ប្រធានាធិបតីកោះតៃវ៉ាន់ រួមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកជាច្រើនកាលពីថ្ងៃចន្ទសប្តាហ៍នេះបានចេញទៅទទួលបដិសណ្ឋារកិច្ចនាងយ៉ានី សេងបន្ទាប់ពីនាងវិលត្រឡប់ពីការប្រកួតវាយកូនហ្គោលដោយជោគជ័យក្នុងក្របខណ្ឌធំWomen’s British Openនៅប្រទេសស្កុតលែន។ នាងយ៉ានី សេងវ័យ២២ឆ្នាំដណ្តើមបានពានជើងឯកក្របខណ្ឌធំជាលើកទី៥របស់ខ្លួនជាមួយលទ្ធផលសរុប១៦អាន់ឌ័រ ២៧២។ ជាមួយនឹងលទ្ធផលលើកនេះ នាងយ៉ានី សេងនៅតែរក្សាតំណែងជាកីឡាការិនីលំដាប់ទី១ពិភពលោករបស់ខ្លួនបានដដែល។
នៅក្នុងសារសម្តែងនូវក្តីសរសើរមួយ លោកប្រធានាធិបតីMa Ying-jeouបានចាត់ទុកនាងយ៉ានី សេងក្នុងនាមជាពន្លឺឆព្វណ្ណរង្សីរបស់តៃវ៉ាន់។ លោកបាននិយាយថា នាងយ៉ានី សេងបានខិតខំយ៉ាងខ្លាំងដើម្បីនាំយកកិត្តិនាមជូនប្រទេសហើយថានាងសមតែទទួលការសរសើរ។ សម្រាប់នាងយ៉ានី សេងនោះគឺជាជ័យជម្នះពានជើងឯកដ៏ធំលើកទី២ប្រចាំរដូវកាល។ នាងបាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ល្អខ្លាំងណាស់។នោះជាទីកន្លែងដ៏អស្ចារ្យមួយ។ វាមានលក្ខណៈងាយស្រួលគ្រប់យ៉ាងដែលធ្វើឲ្យខ្ញុំអាចយកឈ្នះពានជើងឯកជាថ្មីម្តងទៀត។ ការចាប់ប្រកួតដំបូងខ្ញុំហាក់ដូចជាភ័យខ្លះៗដែរ ប៉ុន្តែនិយាយជារួមមក ការប្រកួតនៅឆ្នាំនេះគឺល្អច្រើនជាងឆ្នាំទៅមិញ»។
ការដណ្តើមបានពានជើងឯកជាលើកទី២នោះធ្វើឲ្យនាងយ៉ានី សេងទទួលបានទឹកប្រាក់រង្វាន់៣៩២ពាន់និង១៣៣ដុល្លារអាមេរិក ខណៈនាងប្រ៊ីតានី ឡាងចំណាត់ថ្នាក់លេខ២ទទួលបាន២៣១ពាន់និង០៦៥ដុល្លារ៕
ចែករំលែកព័តមាននេះ