ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកដែលឆ្លងកាត់ការលំបាកក្នុងជីវិតច្រើន តែងតែបង្កើតបានជាភាពធន់ និងភាពម្ចាស់ការលើអារម្មណ៍ ដែលធ្វើឱ្យពួកគេរក្សាភាពនឹងនរបានទោះបីជួបព្យុះភ្លៀងក្នុងជីវិតក៏ដោយ។ នេះជាចរិតលក្ខណៈទាំង ១១ ដែលពួកគេមាន៖
ទីមួយ ពួកគេចេះផ្ដោតលើអ្វីដែលអាចគ្រប់គ្រងបាន ដោយមិនចំណាយថាមពលទៅលើបញ្ហាដែលហួសពីសមត្ថភាពឡើយ។ ទីពីរ ពួកគេជាអ្នកជំនាញក្នុងការគ្រប់គ្រងអារម្មណ៍ ដោយចេះកំណត់សម្គាល់ និងកែសម្រួលអារម្មណ៍ខ្លួនឯងភ្លាមៗនៅពេលមានបញ្ហា។ ទីបី ពួកគេមិនយកបញ្ហាតូចតាចមកធ្វើជាកង្វល់ធំដុំ ឬមនោសញ្ចេតនាហួសហេតុនោះទេ។ ទីបួន ពួកគេមានបណ្ដាញសង្គមដ៏រឹងមាំពីគ្រួសារ និងមិត្តភក្តិដែលផ្ដល់ការគាំទ្រដល់ពួកគេ។ ទីប្រាំ ពួកគេចេះស្រលាញ់ និងជឿជាក់លើខ្លួនឯង ដែលជាខែលការពារផ្លូវចិត្តពីការថប់បារម្ភ។ ទីប្រាំមួយ ពួកគេមិនទុកកំហឹង ឬការស្អប់ខ្ពើមក្នុងចិត្តយូរនោះទេ ដោយពួកគេជ្រើសរើសការដោះស្រាយដោយផ្ទាល់។ ទីប្រាំពីរ ពួកគេមានជំនឿចិត្តលើសមត្ថភាពផ្ទាល់ខ្លួនក្នុងការឆ្លងកាត់ឧបសគ្គ។ ទីប្រាំបី ពួកគេមិនយកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ ដែលជាការសន្សំសំចៃថាមពលផ្លូវចិត្តយ៉ាងល្អ។
ទីប្រាំបួន ពួកគេចេះរក្សាតុល្យភាពប្រព័ន្ធប្រសាទតាមរយៈការរស់នៅប្រកបដោយភាពស្ងប់ស្ងាត់។ ទីដប់ ពួកគេតែងតែស្វែងរកអត្ថន័យ និងមេរៀនវិជ្ជមានពីគ្រប់បញ្ហាដែលពួកគេបានជួប។ ចុងក្រោយ ពួកគេចេះផ្ដល់ពេលវេលាឱ្យខ្លួនឯងសម្រាកដោយគ្មានអារម្មណ៍ថាមានទោសកំហុស ដែលនេះជាកត្តាជួយឱ្យពួកគេរក្សាភាពនឹងនរបានជានិច្ច៕
ចែករំលែកព័តមាននេះ