ភូមិគ្រឹះដ៍ស្កឹមស្កៃរំលោ.ភលើដីច្រាំងទន្លេនៅបាក់ខែង ចេញបញ្ជាឱ្យវា.យចោល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែង ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ កំពុងតែសាងសង់រំលោភលើដីច្រាំងទន្លេ និងក្នុងផ្ទៃទន្លេត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតជម្រាបទៅអភិបាលខណ្ឌជ្រោយចង្វារ ដើម្បីមានវិធានការដោយអោយកំណត់ឱសានវាទឱ្យម្ចាស់សំណង់ធ្វើការរុះរើសំណង់ដែលបានសាងសង់រំលោភលើដីច្រាំងទន្លេ និង សំណង់ក្នុងផ្ទៃទន្លេ ឱ្យបានច្បាស់លាស់ ព្រមទាំងតាមដានការអនុវត្តរបស់ម្ចាស់សំណង់ ចំពោះការអនុវត្តសេចក្តីណែនាំរបស់រដ្ឋបាលខណ្ឌ និងរាយការណ៍ ពីលទ្ធផលមករដ្ឋបាលរាជធានីភ្នំពេញវិញ បញ្ជាឱ្យរុះរើដូចឱ្យវាយចោលដែរ ។
តាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ០៦៧/២៦ ឆត.រ ចុះថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ ដែលបានជម្រាបមកលោកអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារបានអោយដឹងថា ចំពោះសំណង់ ភូមិគ្រឹះរបស់ លោក ឈុន លឹម ដែលបានសាងសង់ដោយគ្មានលិខិតអនុញ្ញាតសាងសង់ មានទីតាំងស្ថិតនៅភូមិ ចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នោះ សូមលោកអភិបាលអនុវត្តដូចខាងក្រោម៖ ១- ត្រូវកំណត់ឱសានវាទឱ្យម្ចាស់សំណង់ធ្វើការរុះរើសំណង់ដែលបានសាងសង់រំលោភលើដីច្រាំងទន្លេ និងសំណង់ក្នុងផ្ទៃទន្លេ ឱ្យបានច្បាស់លាស់ ។ ២- តាមដានការអនុវត្តរបស់ម្ចាស់សំណង់ ចំពោះការអនុវត្តសេចក្តីណែនាំរបស់រដ្ឋបាលខណ្ឌ និងរាយការណ៍ ពីលទ្ធផលមករដ្ឋបាលរាជធានីភ្នំពេញវិញ ។
លោក ឃ្លាំង ហួត អភិបាលរងនៃរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមឲ្យដឹងថា ជម្រាបជូនលោក ឈុន លីម ម្ចាស់សំណង់ភូមិគ្រឹះ ដែលមានទីតាំងស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតលេខ០៦៧/២៦ ឆត.រ ចុះថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ ដោយឱ្យរដ្ឋបាលខណ្ឌជ្រោយចង្វារកំណត់ឱសានវាទឱ្យលោកធ្វើការរុះរើសំណង់ដែលលោកបានសាងសង់រំលោភលើដីច្រាំងទន្លេ និងក្នុងផ្ទៃទន្លេ ចេញវិញ ។
លោក ឃ្លាំង ហួត ក៏បានឲ្យដឹងទៀតថា ខ្ញុំមិនដឹងថា លោកបានទទួលការណែនាំពីរដ្ឋបាលខណ្ឌជ្រោយចង្វារហើយ ឬនៅនោះទេ? ក៏ប៉ុន្តែបច្ចុប្បន្នក្រុមការងារសំណង់រាជធានីភ្នំពេញពិនិត្យឃើញថា លោកមិនត្រឹមតែមិនព្រមរុះរើសំណង់ទេ តែថែមទាំងបានបន្តសកម្មភាពសាងសង់សំណង់នេះបន្ថែមទៀតផង ។ សង្ឃឹមថា លោកនឹងគោរព និងអនុវត្តតាមខ្លឹមសារលិខិតខាងលើ ហើយរុះរើសំណង់របស់លោកចេញជាបន្ទាន់ ហើយត្រូវអនុវត្តឱ្យបាននូវច្បាប់ស្តីពីសំណង់ និងច្បាប់ស្ដីពីការគ្រប់គ្រងច្រាំងទន្លេ និងទន្លេជាធរមាន ។
បើតាមគំនូសប្លង់ទ្រង់ទ្រាយដីភូមិគ្រឹះរបស់ឈ្មោះ ឈុន លឹម សាងសង់ ដីកម្មសិទ្ទិរបស់លោកចំនួន៣៣៦ម៉ែត្រការ៉េតែលោក ឈុន លឹមបានសាងសង់រំលោភ លើដីច្រាំងទន្លេ និងរំលោភក្នុងផ្ទៃទន្លេប្រវែង ៤៤.៦០ម៉ែត្រ ដែលក្នុងនោះរំលោភបរិវេណចំណីទន្លេចំនួន ២០ម៉ែត្រ និងរំលោភ ផ្ទៃទន្លេប្រវែង ២៤.៦០ម៉ែត្រពិតជាមិនធម្មតា ៕
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព










ចែករំលែកព័តមាននេះ