ខេត្តស្វាយរៀង ៖ ព័ត៌មានបឋមឲ្យដឹងថា មានក្រុមចោរធ្វើសកម្មភាពលួចគាស់ផ្ទះយកម៉ូតូរបស់ប្រជាពលរដ្ឋ អស់ជាច្រើនគ្រឿង នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមប្រមាញ់ចាប់ឃាត់ខ្លួនបានម្នាក់ រួមវត្ថុតាងម៉ូតូ ១គ្រឿង នៅស្រុករមាសហែក ។
សមត្ថកិច្ច តាមប្រមាញ់ចាប់ខ្លួនជនសង្ស័យបានម្នាក់ នៅវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២២ ឧសភា ២០២៦ នៅស្រុករមាសហែក រីឯបក្ខពួក០២នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន ។
បើតាមប្រជាពលរដ្ឋរងគ្រោះម្នាក់ នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប បានប្រាប់អ្នកសារព័ត៌មានយើងថា រយៈពេល២សប្តាហ៌ចុងក្រោយនេះ មានក្រុមចោរ០១ក្រុម បានធ្វើសកម្មភាព ដាក់ថ្នាំបំពុលសត្វឆ្កែ ឲ្យងាប់អស់ជាច្រើនក្បាល និងចូលលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើន។ ហើយនៅយប់ថ្ងៃទី២១ ឧសភា ២០២៦ មានចោរ១ក្រុម មានគ្នា០៣នាក់ បានធ្វើសកម្មភាពដាក់ថ្នាំបំពុលសត្វឆ្កែងាប់ រួចចូលកាត់សោបន្ទប់គាស់ទ្វារចូលលួចម៉ូតូចំនួន០២គ្រឿង ក៏ប៉ុន្តែបានយកទៅប្លុងចោលម៉ូតូ០១គ្រឿង (ម៉ូតូចាស់) ហើយយកម៉ូតូម៉ាកហុងដាសេ១២៥ មួយគ្រឿង សារីថ្មី ទៅបាត់ ។
ប្រភពបន្តថា ប្រជាពលរដ្ឋបានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ សមត្ថកិច្ចកំពុងតាមស្រាវជ្រាវករណីចាស់ ក៏ជួបករណីថ្មីតាមប្រមាញ់ពីឃុំសំបួរ ស្រុកស្វាយទាប រហូតដល់ស្រុករមាសហែក ប្រទះឃើញជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាព ដោះអាវដោះក្របាំងម៉ូតូប្តូរជើងកង់ម៉ូតូ ហើយជនសង្ស័យនោះ គ្រាន់តែឃើញសមត្ថកិច្ច ក៏រត់គេចខ្លួនកាត់វាលស្រែ ។
ទោះបីជាយ៉ាងណា សមត្ថកិច្ចរត់ដេញតាមក្របួចចាប់បានម្នាក់ រីឯជនសង្ស័យ០២នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន។
ប្រជាពលរដ្ឋអបអរសាទរ និងអគុណចំពោះសមត្ថកិច្ចនគបាលស្រុកស្វាយទាប យកចិត្តទុកដាក់ ប្រឹងប្រែងបង្ក្រាបចាប់ខ្លួនជនសង្ស័យបានម្នាក់ និងសង្ឃឹមថា នឹងតាមស្រាវជ្រាវចាប់បក្ខពួក យកមកផ្តន្ទាទោសឲ្យខានតែបាន ៕







ចែករំលែកព័តមាននេះ