ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វៀតណាមបោះទុន ១៧ប៊ីលីយេនដុល្លារ ក្នុងគម្រោងពង្រីកបណ្ដាញរថភ្លើងក្រោមដីប្រវែង ២០០គីឡូម៉ែត្រនៅក្រុងហូជីមិញ​

1 ថ្ងៃ មុន

ទីក្រុងហូជីមិញ៖ ការិយាល័យនយោបាយវៀតណាមបានចេញសេចក្តីសម្រេចបង្គាប់ឱ្យរដ្ឋបាលទីក្រុងហូជីមិញ បង្កើនល្បឿនពង្រីកបណ្តាញរថភ្លើងក្រោមដី​របស់ខ្លួនឱ្យបានដល់ប្រវែង ២០០ គីឡូម៉ែត្រត្រឹមឆ្នាំ២០៣០ ដែលមានន័យថាទីក្រុងត្រូវស្ថាបនាផ្លូវរថភ្លើងថ្មីបន្ថែមប្រមាណ ១៨០ គីឡូម៉ែត្រទៀត ក្នុងរយៈពេលត្រឹមតែ ៥ ឆ្នាំខាងមុខ ដោយពង្រីកទំហំធំជាងបច្ចុប្បន្នដល់ទៅ ១០ដង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃទី២៨ ខែឧសភានេះ។

បច្ចុប្បន្ន ទីក្រុងសេដ្ឋកិច្ចមួយនេះមានផ្លូវរថភ្លើងក្រោមដីតែមួយខ្សែគត់គឺខ្សែទី១​ប្រវែង ២០ គីឡូម៉ែត្រ ដែលបានបើកដំណើរការកាលពីចុងឆ្នាំ២០២៤។

ដើម្បីសម្រេចបាននូវគោលដៅនេះ គម្រោងសំខាន់ៗជាច្រើនកំពុងស្ថិតក្រោមការសាងសង់ និងត្រៀមបើកការដ្ឋាន រួមមាន៖ ខ្សែទី២ ដែលរត់កាត់ក្រោមទន្លេសៃហ្គន, ខ្សែរថភ្លើងល្បឿនលឿនកាត់ឆ្នេរកានស៊យប្រវែង ៥៤ គីឡូម៉ែត្រ (វិនិយោគដោយក្រុមហ៊ុន VinSpeed នៃសម្ព័ន្ធ Vingroup) និងខ្សែរថភ្លើងភ្ជាប់ទៅកាន់ព្រលានយន្តហោះអន្តរជាតិថ្មីឡុងថាញ់ ប្រវែង ៤៨ គីឡូម៉ែត្រ។

នាយកដ្ឋានសំណង់នៃទីក្រុងបានប៉ាន់ប្រមាណថា គម្រោងអាទិភាពទាំងនេះត្រូវចំណាយប្រាក់ប្រហែល ១៧ ប៊ីលានដុល្លារអាម៉េរិក ដោយទីក្រុងកំពុងកៀរគរទុនបន្ថែមពីវិស័យឯកជន។ មហិច្ឆតានេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ដ៏រ៉ាំរ៉ៃ និងការបំពុលបរិយាកាស ដោយរំពឹងថានឹងអាចដោះស្រាយការធ្វើដំណើររបស់ពលរដ្ឋឱ្យបាន ២០-៣០% ត្រឹមឆ្នាំ២០៣០ និងឡើងដល់ ៥០-៦០% ត្រឹមឆ្នាំ២០៤៥៕