ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាអតីតប្រធានាធិបតីអាម៉េរិកជំនាន់មុនៗធ្លាប់បានគិតគូរពីការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៅក្នុងប្រទេសគុយបាអស់រយៈពេលរាប់សិបឆ្នាំមកហើយៗនៅពេលនេះវាហាក់បីដូចជាទម្លាក់មកលើរូបលោកជាអ្នកធ្វើកិច្ចការនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២២ ខែឧសភានេះ។
លោក ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា៖ «ប្រធានាធិបតីផ្សេងទៀតបានសម្លឹងមើលរឿងនេះអស់រយៈពេល ៥០ ទៅ ៦០ ឆ្នាំមកហើយ ដើម្បីធ្វើអ្វីមួយ។ ហើយមើលទៅហាក់ដូចជាខ្ញុំនឹងក្លាយជាអ្នកធ្វើវា ដូច្នេះខ្ញុំនឹងរីករាយក្នុងការធ្វើកិច្ចការនេះ»។ លោកបានបន្ថែមថា ជនជាតិអាម៉េរិកដើមកំណើតគុយបាអាចត្រឡប់ទៅវិញដើម្បីជួយបាន។
ស្ថានភាពកាន់តែតានតឹងឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានលើកឡើងថា លទ្ធភាពនៃការឈានទៅរកកិច្ចព្រមព្រៀងចរចាជាមួយគុយបាមិនមានកម្រិតខ្ពស់នោះឡើយនាពេលបច្ចុប្បន្ន។ ថ្មីៗនេះ សហរដ្ឋអាម៉េរិកបានចោទប្រកាន់ជាផ្លូវការលើមេដឹកនាំបដិវត្តន៍គុយបា លោក Raul Castro ជុំវិញករណីកងទ័ពអាកាសគុយបាបាញ់ទម្លាក់យន្តហោះអាម៉េរិកពីរគ្រឿងកាលពី ៣០ ឆ្នាំមុន ព្រមទាំងបានបញ្ជូនក្រុមនាវាផ្ទុកយន្តហោះចម្បាំងចរន្ត Nimitz ទៅកាន់តំបន់សមុទ្រការីបៀន ដែលសកម្មភាពទាំងនេះត្រូវបានគេមើលឃើញថាជាយុទ្ធនាការគាបសង្កត់យ៉ាងខ្លាំងក្លាប្រឆាំងនឹងគុយបា។
ជាការឆ្លើយតប ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានចេញមុខច្រានចោលការចោទប្រកាន់លើលោក Raul Castro ដោយហៅទង្វើរបស់អាម៉េរិកថាជា «ល្បិចកលនយោបាយ» ដែលគ្មានមូលដ្ឋានច្បាប់ទាល់តែសោះ ហើយរដ្ឋការទីក្រុងវ៉ាស៊ីនតោនកំពុងតែភូតកុហក និងបំប្លែងការពិតជុំវិញព្រឹត្តិការណ៍បាញ់ទម្លាក់យន្តហោះខ្នាតតូចរបស់អង្គការដែលលោកហៅថាជាក្រុមភេរវករជួញដូរគ្រឿងញៀន។ មេដឹកនាំគុយបារូបនេះក៏បានព្រមានយ៉ាងម៉ឺងម៉ាត់ផងដែរថា ការវាយប្រហារយោធាណាមួយពីសំណាក់សហរដ្ឋអាម៉េរិកមកលើគុយបា នឹងបង្កឱ្យមាន «ការបង្ហូរឈាមគ្នាយ៉ាងសាហាវ ជាមួយនឹងផលវិបាកដែលមិនអាចកាត់ថ្លៃបាន» ព្រមទាំងបំផ្លាញដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាម៉េរិកឡាទីន និងការីបៀនទាំងមូល៕
ចែករំលែកព័តមាននេះ