ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​៖​ មន្ទីរ​ព័ត៌មាន​រាជធានី​-ខេត្ត​ទាំង​២៥ នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​គេហទំព័រ​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា​ ឆ្នាំ​២០២៦

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ មន្ទីរ​ព័ត៌មាន​រាជធានី​-ខេត្ត​ទាំង​២៥ នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​គេហទំព័រ​របស់​ខ្លួន​ ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៦ ក្រោយ​ពី​បាន​រៀបចំ និង​ទទួល​ការ​បណ្តុះ​ប​ណ្តា​ល​មួយ​រយៈ​នេះ ក្រោម​ការ​គាំទ្រ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័​ត៌ មានបាន​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គប​ណ្តុះ​បណ្តាល​ការ​ប្រើប្រាស់​និង​ការ​ការពារ​គេហទំព័រ ជូន​ដល់​មន្ត្រីរាជការ​នៃ​ក្រសួង​ព័ត៌មាន និង​មន្ទីរ​ព័ត៌មាន​ទាំង​២៥ រាជធានី​ខេត្ត​ កាលពី​​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​ថា​ ការ​រៀបចំ​ឱ្យ​មាន​គេហ​ទំព័រ​នៅ​តាម​ខេត្ត​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត​ទាំង​២៥ មាន​គោល​បំ​ណ​ង ​ដើម្បី​ឲ្យ​មន្ទីរ​ព័ត៌មាន​
នីមួយ​ៗ មាន​កន្លែង​សម្រាប់​ស្តុក​ទុក​ឯកសារ ព័ត៌មាន និង​ទិន្នន័យ​របស់​ខ្លួន ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​កសាង​ប្រព័ន្ធ​ទិន្នន័យ​ជាតិ​រួម ដើម្បី​ភ្ជាប់ និង​គ្រប់គ្រង​ព័ត៌មាន​ឲ្យ​មាន​ប្រសិទ្ធភាព និង​ងាយស្រួល​ប្រើប្រាស់​នៅ​ទូ​ទាំង​ប្រទេស ​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ ការ​រៀបចំ​គេហទំព័រ សម្រាប់​មន្ទីរ​ព័ត៌មាន គឺជា​ជំហាន​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ ឲ្យ​មាន​ភាព​ទាន់សម័យ រហ័ស និង​មាន​ប្រ​សិទ្ធ​ភាព​។ គេហទំព័រ​ទាំងនេះ នឹង​ក្លាយជា​វេទិកា​ផ្លូវការ​សម្រាប់​ផ្សព្វ​ផ្សាយ​ព័ត៌មាន សេចក្ដីជូនដំណឹង សកម្មភាព​ការងារ និង​សេវា​សាធារណៈ​ផ្សេង​ៗ​ដល់​ប្រជា​ពលរដ្ឋ​បាន​យ៉ាង​ឆាប់រហ័ស និង​ទូលំទូលាយ​។

ឯក​ឧត្ត​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា មន្ទីរ​ព័ត៌មាន​ទាំងអស់​ ត្រូវ​តែ​រៀបចំ​គេហទំព័រ​រឹង​មាំ​ដើម្បី​បង្កើត​ទិន្នន័យ​នៅ​លើ​វេទិកា​ឌី​ជី​ថ​ល ព្រោះ​គេហទំព័រ​បម្រើ​ជា​ឃ្លាំង​ទិន្នន័យ​សំខាន់​ៗ​សម្រាប់​ព័ត៌មាន​ផ្លូវការ និង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​សុវត្ថិភាព និង​ភាព​ងាយស្រួល​នៃ​ការ​ផ្ទុក​ទិន្នន័យ​។

កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ពង្រឹង និង​ពង្រីក​ការងារ​ឲ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន និង​មន្ទីរ​ព័ត៌មាន​រាជធានី-ខេត្ត ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដែល​ទុកចិត្ត​បាន​ដល់​សាធារណៈជន​ទាន់​ពេលវេលា ​។

ឯកឧត្តម​ថា​ កិច្ចការ​ដែល​ក្រសួង​ព័ត៌មាន​កំពុង​ធ្វើ​នេះ ក៏​ជា​ការ​រួមចំណែក​អនុវត្ត​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល និង​ការ​កែទម្រង់​វិស័យ​ព័ត៌មាន​ឲ្យ​ស្រប តាម​បរិបទ​បច្ចេកវិទ្យា​សម័យ​ថ្មី ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ប្រ​សិ​ទ្ធ​ភាព និង​ទំនុកចិត្ត​ខ្ពស់ ​៕