អន្តរជាតិ ៖ ប្រទេសរុស្ស៊ីកំពុងពិចារណាលើលទ្ធភាពនៃគម្រោងរួមត្រីភាគីជាមួយសហរដ្ឋអាមេរិក និងប្រទេសចិន ខណៈគម្រោងនេះ ត្រូវបានលើកឡើងដោយប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ស្របពេលប្រធានាធិបតីរុស្ស៊ី លោក វ្លាដឺមៀ ពូទីន (Vladimir Putin) បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅទីក្រុងប៉េកាំង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ (ថ្ងៃទី១៩-២០) ។
យោងតាមប្រភពពី Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅមុនពេលកិច្ចប្រជុំកំពូលរវាងលោក ស៊ី និងលោក ពូទីន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីដោយដកស្រង់សម្ដីរបស់លោក គីរីល ឌីមីទ្រីវ (Kirill Dmitriev) ប្រធាន RDIF ដែលជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ី បានរាយការណ៍ថា ទីក្រុងមូស្គូកំពុងពិចារណាលើគម្រោងរួមគ្នាជាមួយសហរដ្ឋអាមេរិក និងចិន ។
លោក គីរីល ឌីមីទ្រីវ ដែលជាអ្នកតំណាងពិសេសរបស់លោក ពូទីន ហើយក៏ជាឥស្សរជនជាន់ខ្ពស់ដ៏សំខាន់មួយរូបក្នុងការចរចារវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោននោះ បានថ្លែងថា «នៅក្នុងក្របខ័ណ្ឌនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី យើងក៏កំពុងពិនិត្យមើលគម្រោងមួយចំនួនផងដែរ រួមទាំងគម្រោងដែលពាក់ព័ន្ធទាំងប្រទេសចិន និងសហរដ្ឋអាមេរិក»។ ទោះយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ថា ជាគម្រោងអ្វីនោះទេ ៕
ចែករំលែកព័តមាននេះ