រដ្ឋាភិបាលថៃនិយាយថា ខ្លួននឹងស្វែងរកថវិកាផ្សេងឱ្យបានឆាប់រហ័សក្នុងការដោះស្រាយជម្លោះនឹងរក្សាទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលក្រុងប៊ែរឡាំងដើម្បីការពារកិត្តិនាមរាជវង្សថៃ។ មកដល់ពេលនេះព្រះអង្គម្ចាស់នៅមិនទាន់បានប្រគល់ព្រះរាជទ្រព្យរបស់ទ្រង់ផ្ទាល់ក្នុងការដោះស្រាយបញ្ហា តែទ្រង់បានសម្តែងឆន្ទៈក្នុងការចូលរួមដោះស្រាយ ហើយរដ្ឋាភិបាលក៏បានជំរាបទ្រង់ថា នឹងព្យាយាមដោះស្រាយតាមវិធីសាស្ត្ររបស់ខ្លួនសិន។នេះបើតាមសម្តីរបស់លោកនាយករដ្ឋមន្ត្រីត្រៀមចេញពីតំណែងអាភីស៊ីត វ៉េចាជីវ៉ា កាលពីថ្ងៃទី២ សីហា។
ព្រះរាជទាយាទមហាវិចរ៉ាឡុងកន ធ្លាប់បានប្រកាសថា ទ្រង់នឹងប្រទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គដើម្បីជួយរដ្ឋាភិបាលយកយន្តហោះទ្រង់ត្រូវឃាត់ទុកក្នុងប្រទេសអាល្លឺម៉ង់មកវិញ។ ទ្រង់បានទទួលធ្វើសវនាការជាមួយលោកអាប់ភីស៊ីត វ៉េចាជីវ៉ាដើម្បីចង់ដឹងពីបញ្ហាយន្តហោះរបស់ទ្រង់។
កាលពីថ្ងៃទី២ សីហា លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត បានជួបជាមួយលោកមេធាវីJulasing Wasantasing ដើម្បីពិភាក្សាពីបញ្ហា និងមធ្យោយបាយបញ្ចប់បញ្ហា។
មេធាវីមួយក្រុមនឹងត្រូវធ្វើដំណើរទៅទីក្រុងប៊ែរឡាំងនាថ្ងៃទី៣ សីហា សំរាប់រយៈមួយសប្តាហ៍ ដើម្បីរកដំណោះស្រាយ។ ក្នុងពេលដែលករណីនេះស្ថិតនៅក្នុងដៃតុលាការអាល្លឺម៉ង់ តុលាការតំបន់ដែលទទួលរឿងក្តី បានចេញដីកាបង្ខាំងយន្តហោះប៊ូអ៊ីញ៧៣៧ ដែលព្រះអង្គម្ចាស់ថៃតែងប្រើប្រាស់ក្នុងពេលចុះចតនៅព្រលានយន្តហោះក្រុងមុយនិចកាលពីខែមុន។
ក្នុងជួររដ្ឋាភិបាលថៃបានឈ្លោះប្រកែកគ្នាថា យន្តហោះនោះជារបស់ព្រះអង្គម្ចាស់ផ្ទាល់ មិនមែនរបស់រដ្ឋាភិបាលទេ។ តុលាការក្រុងប៊ែរឡាំងយល់ព្រមប្រគល់យន្តហោះវិញប្រសិនបើរដ្ឋាភិបាលថៃព្រមតម្កល់ប្រាក់ចំនួន២០លានដុល្លារ ប៉ុន្តែរដ្ឋាភិបាលថៃជំទាស់។ យន្តហោះនោះនាពេលនេះនៅក្នុងប្រទេសអាល្លឺម៉ង់នៅឡើយ។ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា និយាយថា នឹងគ្មានការដាក់ប្រាក់តម្កល់សំរាប់ធានាយន្តហោះនេះឡើយ៕
ចែករំលែកព័តមាននេះ