន​ប្រគល់​ឱ្យទៅ​លោកស្នងការ​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​រថយន្ត​ដែល​ដឹក​បទល្មើស​នោះ​។​ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​បែប​នេះ​រូប​លោក​បាន​ឲ្យ​ដាក់​កម្លាំង​មួយ​ក្រុម​យាម​ប្រចាំការ​នៅ​ក្បាលស្ពាន​ស្ទឹង​ត្រង់​-​ក្រូចឆ្មារ ត្រើយ​ខាងលិច​ទឹកដី​ស្រុក​ស្ទឹង​ត្រង់​ខេត្តកំពង់ចាម ក្នុង​ករណី​បើ​ឃើញ​រថយន្ត​ដែល​ដឹក​ទុរេន​នៅ​ពេល​យប់​ត្រូវ​តែ​ចាប់​ឃាត់​ទុក​ដើម្បី​មាន​វិធានការ​តាម​ច្បាប់​។

កន្លង​ទៅ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​យ៉ា​ដា រស់នៅ​ស្រុក​ព្រៃឈរ បាន​លក់​ទុរេន​នាំ​មក​ពី​ប្រទេស​ថៃ ហើយ​បាន​ឡាយ​លក់​តាម​បណ្ដាញ​សង្គម​ភូត​កុហក​ប្រជាពលរដ្ឋ​ថា​ទុរេន​កំពង់ចាម​។ កន្លង​ទៅ​ថ្មី​ៗ​រូប​លោក​(​អភិបាលខេត្ត​)​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ក្នុង​នោះ​មាន​មន្ទីរ​ពាណិជ្ជកម្ម​បាន​ចុះ​សំណេះសំណាល​ជាមួយ​សហគមន៍​ទុរេន​បែក​អន្លូង ហើយ​មាន​​ផ្ទៃដី​ប្រមាណ​៥០​ហិ​កតា​ប៉ុណ្ណោះ​កំពុង​តែ​ផ្ដល់​ផល បើ​គិត​ទៅ​យក​មក​ចែកចាយ​លក់​នៅ​កំពង់ចាម​គឺ​មិន​ទាំងគ្រប់​រឿង​អី​ថា​ទុរេន​បែក​អន្លូង ទៅ​វិញ​នោះ តាម​ពិត​នាំ​មក​ពី​ផ្ទះ​លេខ​២​សោះ​។ ហើយ​ករណី​ស្ត្រី​ឈ្មោះ​យ៉ា​ដា នៅ​ស្រុក​ព្រៃឈរ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ខេត្តបាត់ដំបង​ចាត់ការ​តាម​នីតិវិធី​។

ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម ​បញ្ជាក់​ថា ក្នុង​នាម​រដ្ឋបាល​ខេត្ត​គឺ​បាន​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា​រក្សា​គេ​ឈ្មោះ​ទុរេន​បែក​អន្លូង ដោយ​អាច​ប្រើ​ពេល​កន្លះ​ខែ​ទៀត​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និង​មាន​QR​កូដ បិទ​នៅ​លើ​ផ្លែ​ទុរេន​បែក​អន្លូង ដូច្នេះ​មិន​អាច​មាន​ជន​ណា​មក​បន្លំ​បាន​នោះ​ទេ​។ ហើយ​សកម្មភាព​ដែល​មាន​ក្រុម​ឈ្មួញ​ខិលខូច​លួច​ដឹក​ទុរេន​ពី​តំបន់​ខាងក្រៅ​មក​ចូល​ចំការ​នៅ​បែក​អន្លូង​គឺ​សូម​ឱ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​យកចិត្តទុកដាក់​ប្រឹងប្រែង​ទប់ស្កាត់​ឱ្យ​ខាង​តែ​បាន​គឺ​មិន​ឱ្យ​មាន​បន្ត​ទៀត​នោះ​ទេ​ ។​ សំខាន់​គឺ​រក្សា​នៅ​គុណភាព​ទុរេន​បែក​អន្លូង ធ្វើ​យ៉ាងណា​មិន​ឲ្យ​សាប​ដូច​នៅ​តំបន់​ផ្សេង​នោះ​ឡើយ​។ ហើយ​ក្នុង​ករណី​បើ​រក​ឃើញ​រថយន្ត​ដឹក​ទុរេន​មក​ពី​តំបន់​ខាងក្រៅ​ពាក់ព័ន្ធ​និង​មន្ត្រី​ណាមួយ​នោះ​គឺ​មិន​អត់ឱន​ឱ្យ​ទេ​ ៕​