ខេត្តកំពត ៖ អ្នកនាំពាក្យសាលាដំបូងខត្តកំពត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្ដន្ទាទោសជនជាប់ចោទ ពាក់ព័ន្ធនឹងករណីសំណុំរឿងឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង ( ករណីឃាតកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូងឈ្មោះ PARK MINHO ) ។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពត ជម្រាបជូនថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកំពតបានបើកសវនាការជំនុំជម្រះលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៦០០-I ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដែលមានជនជាប់ចោទឈ្មោះ JIN TIAN_LONG ជនជាតិចិន, ឈ្មោះ VIN_SONG_WAN ជនជាតិចិន, ឈ្មោះ LI GUANG IIAO ជនជាតិចិន, ឈ្មោះ LI XING PENG ជនជាតិចិន, ឈ្មោះ LIU HAOXING ជនជាតិចិន និងឈ្មោះ ZIIU RENZHE, ជនជាតិចិន ពីបទ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅចំណុចអាគារលេខ ១៧៣ តំបន់៣(បុរីក្រោន) ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០៥, មាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ ។
ក្រោយពីការធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់រួចមក ឃើញថា មានភស្តុតាង និងពិរុទ្ធភាពគ្រប់គ្រាន់លើជនជាប់ចោទ ទាំង ៦នាក់ខាងលើ ។
ហេតុដូច្នេះ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកំពត បានប្រកាសជាសាធារណៈ នូវសាលក្រមព្រហ្មទណ្ឌលេខ: ២៨១ (គ) ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទដូចខាងក្រោម ៖
១. ឈ្មោះ LI XING PENG ហៅ YOU FU ភេទប្រុស កើតថ្ងៃទី៥ ខែមករា ឆ្នាំ១៩៩១ ជនជាតិចិន
២. ឈ្មោះ LIU HAOXING ហៅ ‘TA THOV ភេទប្រុស កើតថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩៦ ជនជាតិចិន
៣. ឈ្មោះ ZHU RENZHE ហៅ CHEA KER ភេទប្រុស កើតថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៨២ ជនជាតិចិន
៤. ឈ្មោះ YIN SONG WAN ភេទប្រុស កើតថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៧២ ជនជាតិចិន
៥. ឈ្មោះ JIN TIAN LONG ហៅ KIN CHEOL LYEONG ភេទប្រុស កើតថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៨១ ជនជាតិចិន
៦. ឈ្មោះ LI GUANG IIAO ហៅ XIAO PIANO ភេទប្រុស កើតថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩១ ជនជាតិចិន ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ អស់មួយជីវិត ពីបទ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងឆបោកមានស្ថានទម្ងន់ទោសជាក្រុម មានការចាត់តាំង ប្រព្រឹត្តនៅចំណុចអាគារលេខ១៧៣ តំបន់៣ (បុរីក្រោន) ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ២០៥, មាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងសម្រេចរឹបអូសវត្ថុ ដែលចាប់យកពាក់ព័ន្ធបទល្មើសខាងលើផងដែរ ។
គួររម្លឹកថា យោងតាមរបាយការណ៍លទ្ធផលប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងខណៈដែលនគរបាលចុះល្បាតជំនាញ បានប្រទះឃើញរថយន្តដឹកសាកសពមួយគ្រឿង ក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត វេលាម៉ោង ០២:០០ នាទី រំលងអធ្រាត្រ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ ភ្លាមនោះ នគរបាលបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន២នាក់ ដែលទី១.ឈ្មោះ LI XINGPENG ហៅ YOU FU ភេទប្រុស អាយុ៣៥ឆ្នាំ និងទី២.ឈ្មោះ ZHU RENZHE ហៅ CHEA KER ភេទប្រុស អាយុ៤៣ឆ្នាំ ដែលក្នុងនោះម្នាក់ជាអ្នកបើកបរ និងម្នាក់ ទៀតរួមដំណើរដឹកសព។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ប៉ាជា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ បានរត់គេចខ្លួន ។
ក្រោយពិនិត្យអត្តសញ្ញាណ ឃើញថា សពឈ្មោះ PARK MINHO ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតជនជាតិកូរ៉េខាងត្បូង បានធ្វើដំណើរមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។ បន្ទាប់ពីការធ្វើកោសល្យវិច័យបឋមរកឃើញថា សពជនរងគ្រោះបានស្លាប់ដោយគាំងបេះដូង ដែលបណ្តាលមកពីការ ធ្វើទារុណកម្ម ដោយមានស្នាមជាំជាច្រើនកន្លែងលើរាងកាយ។ អង្គហេតុនេះបញ្ជាក់ថា នគរបាលកម្ពុជាពុំ បានទទួលព័ត៌មាន ឬបណ្ដឹងពីក្រុមគ្រួសារសព ឬក៏ពីស្ថានទូតកូរ៉េខាងត្បូង ដូចការចុះផ្សាយរបស់ សារព័ត៌មាន South China Morning Post ដែលថា គ្រួសារសព បានស្វែងរកកិច្ចអន្តរាគមន៍ជួយសង្គ្រោះតាមរយៈស្ថានទូត និងនគរបាលមូលដ្ឋាននោះទេ ។
តាមការវិភាគជំនាញ អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងស្នងការដ្ឋាន នគរបាលខេត្តកំពត បានបន្តស៊ើបអង្កេត និងឈានទៅបង្ក្រាបផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលជាកន្លែងស្នាក់នៅរបស់ជនរងគ្រោះមុនពេលស្លាប់ និងជាទីតាំងដែលត្រូវបានកំណត់មុខសញ្ញាថា មានសកម្មភាពអនឡាញខុសច្បាប់ ។
ក្នុងការបង្ក្រាបនោះ នគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ LIU HAOXING ហៅ TA THOV ភេទប្រុស អាយុ២៩ឆ្នាំ ដែលជាអ្នកគ្រប់គ្រងអគារ និងបានដកហូតសម្ភារវត្ថុតាងពាក់ព័ន្ធមួយចំនួន។ ដោយឡែក ជនសង្ស័យម្នាក់ទៀតឈ្មោះ ហាយ ភេទប្រុស ជនជាតិចិន អាយុប្រហែល៣០ឆ្នាំ បានរត់គេចខ្លួនបាត់ ។
ក្រោយពីការប្រមូលភស្តុតាង ការស្តាប់ចម្លើយជនសង្ស័យ ការបំពេញកិច្ចការជំនាញស្របតាមនីតិវិធីកំណត់ដោយច្បាប់ នគរបាលយុត្តិធម៌ បានកសាងសំណុំរឿងយ៉ាងមូល និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបញ្ជូនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដើម្បីបន្តនីតិវិធី ។
ក្រោយបំពេញនីតិវិធីស៊ើបអង្កេត ផ្ទៀងផ្ទាត់ភស្តុតាង និងស្តាប់ចម្លើយជនសង្ស័យទាំងបីនាក់ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យទាំងនោះ និងបក្ខពួកចំនួន២នាក់ទៀត ពីបទឃាតកម្ម ដោយអំពើឃោរឃៅ និងបទឆបោក (តាមប្រព័ន្ធបច្ចេកវិទ្យា) ក្នុងមាត្រា២០៥, មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ធ ៕




ចែករំលែកព័តមាននេះ