ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ប្រសិនបើអ្នកតែងតែផ្ញើសារសួរថា «បងកំពុងធ្វើអ្វី?» ទៅកាន់ដៃគូ ប៉ុន្តែទទួលបានការឆ្លើយតបដែលបង្ហាញពីភាពមិនខ្វល់ខ្វាយ សូមកុំបន្តកុហកខ្លួនឯងទៀតឡើយ។
ការទទួលបានពាក្យថា «កំពុងរវល់» ទាំងដែលគេមានពេលលេងបណ្តាញសង្គម មិនមែនជាការរវល់ពិតប្រាកដនោះទេ ប៉ុន្តែវាជាលេសដើម្បីចៀសវាងការចំណាយពេលជាមួយអ្នក។ លើសពីនេះ ប្រសិនបើអ្នកទទួលបានការឆ្លើយតបបែបមិនពេញចិត្តដូចជា «មានរឿងអ្វីទៀត?» នោះវាគឺជាសញ្ញាដែលបង្ហាញយ៉ាងច្បាស់ថា ការយកចិត្តទុកដាក់របស់អ្នកត្រូវបានគេចាត់ទុកថាជាបន្ទុក ឬការរំខានសម្រាប់គេ។
សញ្ញាដែលឈឺចាប់ជាងគេគឺការស្ងៀមស្ងាត់ទាំងស្រុង។ ការដែលមនុស្សម្នាក់មើលឃើញសាររបស់អ្នកហើយជ្រើសរើសមិនឆ្លើយតប ទាំងដែលគេមានពេលបង្ហោះរូបភាព ឬលេងបណ្តាញសង្គម គឺជាការបញ្ជាក់ថាគេមិនផ្តល់តម្លៃ និងមិនខ្វល់ពីអារម្មណ៍របស់អ្នកឡើយ។
ក្នុងទំនាក់ទំនង មនុស្សដែលស្រលាញ់អ្នកពិតប្រាកដនឹងមិនធ្វើឱ្យអ្នកត្រូវដេកចាំសារទាំងក្តីកង្វល់នោះទេ។ ដូច្នេះ ក្នុងនាមជាស្ត្រីដ៏ឆ្លាតវៃ អ្នកត្រូវមានភាពក្លាហានក្នុងការទទួលស្គាល់ការពិត ហើយងាកមកស្រលាញ់ និងផ្តល់តម្លៃឱ្យខ្លួនឯងវិញ ជំនួសឱ្យការរង់ចាំមនុស្សដែលមិនស្គាល់តម្លៃរបស់អ្នក៕
ចែករំលែកព័តមាននេះ