ទីក្រុងតេហេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានចេញមុខចោទប្រកាន់សហរដ្ឋអាម៉េរិកយ៉ាងធ្ងន់ធ្ងរថា បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាកាលពីខែមេសាយ៉ាងចំហ បន្ទាប់ពីកងទ័ពអាម៉េរិកបានបើកការវាយប្រហារយោធាទៅលើតំបន់ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២៦ ខែឧសភានេះ។
យុទ្ធនាការយោធានេះកើតឡើងចំពេលដែលប្រទេសប៉ាគីស្ថានកំពុងដើរតួជាស្ពានការទូតសម្របសម្រួលសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ ដែលទង្វើនេះត្រូវបានភាគីអ៊ីរ៉ង់ថ្កោលទោសថាជាការបង្ហាញឱ្យឃើញពីធាតុពិតរបស់អាម៉េរិកដែលមិនគោរពតាមសន្យា និងធ្វើឱ្យអ៊ីរ៉ង់កាន់តែអស់ជំនឿចិត្ត។
យោងតាមបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាម៉េរិក បានអះអាងថា ខ្លួនបានធ្វើសកម្មភាពស្វ័យការពារដោយវាយប្រហារលើតំបន់ដែលជាមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់របស់អ៊ីរ៉ង់ ដោយបានកម្ទេចនាវាដាក់មីនចំនួន ២គ្រឿង និងទីតាំងបាញ់មីស៊ីលការពារអាកាសមួយកន្លែង។ ជាការឆ្លើយតបវិញ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសថា កងកម្លាំងការពារអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនប្រយុទ្ធរបស់អាម៉េរិកមួយគ្រឿង ព្រមទាំងបានបើកការវាយប្រហារលើកប៉ាល់ហោះស៊ើបការណ៍ និងយន្តហោះចម្បាំងបំបាំងកាយ F-35 របស់អាម៉េរិក ដែលបានចូលមកឈ្លានពានដែនអាកាសរបស់ខ្លួនផងដែរ។
អ៊ីរ៉ង់បានព្រមានយ៉ាងម៉ឺងម៉ាត់ថា ខ្លួនរក្សាសិទ្ធិស្របច្បាប់ក្នុងការវាយបកវិញរាល់ការរំលោភកិច្ចព្រមព្រៀងឈប់បាញ់ណាមួយពីសំណាក់អាមេរិកនាពេលខាងមុខ៕
ចែករំលែកព័តមាននេះ