ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកដោះម្ដាយថ្លៃ! រកឃើញមនុស្ស ៥នាក់នៅរស់ក្នុងរូងភ្នំនៅឡាវ ក្រោយជាប់គាំង ១សប្ដាហ៍

6 ម៉ោង មុន

​ប្រទេសឡាវ៖ ក្រុមអ្នកសង្គ្រោះបានបញ្ជាក់នៅថ្ងៃពុធនេះថា គេបានរកឃើញអ្នកភូមិចំនួន ៥នាក់ ក្នុងស្ថានភាពមានជីវិត និងមានសុវត្ថិភាពឡើងវិញហើយ បន្ទាប់ពីបានជាប់គាំងនៅក្នុងរូងភ្នំអណ្តូងរ៉ែមួយកន្លែង ដែលរងការជន់លិចដោយទឹកជំនន់ភ្លាមៗ នៅក្នុងស្រុកឡុងឆេង ខេត្តសៃសូមប៊ូន​ប្រទេសឡាវ អស់រយៈពេលមួយសប្ដាហ៍ពេញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times នៅថ្ងៃទី២៧ ខែឧសភានេះ។

ជនរងគ្រោះទាំងនោះស្ថិតក្នុងស្ថានភាពដាច់បាយ និងអស់កម្លាំងល្វើយ ប៉ុន្តែមានសុខភាពថេរ ខណៈអាជ្ញាធរកំពុងបន្តស្វែងរកអ្នកភូមិ ២នាក់ទៀតដែលនៅសេសសល់។ ក្រុមជនរងគ្រោះសរុប ៧នាក់នេះ បានលួចចូលទៅក្នុងរូងភ្នំកាលពីថ្ងៃទី២០ ខែឧសភា ដើម្បីរុករករ៉ែមាស និងបរបាញ់សត្វព្រៃ ហើយនៅពេលទឹកជំនន់បិទច្រកចេញ ពួកគេបានព្យាយាមជួយសង្គ្រោះខ្លួនឯងតែមិនបានសម្រេច រហូតដល់ថតវីដេអូផ្ញើតាម Facebook Messenger ទៅកាន់អ្នកល្បីល្បាញក្នុងស្រុកម្នាក់ដើម្បីសុំជំនួយ។

ប្រតិបត្តិការសង្គ្រោះទ្រង់ទ្រាយធំនេះ មានការចូលរួមពីក្រុមអ្នកជំនាញថៃចំនួន ២៦នាក់ រួមទាំងក្រុមអ្នកមុជទឹកដែលធ្លាប់មានបទពិសោធជួយសង្គ្រោះក្រុមបាល់ទាត់កុមារនៅក្នុងរូងភ្នំថាំហ្លួងកាលពីឆ្នាំ២០១៨ ផងដែរ។ ឧបសគ្គដ៏ធំបំផុតគឺផ្លូវក្នុងរូងភ្នំមានភាពតូចចង្អៀតខ្លាំង (កន្លែងខ្លះមានទំហំត្រឹមតែ ៥០សង់ទីម៉ែត្រ) រួមផ្សំនឹងការបាក់ស្រុតថ្ម និងការធ្លាក់ភ្លៀងបន្តបន្ទាប់ដែលធ្វើឱ្យកម្រិតទឹកឡើងខ្ពស់។ មុនពេលរកឃើញបន្តិច អាជ្ញាធរនិងអ្នកភូមិថែមទាំងបានរៀបចំពិធីសែនព្រេនតាមទំនៀមទម្លាប់ដើម្បីសុំសេចក្ដីសុខ។

បច្ចុប្បន្ន ក្រុមការងារកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន និងបច្ចេកវិទ្យាវាស់វែង 3D ដើម្បីស្វែងរកច្រកចូលផ្សេងទៀត ព្រមទាំងបូមពង្វែរទិសដៅទឹក ដើម្បីធានាសុវត្ថិភាពក្នុងការនាំយកអ្នកដែលនៅសល់មកក្រៅ៕