ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​កំព្រា​បះ​បោរ​ក្នុង​មណ្ឌល​មូល​និធិ​ក្តី​សង្ឃឹម​នៃ​កុមារ​កម្ពុជា

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ក្រុម​កុមារ​កំព្រា​ប្រហែល​ជាង​១០០​នាក់​នៅ​ក្នុង​មណ្ឌល​មូល​និធិ​ក្តី​ សង្ឃឹម​នៃ​កុមារ​កម្ពុជា​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ភូមិ​រំចេក​២ សង្កាត់​រតនៈ​ ក្រុង​បាត់​ដំបង​បាន​បះ​បោរ​​ពេញ​បរិវេណ​នៃ​មណ្ឌល​ដោយ​​មាន​លើក​បដា​ពាក្យ​ ស្លោក​ផង​ កាល​ពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២ សីហា​ ដើម្បី​ប្រឆាំង​​

ខេត្ត​បាត់​ដំបង​ ៖ ក្រុម​កុមារ​កំព្រា​ប្រហែល​ជាង​១០០​នាក់​នៅ​ក្នុង​មណ្ឌល​មូល​និធិ​ក្តី​សង្ឃឹម​នៃ​កុមារ​កម្ពុជា​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ភូមិ​រំចេក​២ សង្កាត់​រតនៈ​ ក្រុង​បាត់​ដំបង​បាន​បះ​បោរ​​ពេញ​បរិវេណ​នៃ​មណ្ឌល​ដោយ​​មាន​លើក​បដា​ពាក្យ​ស្លោក​ផង​ កាល​ពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២ សីហា​ ដើម្បី​ប្រឆាំង​​ទៅ​នឹង​អ្វី​​ដែល​ពួក​គេ​និយាយ​ថា ជាការ​បិទ​សិទ្ធិ​សេរី​ភាពកុមារ​ និង​​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ពី​​ប្រធាន​មណ្ឌល​ និង​មន្ត្រី​ក្រោម​ឱវាទ​ដែល​ជា​សាច់​ញាតិ​នឹង​គ្នា​។

បាតុ​កម្ម​តវ៉ា​របស់​ក្រុម​កុមារ​កំព្រា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ​​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​សមត្ថ​កិច្ច​ និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​នានា​ ជា​ពិសេស​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​នានា​ក្នុង​ខេត្ត​បាត់​ដំបង​។ សំឡេង​ស្រែក​កង​រំពង​ពេញ​បរិវេណ​​នៃ​មណ្ឌល​​​​ដោយ​មាន​លើក​បដា​ព្រោង​ព្រាត​ផង​​ ខណៈ​ដែល​ទ្វារ​របង​ត្រូវ​បាន​បិទ​ជិត​ និង​អម​ដោយ​ឆ្មាំ​សន្តិ​សុខ​យ៉ាង​រឹង​មាំ​។ គេ​​ឃើញ​ក្រុម​កុមារ​ត្រេក​អរ​យ៉ាង​ខ្លាំង​ពេល​ដែល​ឃើញ​ក្រុម​​សមត្ថ​កិច្ច​ទៅ​ដល់​​រួមទាំង​មាន​វត្ត​មាន​ក្រុម​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​ផង​។ ពួក​គេ​​បាន​រត់​សំដៅ​ទៅ​រក​សមត្ថ​កិច្ច​ និង​មន្ត្រី​អង្គ​ការ ក្នុង​ទឹក​មុខ​ញញឹម​រាក់​ទាក់​ដែល​មើល​ទៅ​ទំនង​ពួក​គេ​ខក​ខាន​ញញឹម​ជា​យូរ​មក​ហើយ។ ជាមួយ​គ្នា​នេះ​គេ​ឃើញ​កុមារ​តូចៗ​បាន​ប្រជ្រៀ​ត​គ្នា​ណែន​ណាន់​តាន់​តាប់​ដើម្បី​សុំ​បញ្ចេញ​យោបល់​ដែល​ពួក​គេ​យល់​ថា ជា​អំពើ​អយុត្តិ​ធម៌​សម្រាប់​ពួក​គេ​ប្រាប់​ទៅ​សមត្ថកិច្ច​ មន្ត្រីសិទ្ធិ​មនុស្ស​ និង​អ្នក​កាសែត។

កុមារី​បួន បូរី អាយុ​១២​ឆ្នាំ និយាយ​ថា នាង​មក​រស់​នៅ​ក្នុង​មណ្ឌលនេះ​រយៈ​ពេល​ជាង​៣​ឆ្នាំ​​មក​​ហើយ។ ពួកនាង​​លើក​បដា​តវ៉ា​​នេះ​គឺ​​ប្រឆាំង​​នឹង​ប្រធាន​មណ្ឌល​​ដែល​លួច​កិប​កេង​លុយ​របស់​​កុមារ​កំព្រា​ និង​បិទ​សិទ្ធិ​សេរី​ភាព​កុមារ​ ។

រី​ឯ​នាង​ វិទូ ស្រី​ដាំ​ អាយុ​១៤​ឆ្នាំ​ និយាយ​ថា ប្រធាន​មណ្ឌល​ឈ្មោះ​ឌី សំរេច​ ភេទស្រី​ បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ចំពោះ​សិទ្ធិ​សេរី​ភាព​កុមារ​ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។ ពេល​មាន​ការ​ឧបត្ថម្ភ​សម្លៀក​បំពាក់​ ឬ​ស្បែក​ជើង​ពី​ប្រទេស​អូស្ត្រាលី​ ប្រធាន​មណ្ឌល​បាន​ឱ្យ​ពួក​​នាង​ជញ្ជូន​​ស្បែក​ជើង​ ឬ​សម្លៀក​បំពាក់​ល្អ​ៗ​ទៅ​ទុក​ក្នុង​រថ​យន្ត​របស់​គាត់​​រួច​យក​របស់​អន់ៗ​មក​ចែក​ឱ្យ​កុមារ​កំព្រា​​​ ។ ​លើស​ពី​នេះ​ទៀត​ប្រធាន​ផ្នែក​គណ​នេយ្យ​ឈ្មោះ​លាង ស៊ីថារ័ត្ន​ ភេទស្រី បាន​កាត់​ប្រាក់​ខែ​ពួក​នាង​ស្ទើរ​ពាក់​កណ្តាល​ជា​ប្រចាំ​ដោយមិន​​បញ្ជាក់​ពី​មូល​ហេតុ​ឡើយ​ ហើយ​សូម្បី​តែ​អាហារ​ក៏​មិន​ឱ្យ​ហូប​គ្រប់​គ្រាន​ដែរ​។

យុវ​ជន​ឈ្មោះ​យ៉ត ប៊ុន​ឡាយ អាយុ​១៨​ឆ្នាំ​ ​បញ្ជាក់​ប្រាប់​​ថា ប្រធាន​មណ្ឌលតែង​តែ​​ព្រមាន​​ជា​ប្រចាំ​ថា នឹង​បណ្តេញ​ចេញ​ពី​មណ្ឌល​បើ​អ្នក​ណា​ហ៊ាន​តវ៉ា​ប្រឆាំង ឬ​មិន​ស្តាប់​ការ​ណែ​នាំ​។ កុមារ​តូចៗ​ដែល​មិន​ស្តាប់​បង្គាប់​ត្រូវ​គេ​យក​ទៅ​បង្ខាំង​ទុក​ក្នុង​បន្ទប់​អគារ​ តែ​មិន​​ធ្វើ​ទារុណ​កម្ម​ទេ​។

ខណៈ​​​កុមារ​តូចៗ​កំពុង​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​កាសែត​ និង​សមត្ថ​កិច្ច​ គេ​ឃើញ​បុរស​ជន​ជាតិ​ហ្វ៊ីលី​ពីន​ម្នាក់​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​មណ្ឌល​នេះ​ដែរ​បាន​ចាប់​អូស​ដៃ​ពួក​គេ​ចេញ​​មិន​ឱ្យ​ផ្តល់​ព័ត៌​មាន​ដល់​អ្នក​កាសែត​ឡើយ តែ​កុមារ​តូចៗ​ទាំង​នោះ​​ព្យាយាម​រត់​គេច​ ហើយ​និយាយ​រឿង​អាស្រូវ​នេះ​ដដែល​។

ពួក​កុមារ​កំព្រា​ទាំង​នោះ​បាន​សំណូម​ពរយ៉ាង​ទទូច​ដល់​​សមត្ថ​កិច្ច ឬ​អាជ្ញា​ធរ ឬ​មន្ត្រី ការ​ពារ​សិទ្ធិ​មនុស្ស​​ឱ្យ​ជួយ​ធ្វើ​យ៉ាង​ណា​ដក​ប្រធាន​មណ្ឌល​​ចេញ និង​ដក​ប្រធាន​ផ្នែកគណនេយ្យ​​ផង​ ព្រោះ​អ្នក​ទាំង​២​ជា​បង​ប្អូន​ថ្លៃ​នឹង​គ្នា ។ ម្យ៉ាង​ទៀត​ជួយ​ការ​ពារ​សិទ្ធិ​របស់​ពួក​គេ​ផង​ ព្រោះ​កំពុង​ប្រឈម​មុខនឹង​ការ​បណ្តេញ​ចេញ​ពី​មណ្ឌល​ ហើយ​អាច​ធ្វើ​ឱ្យ​ពួក​គេ​គ្មាន​កន្លែង​សិក្សា​ឡើយ។

ប្រធាន​អង្គ​ការ​មូល​និធិ​ក្តី​សង្ឃឹម​នៃ​កុមារ​កម្ពុជា​ លោក​ស្រី​ ឌី សំរេច មិន​អាច​សុំ​ការ​បំភ្លឺ​​បាន​ទេកាល​ពី​ព្រឹក​ថ្ងៃ​ទី​២ សីហា ដោយ​ទូរស័ព្ទ​ចូល​ច្រើន​លើក​ច្រើន​សា​ តែ​គ្មាន​អ្នក​ទទួល។​ រី​ឯ​លោកស្រី​ លាង​ ស៊ីថារ័ត្ន ប្រធាន​ផ្នែក​គណ​នេយ្យ​នៃ​អង្គការ​​នេះ​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​កុមារ​កំព្រា​ដែរ​នោះ​បាន​ឆ្លើយ​ប្រាប់​តាម​ទូរ​ស័ព្ទ​យ៉ាង​ខ្លី​ថា «ខ្ញុំ​បាន​ដឹង​រឿង​នេះ តែ​ខ្ញុំ​សុំ​មិន​ឆ្លើយ​​ ព្រោះ​ខ្ញុំ​មាន​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​មណ្ឌល​​ហើយ​» ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ ​គាត់​មិន​ប្រាប់​ឈ្មោះ​អ្នក​ទទួល​ខុស​ត្រូវ​នោះ​ទេ។

លោក​ស៊ុន តឹក មន្ត្រី​សម្រប​សម្រួល​របស់​អង្គ​ការ​លី​កា​ដូ​ខេត្ត​បាត់​ដំបង​ដែល​បាន​ទៅ​កាន់​មណ្ឌល​នោះ​ដែរ​បាន​ថ្លែង​ថា វា​ជាការ​​ត្រឹម​ត្រូវ​ដែល​ពួក​កុមារ​កំព្រា​​លើក​បដា​តវ៉ា​​ទាម​ទារ​ ឬ​ប្រឆាំង​នូវ​អ្វី​ដែល​ពួកគេ​យល់​ថា អយុត្តិ​ធម៌​សម្រាប់​ពួក​គេ​ ប៉ុន្តែ​លោក​ថា នោះ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​អង្គ​ការ​​។

មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​ប្រាប់​ថា អង្គការ​នេះ​មាន​កុមារ​កំព្រា​សរុប​១១០​នាក់​ ប្រុស​៦១​នាក់​ ហើយ​មាន​អាយុ​ចាប់​ពី​១​ឆ្នាំ​​ដល់​២៣​ឆ្នាំ​។ លោក​បាន​ជួប​ជាមួយ​លោក​ភីត​ធឺ​បេត​ថ្លឺ​ ជន​ជាតិ​អូស្ត្រាលី​មាន​តួនាទី​ជាជំនួយ​ការ​តំណាង​មូល​និធិ​ក្នុង​ប្រទេស​នៃ​អង្គការ​នេះ​ ហើយ​លោក​ប្រាប់​ថា ក្រុម​ក្មេងៗ​ទាំង​នោះបាន​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​ប្រធាន​មណ្ឌល​ដែល​ទើប​ផ្លាស់​ប្តូរ​ថ្មី​នេះ។ លោក​នឹង​ដោះ​ស្រាយបញ្ហា​នេះ​ដោយស្នើ​ឱ្យ​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​ផ្អាក​​សកម្ម​ភាព​សិន​។

លោក​ស៊ុន​ តឹក​ និយាយ​ថា លោក​នឹង​ឃ្លាំមើល​សកម្ម​ភាព​របស់​អង្គ​ការ​នេះ​​បន្ត​ទៀត​​ពីព្រោះ​បើ​មាន​ការ​គាប​សង្កត់ ​បិទ​សិទ្ធិ​សេរី​ភាព​ ឬ​កេង​ប្រវ័ញ្ច​ប្រាក់​ខែ​របស់​កុមារ​កំព្រា​ដូច​ការ​លើក​ឡើង​របស់​ពួក​គេ​មែន លោក​យល់​ថា វា​ជា​អំពើ​ល្មើស​ច្បាប់​ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​បំផុត​ ដូច្នេះ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ត្រូវ​​តែ​ចាត់​​វិធាន​ការ ៕