រាជធានីភ្នំពេញ ៖ អ្នករត់ម៉ូឌុប២នាក់ កាលពីថ្ងៃទី១ សីហា កន្លងមក សមត្ថកិច្ចការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវនិងយុត្តិធម៌កងរាជអាវុធហត្ថរាជធានីឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូង ដោយពួកគេម្នាក់ជាប់ពាក់ព័ន្ធចែកចាយ និងម្នាក់ទៀតប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យទាំង២នាក់ខាងលើនេះម្នាក់ឈ្មោះឯក សុវណ្ណរ៉ា ហៅរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវជាតិលេខ២សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងម្នាក់ទៀតឈ្មោះសាក់ ស៊ីត្រាយ ហៅត្រាយ ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិដើមមៀនក្រុងតាខ្មៅ ខេត្តកណ្តាល។ ទាក់ទិននឹងការឃាត់ខ្លួនជនសង្ស័យខាងលើត្រូវលោកវរសេនីយ៍ឯក ខេន សុវណ្ណ មេបញ្ជាការរង និងជាប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌នៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងតាមការស្រាវជ្រាវរបស់ការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនដែលដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រីបាន់ សុភាព តាមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ យ៉ា គឹមអ៊ី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានី។
តាមព័ត៌មានលោកវរសេនីយ៍ឯក ខេន សុវណ្ណ បានឲ្យដឹងថា ការស្រាវជ្រាវ និងស៊ើបអង្កេតតាមរយៈការប្រើប្រាស់កម្លាំងជំនាញបានឃាត់ខ្លួនឈ្មោះសាក់ ស៊ីត្រាយ នៅចំណុចសំណង់អនាធិបតេយ្យ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃទី៣០ កក្កដា កន្លងមកវេលាម៉ោង១១ព្រឹក ដកហូតបានថ្នាំញៀន១កញ្ចប់តូច រីឯឈ្មោះឯក សុវណ្ណរ៉ា បានឃាត់ខ្លួនកាលពីថ្ងៃទី៣០ កក្កដា នៅចំណុចផ្លូវបេតុងភូមិ ព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយបានដកហូតថ្នាំញៀន១កញ្ចប់តូច។
លោកខេន សុវណ្ណ បានបន្តថា ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងក្នុងរូបភាពជាក់ស្តែង និង មានការអនុញ្ញាតពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីទៀតផង។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានសារភាពរួចអស់ហើយ ដូច្នោះសមត្ថកិច្ចរបស់លោកកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ