ថៃ ៖ អគ្គនាយកដ្ឋានគយចិន ប្រកាសហាមឃាត់ការនាំចូលជើងមាន់ពីប្រទេសថៃ ក្រោយបែកធ្លាយល្បិចលួចបន្លំសិទ្ធិទ្រង់ទ្រាយធំ នាំឱ្យភាគីថៃខាតបង់លុយជិត១ ពាន់លានដុល្លារអាមេរិក ។
សារព័ត៌មាន Thai Enquirer បានចេញផ្សាយព័ត៌មានដ៏កក្រើកមួយ នៅក្នុងប្រទេសថៃ ដោយប្រកាសថា អាជ្ញាធរគយចិន (GACC) បានសម្រេចដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដោយប្រកាសដាក់ក្រុមហ៊ុន និងរោងចក្រកែច្នៃសាច់មាន់របស់ថៃចំនួន១៧ ចូលក្នុងបញ្ជីខ្មៅ (Blacklist) ភ្លាមៗ ។ វិធានការក្តៅនេះ ធ្វើឡើងក្រោយពីភាគីថៃបណ្តោយឱ្យមានក្រុមមេខ្យល់ងងឹតលួចបន្លំសិទ្ធិនាំចូលជើងមាន់ខុសច្បាប់ឆ្លងដែន ទៅលក់នៅប្រទេសចិន បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ គិតជាទឹកប្រាក់ជាង៣០,០០០ លានបាត ឬស្មើនឹងប្រហែល៨៧០ លានដុល្លារអាមេរិក ។
បញ្ហាដ៏រសើបដែលប៉ះពាល់ដល់មុខមាត់ និងសេដ្ឋកិច្ចជាតិថៃខាងលើនេះត្រូវបានទម្លាយចេញដោយ លោក និខុម ប៊ុនវិសេស (Nikom Boonvisat) អតីតសមាជិកសភាមកពីគណបក្សភឿថៃ នៅពេលដែលលោកបានដឹកនាំក្រុមអ្នកជំនួញថៃក្នុងវិស័យនេះទៅដាក់ញត្តិបន្ទាន់ដើម្បីជម្រុញឱ្យលោក សុរិយៈ ជឹងរុងរឿងកិច្ច រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ ពន្លឿនការស៊ើបអង្កេតវែកមុខចាប់ខ្លួនក្រុមជនល្មើសក្រៅច្បាប់ ។
កាលពីថ្ងៃទី១៨ ឧសភា លោក និខុម ប៊ុនវិសេស បានចេញមកលាតត្រដាងព័ត៌មានស៊ីជម្រៅ ក្រោយពីទទួលបានការប្តឹងតវ៉ាយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមម្ចាស់រោងចក្រកែច្នៃសាច់មាន់ជាច្រើននៅក្នុងប្រទេសថៃ ដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ មិនអាចនាំចេញផលិតផលជើងមាន់ទៅកាន់ប្រទេសចិនបាន ។
មូលហេតុចម្បង គឺដោយសារតែមួយរយៈពេលកន្លងមកនេះ មានបណ្តាញអ្នករកស៊ីខុសច្បាប់ បានលួចបន្លំសិទ្ធិរបស់សហគ្រិនទាំងនោះ ដោយលួចនាំចូលជើងមាន់ពីបរទេស រួចយកមកបន្លំធ្វើជាទំនិញរបស់ថៃ ដើម្បីនាំចេញទៅលក់នៅប្រទេសចិនជំនួសសហគ្រិនពិតប្រាកដ ដែលប្រកបអាជីវកម្មត្រឹមត្រូវតាមច្បាប់ ។
ទង្វើបន្លំភ្នែកបែបនេះ បានបង្កើតជាការមិនពេញចិត្តយ៉ាងខ្លាំងដល់អាជ្ញាធរចិន រហូតឈានដល់ការបញ្ជូនក្រុមការងារមកស៊ើបអង្កេតជាសម្ងាត់ និងបានរកឃើញភាពមិនប្រក្រតី ដោយសារតែចំនួនជើងមាន់ដែលប្រទេសថៃនាំចេញទៅចិន មានតួលេខហក់ឡើងខ្ពស់ខុសប្រក្រតី ហួសពីកម្រិតកំណត់ និងសមត្ថភាពផលិតជាក់ស្តែងរបស់រោងចក្រនៅក្នុងប្រទេសថៃ ។
ជាលទ្ធផល ថ្មីៗនេះ អគ្គនាយកដ្ឋានគយនៃសាធារណរដ្ឋប្រជាមានិតចិន ហៅកាត់ថា GACC បានប្រកាសប្រើប្រាស់វិធានការដាច់ខាត ដោយបញ្ជាផ្អាក និងដាក់ក្រុមហ៊ុនថៃចំនួន១៧ ក្រុមហ៊ុន ក្នុងចំណោមសរុប២២ ក្រុមហ៊ុន ចូលក្នុងបញ្ជីខ្មៅភ្លាមៗ ។
អ្វីដែលអាក្រក់ជាងនេះទៅទៀត GACC ក៏បានផ្ញើលិខិតព្រមានលើកទី៤ មកកាន់នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃ ដើម្បីរិះគន់ចំពោះការព្រងើយកន្តើយរបស់ភាគីថៃ ដែលបណ្តោយឱ្យបញ្ហានេះអូសបន្លាយតាំងពីខែកក្កដា ឆ្នាំ២០២៥ ដែលវាអាចនឹងរីករាលដាលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងធ្វើឱ្យធ្លាក់ចុះនូវទំនុកចិត្តលើទំនិញនាំចេញប្រភេទផ្សេងៗទៀតរបស់ថៃផងដែរ ។
អតីតសមាជិកសភាថៃ រូបនេះបានថ្លែងសង្កត់ធ្ងន់បន្តទៀតថា ៖ «ពេលនេះ ក្រុមសហគ្រិនថៃ កំពុងរងទុក្ខវេទនាដល់កម្រិតបំផុត ទើបបានដាក់លិខិតបន្ទាន់ ជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីស្នើសុំជំនួយឱ្យរាជរដ្ឋាភិបាលពន្លឿនការស៊ើបអង្កេត និងបង្ក្រាបក្រុម មេខ្យល់ងងឹត ដែលនៅពីក្រោយការលួចបន្លំសិទ្ធិនាំចូលជើងមាន់ខុសច្បាប់។» ដោយសារតែក្នុងរយៈពេល១០ ខែកន្លងមកនេះ ចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិមុន រហូតមកដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន រឿងនេះបែរជាមិនទទួលបានការយកចិត្តទុកដាក់ ឬការឆ្លើយតបពីអង្គភាពដែលទទួលខុសត្រូវទាល់តែសោះ ។ ប្រសិនបើបណ្តោយទុកចោលបែបនេះ ក្រុមហ៊ុនទាំង ១៧ ដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ អាចនឹងត្រូវបង្ខំចិត្តបិទអាជីវកម្ម ឬកាត់បន្ថយទំហំរោងចក្រចុះ ដែលនឹងបង្កើតជាផលប៉ះពាល់បន្តបន្ទាប់ជាខ្សែច្រវាក់ធ្វើឱ្យពលករថៃជាច្រើនម៉ឺននាក់ត្រូវធ្លាក់ខ្លួនអត់ការងារធ្វើភ្លាមៗ ៕
ចែករំលែកព័តមាននេះ