រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងជំងឺអេបូឡា (Ebola) ។
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា អង្គការ សុខភាពពិភពលោក (WHO) បានរាយការណ៍ពីការផ្ទុះជំងឺអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ និងបានប្រកាសជាភាពអាសន្នសុខភាពសាធារណៈអន្តរជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ ជំងឺនេះ ក៏បានឆ្លងរាលដាលទៅប្រទេសអ៊ូហ្គង់ដា និងបណ្តាលឱ្យមានអ្នកឆ្លង និងស្លាប់ផងដែរ។ រហូតមកដល់ពេលនេះ កម្ពុជា មិនទាន់រកឃើញករណីជំងឺអេបូឡានៅឡើយទេ ។
ក្រសួងសុខាភិបាល បាននិងកំពុងតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ ព្រមទាំងបានផ្សព្វផ្សាយចំណេះដឹង និងណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ បុគ្គលិកសុខាភិបាលទូទាំង ប្រទេស អ្នកទទួលទូរសព្ទ១១៥ និងសាធារណជន តាមបណ្ដាញទំនាក់ទំនងសង្គម។
ជាមួយនេះក្រសួងបានត្រៀម វិធានការចាំបាច់សម្រាប់ការពារ និងឆ្លើយតបបន្ទាន់ ប្រសិនបើមានករណីសង្ស័យកើតឡើងនៅកម្ពុជា ។
ជំងឺអេបូឡា គឺជាជំងឺឆ្លងធ្ងន់ធ្ងរ បង្កដោយក្រុមវីរុសអេបូឡា ដែលអាចបណ្ដាលឱ្យស្លាប់ ក្នុងអត្រាខ្ពស់រហូតដល់ ៨០-៩០ ភាគរយ ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលា។ វីរុសនេះ ត្រូវបានគេរកឃើញនៅឆ្នាំ ១៩៧៦ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយភាគច្រើនត្រូវបានរកឃើញនៅតំបន់សាហារ៉ា នៃទ្វីបអាហ្វ្រិក។ ក្រុមវីរុសអេបូឡា ដែលអាចបង្កជំងឺលើមនុស្សមាន ៤ ប្រភេទ រួមមាន អេបូឡា (Ebola)ស៊ូដង់ (Sudan) តៃហ្វ័ររេស (Tai Forest) និងប៊ុនឌីប៊ូហ្គីយ៉ូ (Bundibugyo) ។
បច្ចុប្បន្ន មានវ៉ាក់សាំងសម្រាប់បង្ការជំងឺអេបូឡា មួយចំនួន ដែលត្រូវបានប្រើនៅក្នុងតំបន់មានផ្ទុះជំងឺ ឬក្នុងក្រុមហានិភ័យខ្ពស់។ មិនមានឱសថព្យាបាលជាក់លាក់ ដែលអាចសម្លាប់វីរុសបានទាំងស្រុងទេ មានតែការព្យាបាលថែទាំគាំទ្រទៅតាមទម្រង់ នៃជំងឺប៉ុណ្ណោះ ។
របៀបចម្លង ៖
-តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺ ឬអ្នកស្លាប់ ដោយសារជំងឺអេបូឡា ឬសម្ភារដែលមានផ្ទុកវីរុសអេបូឡា ។
-ជំងឺអេបូឡាអាចឆ្លងដោយកម្រតាមរយៈការប៉ះពាល់ជាមួយសត្វដែលមានផ្ទុកវីរុសអេបូឡា ដូចជា ពពួកអំបូរសត្វប្រចៀវ ជឹង ឈ្លូស ប្រើស និងស្វាដែលរស់នៅក្នុងព្រៃក្រាស់ៗនៃទ្វីបអាហ្វ្រិក។
រោគសញ្ញា ៖
-អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ រាក ក្អួត និងអាចមានការហូរឈាម។
-រោគសញ្ញាចាប់ផ្តើមបង្ហាញក្នុងរយៈពេល ពី២ថ្ងៃ ដល់២១ថ្ងៃ ជាមធ្យម លេចចេញចន្លោះពី៨ថ្ងៃ ទៅ ១០ ថ្ងៃ បន្ទាប់ពីប៉ះពាល់ជាមួយវីរុសអេបូឡា។
របៀបបង្ការ ៖
-លាងសម្អាតដៃជាមួយនឹងសាប៊ូនិងទឹកស្អាតឱ្យបានញឹកញាប់ ឬអាល់កុលលាងដៃ។
-ប្រសិនបើអ្នករស់នៅឬធ្វើដំណើរទៅតំបន់ដែលមានការសង្ស័យឬមានជំងឺអេបូឡាត្រូវអនុវត្តវិធានការ
ការពារខ្លួនឱ្យបានត្រឹមត្រូវ។
-ចៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយសារធាតុរាវក្នុងរាងកាយរបស់បុគ្គលដែលឆ្លងវីរុសអបូឡា ឬអ្នកស្លាប់ដោយសារជំងឺនេះ ឬសម្ភារដែលមានវីរុសអេបូឡា។ សារធាតុរាវក្នុងរាងកាយ រួមមាន ឈាម ទឹកនោម លាមក ទឹកមាត់ ញើស កំអួត ទឹកដោះម្តាយ ទឹកភ្លោះ ទឹកកាម និងទឹករំអិលរបស់ មនុស្សដែលមានជំងឺអេបូឡា។
-លើសពីនេះ សូមចៀសវាងការប៉ះពាល់ជាមួយ ៖
– សម្លៀកបំពាក់ កម្រាលពូក ខ្នើយ ម្ជុល ឧបករណ៍វេជ្ជសាស្ត្រ ឬរបស់របរផ្សេងទៀតដែលអាច មានការប៉ះពាល់ឈាម ឬសារធាតុរាវរបស់មនុស្សដែលឆ្លងវីរុសអេបូឡា។
-សាកសពអ្នកសង្ស័យឬបញ្ជាក់ថាមានជំងឺអេបូឡា។
-ពពួកអំបូរសត្វប្រចៀវ ជឹង ឈ្លូស ប្រើស ស្វា និងឈាម សាច់ឆៅ ឬ សារធាតុរាវរបស់សត្វ ទាំងនេះ។
-ប្រើឧបករណ៍ការពារខ្លួន (PPE)នៅពេលប៉ះពាល់ ឬថែទាំអ្នកជំងឺសង្ស័យ ឬបញ្ជាក់ថាមានជំងឺអេបូឡា ឬស្លាប់ដោយសារជំងឺអេបូឡា ឈាម និងសារធាតុរាវក្នុងរាងកាយរបស់ពួកគេ ឬវត្ថុដែលប្រលាក់ ដោយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់ពួកគេ។
-បន្ទាប់ពីត្រឡប់មកពីតំបន់ផ្ទុះជំងឺអេបូឡា សូមតាមដានសុខភាពខ្លួនឯងរយៈពេល ២១ ថ្ងៃ និង ស្វែងរកការព្យាបាលជាបន្ទាន់ ប្រសិនបើមានរោគសញ្ញានៃជំងឺអេបូឡា។
-ប្រសិនបើមានរោគសញ្ញាដូចជា អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ក្អួត រាក និងមានប្រវត្តិធ្វើដំណើរពី តំបន់ផ្ទុះជំងឺអេបូឡា (សាធារណរដ្ឋកុងហ្គោ អ៊ូហ្គង់ដា) សូមទៅក៏និត្យនិងពិគ្រោះយោបល់ ជាមួយ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកជាបន្ទាន់ភ្លាមៗ។
-បុគ្គលិកសុខាភិបាល ត្រូវអនុវត្តវិធានការបង្ការការចម្លងរោគ និងការគ្រប់គ្រងការឆ្លងជំងឺយ៉ាង ម៉ឺងម៉ាត់គ្រប់ពេលវេលា។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ។ ក្រសួង សុខាភិបាលនឹងបន្តធ្វើការជូនដំណឹង អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្ដាញសង្គមផ្លូវការ របស់ក្រសួងសុខាភិបាល www.moh.gov.kh ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥
ដោយឥតគិតថ្លៃ ៕


ចែករំលែកព័តមាននេះ