រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០និង៣០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចបន្ទប់ជួល ផ្លូវថ្នល់រទេះភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះ ពាក់ព័ន្ធនឹងករណីលួច (កាច់សោរកម៉ូតូ និងទូរស័ព្ទ) កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ជនសង្ស័យខាងលើមានឈ្មោះ មិ សិលា ហៅខ្លា ភេទប្រុស អាយុ២៩ឆ្នាំ ។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ