ឡានក្រុងមួយគ្រឿងដឹកអ្នកដំណើរពេលយប់ ជួបគ្រោះថ្នា.ក់តាមផ្លូវ នៅស្រុកពេជ្រាដា
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងមួយ បានកើតឡើងកាលពីវេលាម៉ោង ២២:៤០ នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្បែរស្នាក់ការសន្តិសុខ៧៦២ ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុន «វីរៈ ប៊ុនថាំ» ម៉ាក ហ៊ីយ៉ាន់ដាយ (Hyundai) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-8636 បើកបរដោយបុរសម្នាក់ឈ្មោះ ហ៊ុច រម្នី អាយុ ៤៥ឆ្នាំ ក្នុងទិសដៅធ្វើដំណើរចេញពីខេត្តរតនគិរី ឆ្ពោះទៅកាន់រាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តថា មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់នេះ គឺដោយសារតែរថយន្តជួបបញ្ហាបច្ចេកទេស (ហ្វាំងជាន់មិនស៊ី) ទើបធ្វើឱ្យអ្នកបើកបរមិនអាចគ្រប់គ្រងល្បឿនបាន ក៏ជ្រុលហួសផ្លូវទៅមុខលែងរួចតែម្តង។
ទោះជាយ៉ាងណាក៏ដោយ ក្នុងហេតុការណ៍នេះ ទាំងអ្នកបើកបរ និងអ្នកដំណើរទាំងអស់ដែលនៅក្នុងរថយន្ត ពុំមាននរណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ និងសម្របសម្រួលនៅទីតាំងកើតហេតុ ដើម្បីចៀសវាងការស្ទះចរាចរណ៍ និងជួយដល់អ្នកដំណើរផងដែរ៕
ចែករំលែកព័តមាននេះ