ខេត្តកំពត ៖ ក្រុមចោរ៣នាក់ប្រដាប់ដោយកាំភ្លើងអាកា២ដើម និងពូថៅ១ បានចេញប្លន់នៅតាមលំនៅឋានប្រជាពលរដ្ឋ ប៉ុន្តែបែកការណ៍ក៏ត្រូវប៉ូលិសហ៊ុមព័ទ្ធជាប់ ហើយបានបាញ់តបតគ្នាទៅវិញទៅមក បណ្តាលឱ្យប្រជាពលរដ្ឋស្លាប់ជាបន្តបន្ទាប់២នាក់ និងរងរបួស២នាក់ក្នុងចំណោម៨នាក់ ខណៈចោរចាប់ធ្វើចំណាប់ខ្មាំង ហើយក្រោយមកប៉ូលិសចាប់បានចោរម្នាក់ បន្ទាប់ពីបាញ់ឱ្យរងរបួស ចំណែក២នាក់ទៀតបានរត់គេចខ្លួន។
ជាការពិតណាស់ ក្រុមចោរទាំង៣នាក់នេះ បានរៀបគម្រោងចេញប្លន់កាលពីវេលាម៉ោង២រសៀលថ្ងៃទី២ សីហា ២០១១ ម៉្លេះ ប៉ុន្តែដោយប្រជាពលរដ្ឋមើលឃើញសកម្មភាពរបស់ពួកគេមិនស្រួល ព្រោះ មានកាំភ្លើងលាក់ទុកក្នុងបាវ ក៏រាយការណ៍ជូនសមត្ថកិច្ច។ រហូតដល់វេលាម៉ោង៤រសៀលថ្ងៃទី២ សីហា ២០១១ ប៉ូលិសក៏ទៅរាយកម្លាំងហ៊ុមព័ទ្ធពួកចោរដែលកំពុងបង្ហាញខ្លួននៅក្នុងភូមិអង្គរំពាក់ ឃុំដំណាក់សុក្រំ ស្រុកដងទង់ ហើយពេលនោះចោរបានរត់គេចខ្លួនចេញពីចំណុចមួយទៅចំណុចមួយ ដោយពួកគេបានស្រាយបាវយកកាំភ្លើងអាកា២ដើម និងពូថៅ១ ចេញមកបាញ់តបតជាមួយប៉ូលិសយ៉ាងចាស់ដៃ និងកៀងប្រជាពលរដ្ឋឱ្យទៅជាមួយពួកគេផងដែរ។
លុះទៅដល់ផ្ទះមួយ ពួកចោរបានចាប់ម្ចាស់ផ្ទះ២-៣នាក់ថែមទៀត ធ្វើជាចំណាប់ខ្មាំង សរុបទៅគឺចំនួន៨នាក់ ស្ថិតក្នុងកណ្តាប់ដៃចោរ ចំណែកប៉ូលិសបានធ្វើការហ៊ុមព័ទ្ធកាន់តែតឹងរ៉ឹងខ្លាំងទៅៗ គឺប៉ូលិសស្រុកដងទង់ និងស្រុកឈូក បានសហការគ្នាតាមហ៊ុមព័ទ្ធពួកចោរយ៉ាងស្អិត ។ ពេលនោះគេឮស្នូរកាំភ្លើងបាញ់តបតគ្នានៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២ សីហា ២០១១ ខណៈដែលចោរត្រូវព័ទ្ធជាប់ ហើយពួកគេបានយកប្រជាពលរដ្ឋ៨នាក់ធ្វើជាចំណាប់ខ្មាំងគំរាមប៉ូលិសជាថ្នូរនឹងការបើកផ្លូវឱ្យពួគេរត់ បើមិនដូច្នេះទេ ពួកគេនឹងបាញ់សម្លាប់។
ប្រជាពលរដ្ឋដែលស្ថិតក្នុងកណ្តាប់ដៃចោរ៨នាក់នោះមានក្មេងចាស់ប្រុសស្រី ហើយការបាញ់តបតគ្នាទៅវិញទៅមករវាងប៉ូលិស និងក្រុមចោរក៏បានបណ្តាលឱ្យចំណាប់ខ្មាំងស្លាប់២នាក់ និងរងរបួស២នាក់ ដែលគេមិនដឹងថា ជាការបាញ់សម្លាប់របស់ក្រុមចោរ ឬត្រូវគ្រាប់កាំភ្លើងរបស់ប៉ូលិស ខណៈបាញ់ប្រយុទ្ធជាមួយចោរ ចំណែកបក្សពួកចោរម្នាក់បានរងរបួសផងដែរ។ តាមសាក្សីនៅក្នុងភូមិកើតហេតុបានឱ្យដឹងថា អ្នកដែលស្លាប់ និងរបួសនោះ គឺត្រូវគ្រាប់កាំភ្លើងរបស់ប៉ូលិសពេលបាញ់សំដៅចោរ ប៉ុន្តែលោកស្នងការខេត្តថ្លាង ភីរិន្ទ បានបដិសេធថា មិនមែនស្លាប់ និងរងរបួសដោយគ្រាប់កាំភ្លើងប៉ូលិសទេ គឺគ្រាប់កាំភ្លើងចោរ។
អ្នកដែលស្លាប់ក្នុងហេតុការណ៍នេះ មាន ១-លោកយាយសៅ ថុន អាយុ៨៤ឆ្នាំ ២-ក្មេងស្រីម៉េត ចាន់ណា អាយុ៦ឆ្នាំ ចំណែកអ្នករងរបួស ១-ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ អស់ស្គាល់ឈ្មោះ រងរបួសបញ្ឆិតដៃឆ្វេងស្រាល ២-ស្ត្រីឈ្មោះកិន ស៊ូន អាយុ៣៥ឆ្នាំ រងរបួសដើមដៃស្តាំ ។ ការហ៊ុមព័ទ្ធរបស់ប៉ូលិសបានអូសបន្លាយរហូតដល់ម៉ោង១០យប់ថ្ងៃដដែល ស្បៃរាត្រីបានទម្លាក់វាំងនន ធ្វើឱ្យពិភពមួយចំហៀងទ្វីបនេះក្រាលគ្របទៅដោយភាពងងឹតសូន្យសុង រកមើលអ្វីចាក់ភ្នែកមិនយល់…ជាមួយនេះ ក្រុមចោរ២នាក់បានភៀសគេចខ្លួនចេញទៅបាត់ស្រមោល បន្សល់ទុកបក្សពួកគេម្នាក់ដែលរងរបួសឱ្យភ្ជង់ចំណាប់ខ្មាំង ដើម្បីគំរាមបើកផ្លូវគេចខ្លួន ប៉ុន្តែទៅមិនរួចទេ ដោយសារតែចោរនោះចាញ់បោកប្រជាពលរដ្ឋក៏ប្រវាយប្រតប់បោកចំបាប់គ្នាននះននៀលពេញស្រែ ហើយពេលនោះប្រជាពលរដ្ឋក៏ស្រែកប្រាប់ប៉ូលិសថា ចាប់បានចោរហើយ! ទើបប៉ូលិសស្ទុះចូលទៅ ហើយក្របួចចោរម្នាក់នោះជាប់តែម្តង។
ជនជាប់សង្ស័យដែលចាប់បានម្នាក់នេះឈ្មោះឆាង ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិថ្នល់ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋានប៉ូលិសខេត្ត ហើយកំពុងស្ថិតក្នុងការសួរនាំ ដើម្បីស្វែងរកមុខសញ្ញាបន្តទៀត។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេល ក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ