ខេត្តកំពង់ឆ្នាំង ៖ អាំងវែតទ័រឆក់ត្រីចំនួន ១២ គ្រឿង ដែលជាឧបករណ៍ល្មើសច្បាប់ស្ដីពីជលផល ត្រូវបានប្រជាពលរដ្ឋ ក្នុងឃុំសំរោងសែន ភ្ញាក់រលឹកប្រគល់ជូនខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦ នៅសាលាឃុំសំរោងសែន ស្រុកកំពង់លែង ។
លោក តាត សីហាក់ នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបាន បញ្ជាក់ថា មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បាទសហការជាមួយរដ្ឋបាលស្រុកកំពង់លែង អធិការនគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាល ធ្វើការអប់រំផ្សព្វផ្សាយ ស្តីពីច្បាប់ជលផល និងបញ្ជ្រាបការងារជាមួយភូមិឃុំមានសុវត្ថិភាពក្នុងឃុំសំរោងសែន ព្រមទាំង វិធានការ ចលនាប្រមូលឧបករណ៍នេសាទឆក់ត្រី ដែលជាបទល្មើសខុសច្បាប់ស្ដីពីជលផល ដែលប្រជាពលរដ្ឋនៅតែបន្តរក្សាទុកឧបករណ៍ឆក់ត្រី ដោយបានពន្យល់ថា ការប្រើប្រាស់ឧបករណ៍ឆក់ត្រីគឺជាបទល្មើសខុសច្បាប់អាចមានទោសទណ្ឌជាប់ពន្ធនាគារបាន។
ក្រោយការអំពាវនាវ ខណ្ឌរដ្ឋបាលជលផលបានទទួលអាំងវែតទ័រឆក់ត្រីចំនួន ១២ គ្រឿង ពីប្រជាពលរដ្ឋក្នុងឃុំសំរោងសែន ។
លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលនៅតែលួចរក្សាទុកឧបករណ៍ទាំងនេះសូមយកមកប្រគល់ឲ្យអាជ្ញាធរឃុំឬប៉ុស្តិ៍រដ្ឋបាល ផ្ទុយទៅវិញប្រសិនបើរកឃើញថានៅតែបន្តរក្សាទុក និងមានទោសទណ្ឌជាមិនខាន ៕





ចែករំលែកព័តមាននេះ