ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិគ្រោះធម្មជាតិនៅចិន៖ ភ្លៀងធ្លាក់បំបែកកំណត់ត្រាប្រវត្តិសាស្ត្រ បង្កជំនន់ទឹកភ្លៀងស.ម្លា.ប់មនុស្សយ៉ាងតិច​១២នាក់ និងបាត់ខ្លួនជាច្រើននាក់

1 ម៉ោង មុន

ប្រទេស​ចិន ៖ តាម​សារព័ត៌មាន​ចិន​ថា ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ និង​ទឹកជំនន់​កើត​មាន​ក្នុង​តំបន់​ជា​ច្រើន​របស់​ចិន នា​ស​ប្ដា​ហ៍​នេះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១២​នាក់ និង​បង្ខំ​ឲ្យ​មនុស្ស​ច្រើន​សិប​ពាន់​នាក់​ ត្រូវ​ជម្លៀស​ចេញ​។

ទូរទស្សន៍​រដ្ឋ​ចិន​ CCTV រាយការណ៍ នា​ថ្ងៃ​ទី​២០ ​ឧសភា ពី​មនុស្ស​ស្លាប់​៥​នាក់​ និង​១១​នាក់​បាត់​ខ្លួន ក្នុង​តំបន់​ស៊ី​មេន​ ខេត្ត​ហ៊ូ​ណា​ន់ ​ភាគ​កណ្ដាល​ចិន បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​នោះ​។ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​ធ្វើ​។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួ​ថា នា​យប់​ថ្ងៃ​ទី​១៩ ​ឧសភា​ មនុស្ស​ជាង​១៩.០០០​នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​។

តំបន់​នោះ​ ភ្លៀង​បាន​ធ្លាក់​ខ្លាំង​បំផុត​ដល់​កម្រិត​៣៣៩​មី​ល្លី​ម៉ែត្រ ​រយៈពេល​២៤​ម៉ោង រហូត​ដល់​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៨​ឧសភា​ ។ ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​នៃ​តំបន់​នោះ កម្រិត​ទឹកភ្លៀង​មាន​ដល់​២៤០​មី​ល្លី​ម៉ែត្រ​រយៈពេល​ត្រឹម​ប៉ុន្មាន​ម៉ោង​ដែល​នោះ​ជា​ឯ​ត្ត​ទ​កម្ម​ប្រវត្តិសាស្ត្រ​មួយ​។

នៅ​ខេត្ត​ជិតខាង​ហ៊ឺប៉ី​វិ​ថី​មួយ​ចំនួន​ប្រែ​ក្លាយទៅជា​ស្ទឹង ហើយ​ពួក​អ្នក​ជួយ​សង្គ្រោះ​ ត្រូវ​ប្រើ​កាណូត​កៅស៊ូ ជួយ​ប្រជាជន​ដែល​ជាប់​ក្នុង​ទឹកជំនន់​។ ស៊ី​ន​ហួ​បញ្ជាក់​ទៀត​ថា ផ្ទះ​ជា​ច្រើន​ត្រូវ​ទឹក​ជន់​លិច​ ឬ​​លំបាក់​។ មនុស្ស​៣​នាក់​ស្លាប់ ​និង​៤​នាក់​ទៀត​បាត់​ខ្លួន ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ ឧសភា​។

CCTV​ក៏​រាយការណ៍​ផង​ដែរ ​នា​ថ្ងៃ​ទី​១៩ ​ឧសភា​ ថា ភ្លៀង​ធ្លាក់​ខ្លាំង​ និង​ទឹកជំនន់ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​និង​៥​នាក់​បាត់​ខ្លួន​នៅ​ខេត្ត GUIZHOU ភាគ​និរតី​ចិន​។ ស៊ី​ន​ហួ​បន្ត​ថា នៅ​តំបន់​មួយ​ចំនួន​ផ្ទះ​ច្រើន​ខ្នង​ត្រូវ​ទឹក​ជន់​លិច​បណ្ដា​ផ្លូវថ្នល់​រង​ការ​ខូចខាត ហើយ​គមនាគមន៍​ត្រូវ​កាត់​ផ្ដាច់​។

មនុស្ស​ជាង​៣៧០០​នាក់​ ត្រូវ​បាន​ជម្លៀស​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង​។ ម្យ៉ាងវិញទៀត​ មនុស្ស​១០​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​១៦​ ឧសភា​ នៅ​តំបន់​ក្វា​ង​ស៊ី នា​ភាគ​ខាងត្បូង​ប្រទេស​ ពេល​ដែល​រថយន្ត​កាំ​មី​ញ៉ុ​ង​ធុន​តូច​មួយ​គ្រឿង​ក្រឡាប់​ធ្លាក់​ពីលើ​ស្ពាន​មួយ​ ៕