ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការងារធ្វើយុទ្ធនាការផ្សព្វផ្សាយ ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតវ័យក្មេង

1 ម៉ោង មុន

រាជធានីភ្នំពេញ៖ តាមរយៈកិច្ចសហការ រវាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងអាជ្ញាធរខេត្ត ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញ និងចុះអនុវត្តយុទ្ធនាការផ្សព្វផ្សាយដល់ទីតាំងសហគ្រាស និងក្រុមហ៊ុន ស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦» នៅតាមសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម ក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដោយផ្តោតសំខាន់លើច្បាប់ស្តីពីការងារ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទៅនឹងពលកម្មកុមារ ។

យុទ្ធនាការនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងអំពីពលកម្មកុមារ និងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៅក្នុងការទប់ស្កាត់ ក៏ដូចជាការរាយការណ៍ក្នុងករណី មានការសង្ស័យថាមានការប្រើប្រាស់ពលកម្មកុមារ ។ ជាមួយគ្នានេះដែរ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន សហគមន៍នៃសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម បន្តចូលរួមទប់ស្កាត់និងលុបបំបាត់រាល់ទម្រង់នៃទាសភាព ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងការងារប្រកបដោយគ្រោះថ្នាក់ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ទន្ទឹមនឹងនេះ ក្រសួងបានជំរុញដល់និយោជកទាំងអស់ ត្រូវចុះបញ្ជិកាសមាជិក ប.ស.ស. ដើម្បីធានានូវឧត្តមប្រយោជន៍នានា ជូនកម្មករនិយោជិតឱ្យបានគ្រប់ៗគ្នា និងបន្តជំរុញនិយោជកត្រូវចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម (LACMS) របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ក្នុងឱកាសនោះដែរ ក្រសួងក៏បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាប្តេជ្ញាបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងធ្វើការរាយការណ៍ឱ្យបានរហ័សតាមរយៈ Hotline ១២៩៧ ឬ ១២៨៦ ឬប្រអប់បណ្តឹងអនាមិក ក្នុងករណីមានការប្រើប្រាស់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដើម្បីឱ្យក្រសួងអាចចាត់វិធានការផ្លូវច្បាប់បានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់ ៕ អត្ថបទសហការ