ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ចំពោះអ្នកជំនួញចិន តុអាហារមិនមែនគ្រាន់តែជាកន្លែងញ៉ាំបាយទេ ប៉ុន្តែគឺជាសមរភូមិសាកល្បងចិត្តមនុស្សដើម្បីសម្រេចចិត្តថាតើគួរចាប់ដៃគូជាមួយអ្នកណា។
ក្បួនទីមួយដែលអ្នកត្រូវដឹងគឺកុំបញ្ជាទិញម្ហូបថ្លៃជាងម្ចាស់ផ្ទះដើម្បីបង្ហាញពីភាពសុភាពរាបសាររបស់អ្នក។ បន្ទាប់មកគឺត្រូវចេះចែករំលែកអាហារ ព្រោះការញ៉ាំដោយគិតតែពីខ្លួនឯងបង្ហាញថាអ្នកនឹងកេងចំណេញពេលចែកលាភលើជំនួញ។ ការរៀបចំម្ហូបលើតុដោយមានសមតុល្យ ក៏ឆ្លុះបញ្ចាំងពីសមត្ថភាពគ្រប់គ្រងប្រព័ន្ធការងាររបស់អ្នកផងដែរ។ បន្ថែមពីនេះ អ្នកត្រូវចាំម្ចាស់ផ្ទះជាអ្នកចាប់ផ្ដើមមុន ដែលបង្ហាញពីភាពចេះគ្រប់គ្រងចិត្តខ្លួនឯង និងការគោរពតាមសណ្ដាប់ធ្នាប់។ ការគោរពកន្លែងអង្គុយដោយមិនដណ្ដើមអង្គុយកន្លែង VIP ក៏ជារឿងសំខាន់ដែលបង្ហាញពីការដឹងខុសត្រូវ និងអត្តសញ្ញាណរបស់ខ្លួន។
នៅពេលលើកកែវស្រាជាមួយអ្នកធំ ត្រូវឱ្យមាត់កែវខ្លួនឯងទាបជាងគេជានិមិត្តរូបនៃភាពសុភាពរាបសារ។ ចំពោះការនិយាយស្ដី ត្រូវរក្សាភាពស្ងប់ស្ងាត់និងមាត់ធ្ងន់ពេលស្រវឹង ដើម្បីបញ្ជាក់ថាអ្នកជាមនុស្សដែលអាចទុកចិត្តឱ្យរក្សាការសម្ងាត់ជំនួញបាន។ ម្យ៉ាងទៀត កុំដណ្ដើមទូទាត់លុយជាមួយម្ចាស់ផ្ទះ ព្រោះវាជាការបំបាក់មុខពួកគេ។ ជាមួយគ្នានេះដែរ ការចេះរើសពេលនិយាយរឿងជំនួញក៏ជាក្បួនសំខាន់ ដោយត្រូវកសាងទំនុកចិត្តសិនមុននឹងនិយាយរឿងលុយកាក់។
ចុងក្រោយគឺត្រូវចេះដកខ្លួនឱ្យទាន់ពេលវេលាដោយភាពថ្លៃថ្នូរក្រោយចប់ការសន្ទនា ដែលបង្ហាញពីភាពជាអ្នកជំនួញអាជីព។ ការសង្កេតតូចតាចទាំងនេះ គឺជាវិធីសាស្ត្រដែលអ្នកជំនួញចិនប្រើដើម្បីមើលមនុស្សឱ្យដាច់មុននឹងចុះហត្ថលេខាលើកិច្ចសន្យាដ៏ធំមួយ៕
ចែករំលែកព័តមាននេះ