ទីក្រុងវ៉ាស៊ីនតោន៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាម៉េរិក (CDC) បានប្រកាសដាក់ចេញនូវបទបញ្ជាថ្មីមួយ ដោយពង្រីកវិសាលភាពនៃការរឹតបន្តឹងការធ្វើដំណើរ គ្របដណ្ដប់ទៅលើជនបរទេសដែលមានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់ ឬហៅថាអ្នកកាន់កាតបៃតងផងដែរ (Green Card) ដើម្បីបង្ការការរីករាលដាលនៃវីរុសអេបូឡាដែលកំពុងផ្ទុះឡើងនៅតំបន់អាហ្វ្រិកខាងកើត និងអាហ្វ្រិកកណ្ដាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua ថ្ងៃទី២៣ ខែឧសភានេះ។
ផ្អែកតាមគោលការណ៍ណែនាំសុខាភិបាលសាធារណៈសហព័ន្ធចុងក្រោយនេះ រាល់អ្នកកាន់ Green Card ទាំងឡាយណា ដែលបានធ្វើដំណើរទៅកាន់ប្រទេសកុងហ្គោ អ៊ូហ្គង់ដា ឬស៊ូដង់ខាងត្បូង ក្នុងរយៈពេល ២១ថ្ងៃចុងក្រោយ នឹងត្រូវហាមឃាត់មិនឱ្យចូលទឹកដីសហរដ្ឋអាម៉េរិកជាបណ្ដោះអាសន្ន។ វិធានការថ្មីនេះ គឺជាការបន្ថែមទៅលើកញ្ចប់ច្បាប់រឹតបន្តឹងរយៈពេល ៣០ថ្ងៃ ដែលអាម៉េរិកបានប្រកាសកាលពីដើមសប្ដាហ៍ទៅលើអ្នកកាន់លិខិតឆ្លងដែនបរទេសទូទៅ។
ទោះជាយ៉ាងណាក៏ដោយ ស្ថាប័ន CDC បានបញ្ជាក់ច្បាស់ថានេះមិនមែនជាការហាមឃាត់ជាអចិន្ត្រៃយ៍នោះទេ ប៉ុន្តែវាជាអំណាចឆន្ទានុសិទ្ធិរបស់ភ្នាក់ងារក្នុងការគ្រប់គ្រងធនធានឆ្លើយតបបន្ទាន់ និងការពារសុខភាពសាធារណៈ ខណៈដែលបច្ចុប្បន្ន មិនទាន់មានការរកឃើញករណីឆ្លងជំងឺអេបូឡាណាមួយនៅក្នុងសហរដ្ឋអាម៉េរិកឡើយ ហើយកម្រិតហានិភ័យចំពោះប្រជាពលរដ្ឋទូទៅនៅមានកម្រិតទាបនៅឡើយ៕
ចែករំលែកព័តមាននេះ