យោងតាមកាសែតអាល្លឺម៉ង់ DER SPIEGEL ថាការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ម្នាក់នៅក្រុងតេហេរ៉ង់ដឹកនាំធ្វើដោយលោក TAMIR PARDO ប្រមុខរបស់ចលនាមួយហៅក្រុម MOSSAD ។
កាសែត DER SPIEGEL ដែលដកស្រង់ប្រភពជិតដិតមួយរបស់ភ្នាក់ងារស៊ើបការណ៍អ៊ីស្រាអែលនិយាយថា ក្រុម MOSSAD អាចជាអ្នកទទួលខុសត្រូវហើយធ្វើឃាតអ្នករូបវិទ្យា អ៊ីរ៉ង់លោក DARIUS REZAINEJAD កាលពីថ្ងៃទី២៣ កក្កដា កន្លងមកនេះដែលរងការបាញ់ប្រហារ៥គ្រាប់ដោយបុរស២នាក់ដែលជិះម៉ូតូក្នុងវិថីមួយនៃក្រុងតេហេរ៉ង់ ។ សកម្មភាពនេះអាចជាប្រតិបត្តិការដំបូងដឹកនាំធ្វើដោយប្រមុខថ្មីរបស់ក្រុម MOSSAD លោក TAMIR PARDO ដែលជាផ្នែកមួយនៃផែនការសំដៅធ្វើវិច្ឆេទកម្មតាមគ្រប់មធ្យោបាយដល់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។
វាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយដែលក្រុម MOSSAD ប្រកាសទទួលខុសត្រូវយ៉ាងច្បាស់ចំពោះការធ្វើឃាតនេះ ។ អាជ្ញាធរអ៊ីរ៉ង់បានចោទប្រកាន់កាលពីសបា្តហ៍មុនចំពោះអ៊ីស្រាអែល និងសហរដ្ឋអាមេរិកថា ជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់អ្នកប្រាជ្ញអ៊ីរ៉ង់រូបនេះ ៕
ចែករំលែកព័តមាននេះ